ទម្លាប់ប្រចាំថ្ងៃមួយចំនួន ដែលយើងស្មានមិនដល់ អាចជាជនលាក់មុខដែលកំពុងតែជម្រុញឱ្យរាងកាយ និងសម្រស់របស់យើង អន់ថយ ចាស់ជាងអាយុពិតខ្លាំង។ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តីសុខភាព EatingWell ដែលដកស្រង់ចេញពីការបកស្រាយរបស់គ្រូពេទ្យជំនាញ បានបង្ហាញថា មានទម្លាប់ធំៗចំនួន ៣ ដែលមនុស្សភាគច្រើនមើលរំលង ហើយវាកំពុងតែបំផ្លាញកោសិកាពីរាងកាយខាងក្នុងមកវិញ។
.jpg)
ខាងក្រោមនេះជាទម្លាប់ទាំង ៣ នោះ និងផលប៉ះពាល់ពិតប្រាកដដែលអ្នកគួរដឹង៖
ទីមួយ គឺការញ៉ាំអាហារដែលគ្រាន់តែចម្អែតក្រពះ ប៉ុន្តែអត់មានជីវជាតិ។ មនុស្សជាច្រើនយល់ថា ឱ្យតែញ៉ាំឆ្អែតគឺគ្រប់គ្រាន់ហើយ ប៉ុន្តែការរើសអាហារដែលសម្បូរតែម្សៅ ស្ករ របស់បំពង និងអាហារកែច្នៃ គឺប្រៀបដូចជាការដាក់ថ្នាំពន្យារកំណើតដល់កោសិការាងកាយអញ្ចឹង។ នៅពេលរាងកាយទទួលបានជាតិស្ករ និងខ្លាញ់មិនល្អច្រើនពេក វានឹងបង្កើតសារធាតុម្យ៉ាងដែលទៅបំផ្លាញជាតិខូឡាជែន (Collagen) និងអេឡាស្ទីន (Elastin) នៅក្នុងស្បែក ធ្វើឱ្យស្បែកឆាប់ជ្រួញ និងយារធ្លាក់ លើសពីនេះ ការខ្វះបន្លែផ្លែឈើស្រស់ៗ ដែលជាប្រភពប្រឆាំងការរលាក នឹងធ្វើឱ្យ DNA របស់កោសិកាឆាប់ចាស់ជាងមុន។ ដំណោះស្រាយល្អបំផុត គឺត្រូវប្តូរមកញ៉ាំអាហារបែបធម្មជាតិឱ្យបានច្រើន បន្ថែមបន្លែផ្លែឈើចម្រុះពណ៌ និងខ្លាញ់ល្អពីត្រី ឬគ្រាប់ធញ្ញជាតិ ដើម្បីជួយការពារកោសិកាពីខាងក្នុង។

ទីពីរ គឺទម្លាប់ធ្វើការអង្គុយមួយកន្លែងពេញមួយថ្ងៃ ឬហៅថា Active Couch Potato។ មានមនុស្សមិនតិចទេដែលគិតថា ខ្លួនឯងបានហាត់ប្រាណ ៣០ ទៅ ៤៥ នាទីពេលព្រឹករួចរាល់ហើយ ដូច្នេះការអង្គុយធ្វើការលើកៅអី ៨ ម៉ោងជាប់គ្នាក្រោយមក គឺមិនអីទេ។ ប៉ុន្តែគ្រូពេទ្យបានព្រមានថា ការអង្គុយស្ងៀមរយៈពេលយូរពេក នឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារ និងលំហូរឈាមដើរយឺតខ្លាំង ដែលវារំខានដល់អង់ស៊ីមដុតបំផ្លាញខ្លាញ់ និងជាតិស្ករ។ ទម្លាប់នេះធ្វើឱ្យសាច់ដុំឆាប់រលាយ កាត់បន្ថយថាមពលកោសិកា និងបង្កើនហានិភ័យជំងឺបេះដូង ដែលសុទ្ធតែជាសញ្ញានៃការចាស់ជរាមុនអាយុ។ ដើម្បីកែខៃចំណុចនេះ គួរអនុវត្តការដើរ ឬក្រោកឈរ ២ ទៅ ៣ នាទី រាល់ពេលអង្គុយធ្វើការបានមួយម៉ោង ដើម្បីឱ្យឈាមរត់បានស្រួលឡើងវិញ។
ទីបី គឺការចិញ្ចឹមភាពស្រ្តេសនៅក្នុងខ្លួន។ មិនមែនមានតែរឿងរ៉ាវធំដុំក្នុងជីវិតទើបហៅថាស្រ្តេសនោះទេ ការព្រួយបារម្ភរឿងបន្តិចបន្តួចប្រចាំថ្ងៃ ការមើលទូរស័ព្ទឃើញព័ត៌មានអវិជ្ជមានញឹកញាប់ ឬការលាក់ទុក្ខកង្វល់មិនព្រមនិយាយចេញសុទ្ធតែជាស្រ្តេសលាក់មុខដែលស៊ីរំលាយសុខភាពយើងបន្តិចម្តងៗ។ នៅពេលយើងស្រ្តេសដោយមិនដឹងខ្លួន រាងកាយនឹងបញ្ចេញអរម៉ូន Cortisol និង Adrenaline មកឥតឈប់ឈរ។ អរម៉ូនស្រ្តេសទាំងនេះ នឹងទៅបំផ្លាញខូឡាជែនលើស្បែក ធ្វើឱ្យគេងមិនសូវលក់ស្កប់ស្កល់ (ដែលជាពេលរាងកាយត្រូវជួសជុលខ្លួនឯង) និងធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វិធីសាស្រ្តជួយខ្លួនឯង គឺត្រូវចេះបង្កើតទម្លាប់កាត់បន្ថយស្រ្តេស ដូចជាការហាត់ដកដង្ហើមវែងៗ ការកំណត់ពេលបិទទូរស័ព្ទឈប់មើលការងារនៅពេលយប់ ឬការចំណាយពេលជជែកលេងជាមួយមនុស្សជិតស្និទ្ធជាដើម។.jpg)
ជារួមមក ភាពចាស់ជរាជារឿងធម្មជាតិដែលមិនអាចចៀសរួច ក៏ប៉ុន្តែការចាស់មុនអាយុ គឺយើងអាចគ្រប់គ្រង និងការពារបាន តាមរយៈការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃដូចជាគេងឲ្យបានគ្រប់គ្រាន់ ទម្លាប់ហាត់ប្រាណឲ្យបានទៀងទាត់ បរិភោគអាហារមានប្រយោជន៍ ផ្លាស់ប្តូរឥរិយាបថធ្វើការ និងចេះគ្រប់គ្រងអារម្មណ៍ឱ្យបានល្អ៕










