គ្រោះអគ្គិភ័យដ៏អាក្រក់បំផុតមិនធ្លាប់មានបាននិងកំពុងវាយប្រហារយ៉ាងសន្ធោរសន្ធៅនៅប្រទេសបារាំង និងអេស្ប៉ាញ ដោយបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាពលរដ្ឋ និងទេសចរជាង ១៦៦ ០០០នាក់ ចេញពីផ្ទះសម្បែងជាបន្ទាន់។ សភាពការណ៍កាន់តែអាក្រក់ទៅៗ រហូតធ្វើឱ្យប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ស្នើឱ្យកងទ័ពចេញអន្តរាគមន៍ និងស្វែងរកជំនួយសង្គ្រោះបន្ទាន់ពីសហភាពអឺរ៉ុប។ នេះបើតាមសារព័ត៌មាន The Japans Time ចេញផ្សាយនៅព្រឹកថ្ងៃទី ២៥ ខែកក្ដដា នេះ។
នៅភាគនិរតីនៃប្រទេសបារាំង មនុស្សប្រមាណ ១៤១ ០០០ នាក់ត្រូវចាកចេញពីលំនៅឋាន ខណៈដែលអណ្តាតភ្លើងបានដុតបំផ្លាញផ្ទៃដីអស់ជាង ២២ ០០០ ហិកតា និងកំពុងរំកិលខ្លួនឆ្ពោះទៅកាន់ទីក្រុង ប៊រឌូ (Bordeaux)។ ជាមួយគ្នានេះ នៅជ្រោយទេសចរណ៍ Cap Ferret ផ្ទះសម្បែងជាង ៥០ ខ្នងត្រូវភ្លើងឆេះកម្ទេចគ្មានសល់ ដោយបង្ខំឱ្យមនុស្ស ៤៤ ០០០ នាក់ភៀសខ្លួនតាមផ្លូវគោក និងផ្លូវទឹកយ៉ាងប្រញាប់ប្រញាល់។
.jpg)
ចំណែកឯនៅប្រទេសអេស្ប៉ាញ មនុស្សជាង ២៥ ០០០ នាក់នៅជុំវិញរាជធានីម៉ាដ្រីត ត្រូវបានជម្លៀសទៅកាន់ទីប្រជុំជនប្រកបដោយសុវត្ថិភាព។ អាជ្ញាធរគ្រប់គ្រងគ្រោះអាសន្នអេស្ប៉ាញបានទទួលស្គាល់ថា កម្រិតនៃការឆាបឆេះនៅពេលនេះគឺហួសពីសមត្ថភាពដែលកម្លាំងពន្លត់អគ្គិភ័យអាចគ្រប់គ្រងបានហើយ ដោយសារមុខព្រួញភ្លើងធំៗពីរបានរួមបញ្ចូលគ្នា និងកំពុងសំដៅទៅរកតំបន់ប្រជុំជន។
.jpg)
កត្តាដែលធ្វើឱ្យអគ្គិភ័យនេះរីករាលដាលយ៉ាងឆាប់រហ័ស គឺបណ្តាលមកពីខ្យល់បក់បោកខ្លាំង បូករួមនឹងរលកកម្ដៅ និងគ្រោះរាំងស្ងួតដែលកើតចេញពីការប្រែប្រួលអាកាសធាតុ។ គិតមកទល់ពេលនេះ បុគ្គលិកពន្លត់អគ្គិភ័យចំនួន ៣ នាក់បានពលីជីវិតនៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនៅបារាំង និងអ៊ីតាលី ខណៈរដ្ឋាភិបាលនៃប្រទេសទាំងពីរបាននិងកំពុងពង្រាយកម្លាំងទ័ព បញ្ជូនឧបករណ៍ការពារ និងទទួលបានយន្តហោះបាញ់ទឹកជំនួយពីសហភាពអឺរ៉ុបដើម្បីប្រយុទ្ធនឹងគ្រោះធម្មជាតិមួយនេះ៕









