Home ព័ត៌មានអន្តរជាតិ បាតុភូតចម្លែកនៅថៃ៖ ប្រទះឃើញរណ្ដៅដីស្រុតធំៗច្រើនកន្លែង សង្ស័យជាសញ្ញាព្រ.មាននៃអ្វីមួយ

បាតុភូតចម្លែកនៅថៃ៖ ប្រទះឃើញរណ្ដៅដីស្រុតធំៗច្រើនកន្លែង សង្ស័យជាសញ្ញាព្រ.មាននៃអ្វីមួយ

114
0

ផ្អើលពលរដ្ឋថៃលែងហ៊ានចុះធ្វើស្រែ ក្រោយប្រទះឃើញរណ្តៅដីស្រុតខ្នាតយក្សរហូតដល់ទៅ ៧កន្លែង បើកចំហរជ្រៅគួរឱ្យខ្លាចចំកណ្តាលដីស្រែក្នុងខេត្តខនកេន ខណៈអាជ្ញាធរបានប្រកាសដាក់តំបន់នោះស្ថិតក្នុងភាពប្រុងប្រយ័ត្នខ្ពស់ និងហាមឃាត់ការចូលទៅជិតជាដាច់ខាត។ តើនេះអាចជាសញ្ញាអ្វី? សំណួរ​នេះ កំពុងបង្កើតជាក្តីបារម្ភយ៉ាងខ្លាំងក្លាពីហានិភ័យនៃការបាក់ស្រុតដីដួលរលំជាបន្តបន្ទាប់ ដែលអាចរាលដាលដល់តំបន់លំនៅឋានរបស់ប្រជាពលរដ្ឋ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlhnu0XTB31VuQNFUEF1AR3ptAu3xgbVY1qT8Ka0KiCcby4KzFn1hZZy_tLdFE3b9bkGvhf3qoQYMBEuD3CcnJ_p_kkoRi-1hgPLEWmaOGRdUjwcd3DoGXIi_-EJG0T9aiR2dEIMIdXnzAm1mktbFBsGIyDyrXGbZEr6BIqVheCB6dfvI7mFeUm5jA6UM/s696/photo_2026-08-05_10-19-28.jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod គ្រោះធម្មជាតិដីស្រុតដ៏រន្ធត់នេះ ត្រូវបានរកឃើញ និងរាយការណ៍នៅក្នុងតំបន់កសិកម្មរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិ Ban Wang Charoen ឃុំ Huai Muang ស្រុក Phu Pha Man ខេត្តខុនកែន ប្រទេសថៃ។ ភ្លាមៗនោះ លោក Siwakorn Mitrat អភិបាលស្រុក Phu Pha Man បានចាត់តាំងមន្ត្រីជាន់ខ្ពស់រដ្ឋបាលស្រុក សហការជាមួយក្រុមការងារជំនាញភូគព្ភសាស្ត្រ ចុះទៅពិនិត្យមើលស្ថានភាពដីស្រុតជាក់ស្តែង ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ១២ គីឡូម៉ែត្រ ពីច្រាំងថ្មចោទភូផាម៉ាន និងមជ្ឈមណ្ឌលទីប្រជុំជនស្រុក។ ក្រុមការងារបានរកឃើញរណ្តៅដីស្រុតចុះក្រោមជារង្វង់មូលខ្នាតយក្ស និងមានជម្រៅជ្រៅគួរឱ្យខ្លាច ចំនួន ៧ រណ្តៅផ្សេងគ្នា ហើយដីរងគ្រោះនៅជុំវិញមាត់រណ្តៅទាំងនោះ នៅតែបន្តមានចលនាបម្រែបម្រួលដែលអាចនឹងបន្តបាក់ស្រុតរីកមាឌធំជាងនេះបន្ថែមទៀត។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgACiXsAgCdNp5ilRrfQMqKXGbYGcWQlI-S5Ny4fHzIma5WaclEvadv9aeBZOGlzyc1efXCa_BGMQ0ytZjfpfXeC2-XRSCJSADx8rOXSdwN9GizE56ch1d_LFsKTHSzaIXotHD4r9uRzEGeiLtXu0tyzGo9YHfzUl1kAnRaJ3ab-cKYUD3oqlmASbFiEHA/s696/photo_2026-08-05_10-19-28%20(2).jpg
