ស្របពេលដែលព្រឹត្តិការណ៍តារា K-Pop ដ៏ល្បី ៣រូប មកធ្វើការប្រគំតន្ត្រីនៅកម្ពុជាកំពុងទាក់ទាញចំណាប់អារម្មណ៍ និងការកោតសរសើយ៉ាងផុសផុលពីបណ្តាក្រុមអ្នកគាំទ្រអន្តរជាតិ មតិមួយចំនួននៅក្នុងស្រុកឯណេះបានធ្វើការរិះគន់ថាយុវជនខ្មែរមិនខ្វល់ខ្វាយរឿងជាតិទៅវិញ។ តើការរៀបចំព្រឹត្តិការណ៍តន្ត្រីកម្រិតអន្តរជាតិ ស្របពេលដែលបញ្ហាព្រំដែននៅមិនទាន់ត្រូវបានដោះស្រាយមានអ្វីពាក់ព័ន្ធនឹងគ្នា? ហើយវាអាចជួយកែប្រែមុខមាត់ជាតិលើឆាកអន្តរជាតិបានកម្រិតណា? 
សំណួរដ៏រសើបនេះ កំពុងបើកកកាយនូវផលវិជ្ជមានដ៏ធំធេងដែលសង្គមជាតិទទួលបាន ទាំងផ្នែកសេដ្ឋកិច្ច និងការវាយបករាល់ព័ត៌មានលាបពណ៌អវិជ្ជមាន! ការរៀបចំព្រឹត្តិការណ៍តន្ត្រីខ្នាតយក្សដោយមានវត្តមានតារាបរទេសលំដាប់សកល មិនមែនគ្រាន់តែជាការកម្សាន្តសប្បាយដូរយកទិដ្ឋភាព Views នោះឡើយ ប៉ុន្តែវាបាននាំមកនូវផលវិជ្ជមានដ៏មានឥទ្ធិពលបំផុត ក្នុងការជួយលុបបំបាត់ និងបន្សាបស្លាកឈ្មោះអវិជ្ជមានទាំងឡាយ ដែលចោទប្រកាន់ថា «កម្ពុជាជាអាណាចក្រអនឡាញឆបោក (Cyber Scams) ឬជាតំបន់អសន្តិសុខ»។
តាមរយៈសកម្មភាពផ្ទាល់ខ្លួន ការដើរកម្សាន្ត និងការបង្ហោះរូបភាពដ៏ស្រស់ស្អាតរបស់តារាល្បីៗទាំងនោះ វានឹងក្លាយជាសក្ខីភាពរស់បង្ហាញទៅកាន់ពិភពលោក និងអ្នកគាំទ្ររបស់ពួកគេរាប់លាននាក់ជុំវិញពិភពលោកឱ្យបានឃើញច្បាស់ថា កម្ពុជាគឺជាប្រទេសមានសន្តិភាព មានស្ថិរភាព និងមានសុវត្ថិភាពខ្ពស់ក្នុងការធ្វើដំណើរមកកម្សាន្ត ដែលនេះជាខែលការពារ និងស្តារកេរ្តិ៍ឈ្មោះជាតិយ៉ាងរឹងមាំនៅលើឆាកអន្តរជាតិ។
.jpg)
ជាងនេះទៅទៀត ព្រឹត្តិការណ៍តន្ត្រីកម្រិតអន្តរជាតិនេះ បាននិងកំពុងបើកលំហូរនៃចរន្តសេដ្ឋកិច្ច និងបង្កើតប្រភពចំណូលភ្លាមៗ តាមរយៈការទាក់ទាញក្រុមអ្នកគាំទ្រអន្តរជាតិ (International Fans) មកពីបណ្តាប្រទេសផ្សេងៗឱ្យធ្វើដំណើរហោះហើរមកកាន់កម្ពុជា។ រំហូរនៃភ្ញៀវទេសចរទាំងនេះ បានជម្រុញសេដ្ឋកិច្ចក្នុងស្រុកភ្លាមៗ តាមរយៈការចំណាយលើការស្នាក់នៅសណ្ឋាគារ ម្ហូបអាហារ ការធ្វើដំណើរ និងការទិញទំនិញសេវាកម្មផ្សេងៗ ដែលបង្កើតជាប្រាក់ចំណូលដ៏ក្រាស់ក្រែលដល់ពលរដ្ឋ និងអាជីវករក្នុងស្រុក។
ទន្ទឹមនឹងការបើកចរន្តសេដ្ឋកិច្ច ស្មារតីស្នេហាជាតិរបស់យុវជនខ្មែរជំនាន់ក្រោយក៏មិនបានដេកលង់លក់នោះដែរ ពោលគឺខណៈដែលយុវជនមួយក្រុមចូលរួមគាំទ្រវិស័យសិល្បៈ ក្រុមយុវជនកសាងព្រំដែនយ៉ាងសស្រាក់សស្រាំ ក៏បាននិងកំពុងឈរជើងការពារខ្សែបន្ទាត់ជួរមុខយ៉ាងរឹងមាំ ដែលនេះបង្ហាញយ៉ាងច្បាស់ថា ការកម្សាន្តសិល្បៈ និងមនសិការស្នេហាជាតិ ជារឿងពីរដែលដើរទន្ទឹមគ្នាដើម្បីកសាងមាតុភូមិ។
.jpg)
សរុបសេចក្តីមក វត្តមានរបស់តារាបរទេសលំដាប់ពិភពលោកនៅលើទឹកដីអង្គរ គឺជាឱកាសមាសដ៏កម្រ ក្នុងការប្រែក្លាយរូបភាពអវិជ្ជមានឱ្យទៅជាឱកាសផ្សព្វផ្សាយម៉ាកយីហោជាតិ (Global Branding) ដ៏មានឥទ្ធិពល។ ជោគជ័យនៃការរៀបចំកម្មវិធីដ៏ធំធេងប្រកបដោយសណ្តាប់ធ្នាប់ និងសុវត្ថិភាពនេះ មិនត្រឹមតែធ្វើឱ្យបរទេសស្គាល់ និងជឿជាក់លើកម្ពុជាកាន់តែច្រើនឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករជម្រុញរំហូរទុនវិនិយោគ និងទេសចរណ៍សកល ឱ្យហូរចូលមកក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិកាន់តែខ្លាំងក្លានាពេលអនាគត៕










