ថ្មីៗនេះបវរកញ្ញាខ្មែរនិងថៃនៅលើឆាក Miss Supranational បានរាក់ទាក់ចំពោះគ្នាប្រកបដោយសន្តិភាពទទួលបាននូវការចាប់អារម្មណ៍ជាច្រើនពីអ្នកគាំទ្រវិស័យបវរកញ្ញាទាំងក្នុងនិងក្រៅស្រុកដោយសារតែពួកគេបានដឹងយ៉ាងទូលំទូលាយចំពោះវិវាទរបស់ប្រទេសទាំងពីរ។ ការចាប់អារម្មណ៍កាន់តែខ្លាំងឡើងនៅពេលបុរសឯកកម្ពុជានិងថៃប៉ះគ្នាក្លាយជាមិត្តរួមបន្ទប់។

ការចេញទៅប្រកួតនៅប៉ូឡូញរបស់ Miss Supranational Thailand 2026 មិនបានស្របតាមការវិភាគរបស់អ្នករៀបចំនោះទេដោយរូបនាងចេញទៅប្រកួតយឺតពីព្រោះដល់ថ្ងៃឡើងយន្តហោះហើយស្រាប់តែផ្ទុះរឿងអាស្រូវក្តៅគគុក។ យ៉ាងណាក៏ដោយនៅទីបំផុត Eye Kanyalak Nookaew ក៏បានចេញទៅប្រកួត។ វីដេអូមួយដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិស័យបវរកញ្ញានោះគឺនៅពេល Miss Supranational Thailand 2026 កំពុងតែ Live នៅលើបណ្តាញសង្គមរបស់ខ្លួនដោយបានហៅ ហុក សារិតុលា Miss Supranational Cambodia 2026 ដែលកំពុងតែដើរនៅទីនោះនិយាយសួស្តីទៅកាន់អ្នកគាំទ្រថៃ។

សកម្មភាពរបស់បវរកញ្ញាខ្មែរនិងថៃដែលរាក់ទាក់ចំពោះគ្នានេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនិងមានការចែករំលែកបន្តនៅលើបណ្តាញសង្គមជាច្រើនពីព្រោះអ្នកគាំទ្របានដឹងថាប្រទេសទាំងពីរមានជម្លោះនឹងគ្នា។
មិនទាន់ចប់នោះទេមិនត្រឹមតែបវរកញ្ញាខ្មែរនិងថៃបង្ហាញសន្តិភាពចំពោះគ្នាប៉ុណ្ណោះទេងាកទៅកាន់ Mister Supranational ខ្មែរ និងថៃ ក៏ប៉ះគ្នាក្លាយជាមិត្តរួមបន្ទប់សម្រាប់ការស្នាក់នៅអំឡុងពេលប្រកួតនៅលើទឹកដីប៉ូឡូញផងដែរ។

អ្នកតំណាងខ្មែរយើងគឺ យូ ថនវណ្ណៈ Mister Supranational Cambodia 2026 ត្រូវគេងបន្ទប់ជាមួយនឹង Jack Titus Mister Supranational Thailand 2026 ចំនួន១សប្តាហ៍ឬអាចលើសពីនេះ។ ទោះបីជាប្រឈមមុខដាក់គ្នាក្លាយជាមិត្តរួមបន្ទប់ក្តីបុរសឯកទាំងពីរប្រទេសបង្ហាញសញ្ញាវិជ្ជមានចំពោះគ្នាទៅវិញទៅមក៕










