យុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានបញ្ចប់ដោយជោគជ័យនូវសិក្ខាសាលា «ជំនាញខ្ញុំ៖ ការយល់ដឹងពីសាកលវិទ្យាល័យ (Meet Me, Meet My Major: Insights to University)» កាលពីថ្ងៃទី ១ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ នៅខេត្តបាត់ដំបង។ សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ពីការសិក្សានៅសាកលវិទ្យាល័យដល់សិស្សានុសិស្សមធ្យមសិក្សាទុតិយភូមិក្នុងប្រទេសកម្ពុជា ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា និងការកសាងអនាគតប្រកបដោយសក្តានុពល។

សិក្ខាសាលា «ជំនាញខ្ញុំ៖ ការយល់ដឹងពីសាកលវិទ្យាល័យ (Meet Me, Meet My Major: Insights to University)» បានប្រព្រឹត្តឡើងកាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ នៅក្នុងខេត្តបាត់ដំបង។ សិក្ខាសាលានេះ បានប្រព្រឹត្តឡើងនៅវិទ្យាល័យចំនួនបួន រួមមាន វិទ្យាល័យ ព្រះមុនីវង្ស វិទ្យាល័យ នេតយ៉ង់ វិទ្យាល័យ សម្ដេចឳ និង សាលាអន្តរជាតិ យូ អេស អេ។

នៅក្នុងដំណើរការនៃកម្មវិធីនេះ សិក្ខាកាមទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអប់រំ និងវេទិកាអន្តរកម្មជាច្រើន រួមមាន៖ វគ្គតម្រង់ទិសមុខជំនាញសិក្សា ការចែករំលែកបទពិសោធន៍អាហារូបករណ៍ វិធីសាស្ត្រត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ការវាស់ស្ទង់ចំណេះដឹងទូទៅ ការចែករំលែកពីជីវិតជានិស្សិតថ្នាក់ឧត្តមសិក្សា ព្រមទាំងការស្វែងយល់ពីឱកាសការងារ និងអាជីពនាពេលអនាគត។
.jpg)
បន្ថែមលើសពីនេះ សិស្សានុសិស្សក៏ទទួលបានឱកាសដ៏ល្អ ក្នុងការបង្កើតទំនាក់ទំនងផ្ទាល់ជាមួយនិស្សិតសាកលវិទ្យាល័យ និងវាគ្មិនកិត្តិយស ដែលមានជំនាញឯកទេស និងបទពិសោធន៍យ៉ាងសម្បូរបែប។ តាមរយៈការចែករំលែកបទពិសោធន៍ជាក់ស្តែង បញ្ហាប្រឈម និងសមិទ្ធផលនានា វាគ្មិនទាំងអស់បានរួមចំណែកយ៉ាងសំខាន់ក្នុងការបំផុសគំនិតសិស្សានុសិស្ស ឱ្យស្វែងរកចំណង់ចំណូលចិត្តផ្ទាល់ខ្លួន កំណត់គោលដៅសិក្សា និងធ្វើសេចក្តីសម្រេចចិត្តលើផ្លូវជីវិតអនាគតដោយភាពជឿជាក់។

អំឡុងពេលសិក្ខាសាលានេះ សិស្សានុសិស្សទទួលបាននូវព័ត៌មាន និងការណែនាំស៊ីជម្រៅលើមុខជំនាញសំខាន់ៗចំនួន ១២ ពីសំណាក់យុវទូតនិស្សិត និងវាគ្មិនចំនួន ១៥ រូប។ លើសពីនេះ ក្រុមការងារក៏បានចែកជូនខិត្តប័ណ្ណព័ត៌មានដែលរៀបរាប់យ៉ាងលម្អិតអំពីមុខជំនាញនានា ដើម្បីជាជំនួយស្មារតីដល់សិស្សានុសិស្សផងដែរ។ 
គួរបញ្ជាក់ថា សិក្ខាសាលា «ជំនាញខ្ញុំ (M5)»នេះ បានប្រព្រឹត្តឡើងចំនួន ៤ លើករួចមកហើយ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០២៣ មក។ សិក្ខាសាលា «ជំនាញខ្ញុំ (M5)»ត្រូវបាន ធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងអំពីការត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក៏ដូចជាគន្លឹះក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឱ្យបានត្រឹមត្រូវ។

សិក្ខាសាលានេះ អាចប្រព្រឹត្តទៅបានយ៉ាងរលូន ដោយមានការចូលរួម និងការគាំទ្រពីសំណាក់ដៃគូឧបត្ថម្ភផ្សេងៗ ដែលរួមមានសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ជាអ្នកឧបត្ថម្ភធំ ខណៈមានការសហការឧបត្ថម្ភដោយក្រុមហ៊ុនទឹកពិសា Hi-Tech។ លើសពីនេះ Indomie Cambodia ក៏ដើរតួយ៉ាងសំខាន់ក្នុងនាមជាអ្នកឧបត្ថម្ភមួយផងដែរ ព្រមទាំងមានការចូលរួមចំណែកពីសប្បុរសជន និងដៃគូផ្សព្វផ្សាយព័ត៌មានជាច្រើន ដែលការគាំទ្រទាំងនេះ គឺជាការជំរុញយ៉ាងសំខាន់ក្នុងការធ្វើឱ្យកម្មវិធីសម្រេចបានលទ្ធផលយ៉ាងផ្លែផ្កា។

សិក្ខាសាលា «ជំនាញខ្ញុំ៖ ការយល់ដឹងពីសាកលវិទ្យាល័យ (Meet Me, Meet My Major: Insights to University)» ត្រូវបានបញ្ចប់ដោយទទួលបាននូវភាពជោគជ័យ និងទទួលបានមតិវិជ្ជមានជាច្រើនពីសំណាក់អ្នកចូលរួម។ តាមរយៈសិក្ខាសាលានេះ ក្រុមយុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សង្ឃឹមយ៉ាងថានឹងអាចចូលរួមជាចំណែកក្នុងការជួយដល់ប្អូនៗសិស្សានុសិស្ស ក្នុងការជ្រើសរើសអាជីពរបស់ពួកគេនាពេលអនាគតប្រកបដោយទំនុកចិត្ត៕.jpg)