ជុំវិញបាតុភូតដ៏ចម្លែកនេះ ក្រុមអ្នកជំនាញភូគព្ភសាស្ត្របានពន្យល់ថា វាអាចជាសញ្ញានៃការរលាយរូងថ្មកំបោរក្រោមដី ព្រោះភូមិសាស្ត្រតំបន់នោះមានស្រទាប់ក្រោមដីជាថ្មកំបោរ ដែលត្រូវបានទឹកភ្លៀងធ្លាក់បុកជាប់ៗគ្នាហូរជ្រាបចូលទៅរំលាយ បង្កើតបានជារូងឬប្រហោងដ៏ធំ។ នៅពេលដែលស្រទាប់ដីខាងលើទន់ជ្រាយ និងធ្ងន់ជាងមុនដោយសារជំនន់ទឹកភ្លៀង វាក៏បាក់ធ្លាក់ស្រុតចូលទៅក្នុងប្រហោងនោះភ្លាមៗតែម្តង។ ក្រៅពីនេះ វាក៏អាចជាសញ្ញានៃការប្រែប្រួលកម្រិតទឹកក្រោមដីយ៉ាងគំហុក ដោយសារការបូមប្រើប្រាស់ទឹកក្រោមដីច្រើនហួសប្រមាណ ដែលធ្វើឱ្យប្រហោងក្រោមដីបាត់បង់សម្ពាធទ្រទ្រង់ទម្ងន់ដីខាងលើ។ វត្តមានរណ្តៅរហូតដល់ទៅ ៧ កន្លែងក្នុងពេលតែមួយ គឺជាសញ្ញាព្រមានដ៏គ្រោះថ្នាក់ថា បណ្តាញប្រហោងក្រោមដីនៅក្នុងតំបន់នោះមានទំហំធំធេងណាស់ និងជាសញ្ញាដាស់តឿនឱ្យប្រជាកសិករផ្លាស់ប្តូរទម្លាប់បង្កបង្កើនផល ដោយហាមបើកបរគ្រឿងចក្រធំៗ ព្រោះទម្ងន់ធ្ងន់អាចជម្រុញឱ្យដីស្រុតបង្កើតជារណ្តៅថ្មីៗបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-henmGKriIw_II33rcyPV7-ZvcY3t9rl3z38BuKGliNbXSGJJcXFcc71qw1h2wPPFsobjHPqN5Ug7PygibJlssBW-mhpRDBNRt8J3Otx0a2UI3y2s85fROg2iTLxdr3S2tlPykvMqGDDDdXcnod0ztKRNwdVd1BGvnSN87NQ8bCt_nk__sRcWeaXkLLA/s696/photo_2026-08-05_10-19-28%20(3).jpg
បច្ចុប្បន្ន ក្រុមអ្នកជំនាញភូគព្ភសាស្ត្រថៃកំពុងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាដើម្បីស្កេនមើលរចនាសម្ព័ន្ធក្រោមដី ក្នុងបំណងស្វែងរកមូលហេតុពិតប្រាកដ និងវាយតម្លៃពីជម្រៅនៃការរីករាលដាល។ ហេតុការណ៍ចម្លែកនេះ មិនត្រឹមតែជាការព្រមានពីកម្លាំងបំផ្លិចបំផ្លាញនៃធម្មជាតិនោះទេ ប៉ុន្តែវាក៏ជាមេរៀនមួយដាស់តឿនដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ឱ្យបង្កើនការសិក្សាស្វែងយល់ពីភូមិសាស្ត្រដីធ្លីមុននឹងធ្វើការសាងសង់ ឬបង្កបង្កើនផល ដើម្បីកាត់បន្ថយការខូចខាតទ្រព្យសម្បត្តិ និងធានាបាននូវសុវត្ថិភាពខ្ពស់បំផុតជូនដល់សហគមន៍៕