Home ព័ត៌មានជាតិ មហាជននៅតែមិនអស់ចិត្ត រឿងប្រធានមណ្ឌលសិត្បូបំពា.នអ្នកជំងឺរួចដោះស្រាយត្រឹមបញ្ចប់តួនាទី

មហាជននៅតែមិនអស់ចិត្ត រឿងប្រធានមណ្ឌលសិត្បូបំពា.នអ្នកជំងឺរួចដោះស្រាយត្រឹមបញ្ចប់តួនាទី

113
0

រលកនៃការមិនពេញចិត្តពីសាធារណជនគឺនៅតែមាន បើទោះជារដ្ឋបាលខេត្តកណ្តាល បានសម្រេចបញ្ចប់ភារកិច្ច លោក ឈុន ផល្លី ពីតំណែងជាប្រធានមណ្ឌលសុខភាពសិត្បូ មកជាមន្ត្រីធម្មតាក៏ដោយ។ មហាជនយល់ថានេះជាទណ្ឌកម្មវិន័យដ៏ស្រាលបំផុត ខណៈមតិភាគច្រើននៅក្នុងបណ្ដាញសង្គមបានរួមសំឡេងគ្នាតវ៉ាយ៉ាងចាស់ដៃថា នេះមិនមែនជាការខុសបច្ចេកទេសសង្គ្រោះធម្មតាឡើយ ប៉ុន្តែវាជាអំពើអនាចារ និងការបំពានរាងកាយស្ត្រីអ្នកជំងឺពេញៗដៃ មិនអាចដោះស្រាយត្រឹមការសុំទោស​រួចខ្លួន ឬផ្ទេរការងារឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSQOqXRsUpqBdtEJQ1EQMO8E4vfX_PNqC-qDCNCJHj9dDPbC6UGV0xXtox3serDVCSgNpnv5tJ3pjF6DMYZ04x8hs44JDLoD9KkXMQCz6XbKCsSDbRBg1UDuTFmLshZdt3h3kF2jOEK3afQfVfxkl3vLYODXYvrT6daXed7F9GJwiGZLJIxu4Nfy2Gngk/s1165/photo_2026-08-05_09-04-43.jpg
យោងតាមដីកា ស្តីពីការបញ្ចប់ភារកិច្ចមន្ត្រីរាជការ ​របស់រដ្ឋបាលខេត្តកណ្តាល ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ បានសម្រេចបញ្ចប់ភារកិច្ច លោក ឈុន ផល្លី ​​​ពីតំណែងជាប្រធានមណ្ឌលសុខភាពសិត្បូ នៃរដ្ឋបាលក្រុងតាខ្មៅ ឱ្យមកជាមន្ត្រីបម្រើការងារធម្មតានៅមន្ទីរសុខាភិបាលខេត្តកណ្តាលវិញ។ សេចក្តីសម្រេចគតិយុត្តិនេះ ត្រូវបានធ្វើឡើងជាបន្ទាន់ ក្រោយពេលអាជ្ញាធរជំនាញបានរកឃើញកំហុសឆ្គងបច្ចេកទេសជាក់ស្តែង ក្នុងការផ្តល់ការសង្គ្រោះបឋម (CPR) មិនត្រឹមត្រូវតាមក្រមសីលធម៌ និងស្តង់ដារវេជ្ជសាស្ត្រ ទៅលើអ្នកជំងឺស្រីវ័យក្មេងម្នាក់ ក្នុងពេលបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ ដែលបង្កឱ្យមានការផ្ទុះការរិះគន់យ៉ាងខ្លាំងក្លាពេញប្រព័ន្ធអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGqk8-YAdJVN27KycXS2aMfNG2wHyCj8arAQVHy-YWRvgYc0eYTe7lFzcq-fjk_hdGbS_iTrkNki8GnaY8mCOwZa3AWGNmKDDmKiVzqob5-HRvPtNiNcdMbNN6oQDgPsgMHyAsi2gNA4fziSD8QKRz3ozCZbPSre8eVnM9Y8ki-K9jqGA6I0ZPkImK7Ww/s1280/photo_2026-08-05_09-04-44.jpg
ទោះជាយ៉ាងណា មហាជនភាគច្រើននៅតែយល់ឃើញថា វិធានការរដ្ឋបាលត្រឹមតែដកតំណែងពីប្រធានមណ្ឌលមកធ្វើជាមន្ត្រីធម្មតានេះ គឺស្រាលស្តើងពេកហើយ និងមិនទាន់ស័ក្តិសមទៅនឹងទង្វើអសីលធម៌ដែលបុគ្គលរូបនេះបានប្រព្រឹត្តឡើយ។ អ្នកលេងបណ្តាញសង្គមជាច្រើនបានសម្រុកបញ្ចេញមតិរិះគន់ចំៗ និងទាមទារឱ្យមានការអនុវត្តច្បាប់ព្រហ្មទណ្ឌ ដោយចាប់ខ្លួនបុគ្គលរូបនេះដាក់ពន្ធនាគារ ព្រមទាំងដកហូតអាជ្ញាប័ណ្ណវិជ្ជាជីវៈគ្រូពេទ្យជាអចិន្ត្រៃយ៍។ ប្រជាពលរដ្ឋបានលើកឡើងថា៖ «ដកក្បាលចេញទៅ ឱ្យប៉ូលិសចាប់ដាក់គុកទៅ គ្មានប្រជាពលរដ្ឋណាត្រូវការមន្ត្រីអនាចារបែបនេះទេ» និងបានដាក់សំណួរដេញដោលដ៏រសើបថា បើគាត់នៅតែបន្តធ្វើជាគ្រូពេទ្យដដែល តើមានប្រពលរដ្ឋណាហ៊ានទៅសម្រាកព្យាបាលជាមួយគាត់ទៀត? ជាងនេះទៅទៀត ការទាមទារច្បាប់ព្រហ្មទណ្ឌនេះ ក៏ដើម្បីបំផ្លាញនូវរាល់ព័ត៌មានលេចឮជុំវិញការប៉ុនប៉ងគំរាមកំហែងក្រុមគ្រួសារជនរងគ្រោះឱ្យលុបវីដេអូភស្តុតាង និងការចរចាបិទមាត់ក្រៅប្រព័ន្ធច្បាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr6jpjw0gaYhAxW7ZcR_R8SofSzzpfe_zucI8oSoogmFQDeT4LFdqZjX1wnaYpmvpkmLVbJdgG0kW0vyOWwEiKyLi-GGOajnElLwB-abOo0qsTGka1t8LVU98x6b478NA_iFFFnluf14fW98tvgwzGrXerUvAD39PfY74Ef21cAcs5spDHPNhFxYkdows/s851/photo_2026-08-05_09-04-44%20(2).jpg

