តារាសម្តែងម៉ាឡេស៊ី Lisa Ch’ng ដែលរស់នៅហុងកុង និងតារាសម្តែង TVB Mat Yeung បានរៀបការនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២ ខែសីហា ក្រោយពីអ្នកទាំងពីរស្វែងយល់ចិត្តគ្នាអស់រយៈពេល១០ឆ្នាំ។ ពិធីមង្គលការអ្នកទាំងពីរមានការចូលរួមពីតារាហុងកុងល្បីៗជាច្រើនក្នុងនោះក៏មាន Kenneth Ma និងភរិយាចូលរួមផងដែរ។

Mat Yeung អាយុ ៤៥ ឆ្នាំ ត្រូវបានគេស្គាល់ដោយសារការសម្តែងក្នុងរឿងភាគទូរទស្សន៍ TVB ដូចជា «ព្យុះកណ្ដាប់ដៃបងប្អូនទាំង ៣» (Fist Fight) និងរឿង «គូស្នេហ៍ក្រឡុកក្រឆា»
( My Commissioned Lover) ខណៈដែល Lisa Ch’ng អាយុ ៣៩ ឆ្នាំ គឺជាអតីតលំដាប់រងទីពីរក្នុងការប្រកួតបវរកញ្ញាហុងកុងឆ្នាំ ២០១០ ដោយអ្នកទាំងពីរបានបញ្ចប់ភាពនៅលីវហើយ។ អ្នកទាំងពីរដឹកដៃគ្នាចូលរោងការតាមប្រពៃណីនៅពេលព្រឹកនិងពេលល្ងាចរៀបចំពិធីជប់លៀងអាពាហ៍ពិពាហ៍ដែលមានតុចំនួន ៣០ នៅសណ្ឋាគារ JW Marriott ទីក្រុង Kuala Lumpur ។
.png)
យោងតាមប្រភពពី straitstimes និងប្រព័ន្ធផ្សព្វផ្សាយហុងកុងមិត្តភក្តិរបស់ពួកគេប្រហែល ២០០ នាក់បានហោះហើរមកពីទីក្រុងហុងកុងដើម្បីធ្វើជាសាក្សីនៃឱកាសនេះ។
.png)
កូនកំលោះនិងកូនក្រមុំបានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងសម្រាប់មិត្តភក្តិរបស់ពួកគេដែលចំណាយពេលសរុបចំនួន៣ថ្ងៃក្នុងការមកចូលរួមពិធីមង្គលការពួកគេ ហើយមានមិត្តភក្តិជាច្រើនបានឈប់សម្រាកពីការងារដើម្បីហោះហើរមកចូលរួមពិធីមង្គលអ្នកទាំងពីរ។ តាមសម្តីរបស់ Lisa ការដែលនាងជ្រើសរើសរៀបចំពិធីមង្គលការនៅប្រទេសម៉ាឡេស៊ី ដោយសារក្រុមគ្រួសាររបស់នាងរស់នៅទីនោះ។ Lisa Ch’ng គឺជាកូនស្រីរបស់អ្នកជំនួញម៉ាឡេស៊ី ហើយថ្មីៗនេះ តារាប្រុស Mat Yeung បានបើកភោជនីយដ្ឋានសាច់អាំងមួយកន្លែងនៅ Petaling Jaya ហើយបាននិយាយថាលោកនឹងបែងចែកពេលវេលារវាងហុងកុង និងម៉ាឡេស៊ី។

ទន្ទឹមនឹងពិធីមង្គលការ Mat Yeung និង Lisa បាននិយាយថាពួកគេមិនបានកំណត់ក្នុងការមានកូននោះទេដោយទុកឱ្យកើតឡើងតាមធម្មជាតិ។ យ៉ាងណា Lisa បាននិយាយនាងសង្ឃឹមថានឹងមានកូនពីរនាក់ ខណៈប្តីរបស់នាងចង់បានកូនប្រុសមុនបន្ទាប់មកកូនស្រីម្នាក់ដើម្បីឱ្យបងប្រុសការពារប្អូនស្រី។ ក្រោយពីរៀបការរួចប្តីប្រពន្ធនេះមិនទាន់មានគម្រោងក្រេបទឹកឃ្មុំនោះទេព្រោះពួកគេនឹងត្រឡប់ទៅថតរឿងវិញបន្ទាប់ពីពិធីមង្គលការ៕