គួររំលឹកថា ករណីចម្រូងចម្រាស់នេះ បានផ្ទុះឡើងយ៉ាងក្តៅគគុក ក្រោយពេលមានការចែកចាយវីដេអូឃ្លីបមួយ បង្ហាញពីសកម្មភាពសង្គ្រោះបន្ទាន់ខុសបច្ចេកទេស ប៉ះពាល់ចំកេរ្តិ៍ខ្មាស និងរាងកាយស្ត្រីអ្នកជំងឺដែលកំពុងសន្លប់បាត់បង់ស្មារតី ទោះបីជាក្រោយមក លោក ឈុន ផល្លី បានចេញលិខិតសុំទោសដោយអះអាងថាខ្លួនខំជួយទប់នាងដើម្បីសម្រួលខ្ជាក់ស្លេសដោយអចេតនាក៏ដោយ។ ហេតុការណ៍នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវិបត្តិទំនុកចិត្តលើក្រមសីលធម៌គ្រូពេទ្យ និងជាមេរៀនដាស់តឿនដ៏ធំមួយ ដល់បុគ្គលិកសុខាភិបាលគ្រប់រូប ឱ្យបង្កើនការប្រុងប្រយ័ត្ន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជា​ ដោយត្រូវគោរព និងការពារសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងអ្នកជំងឺគ្រប់រូបជាដាច់ខាត មិនអាចយកលេសសង្គ្រោះជីវិតមកបំបិទបាំងទង្វើខុសឆ្គងបានឡើយ៕