ព្រឹត្តិការណ៍ការទូត៦០ឆ្នាំឆ្លងជំនាន់! ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដែលនេះជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់បំផុតមួយបន្ទាប់ពីវត្តមានរបស់ឧត្តមសេនីយ៍ ឆាល ដឺហ្គោល កាលពីឆ្នាំ១៩៦៦ និងលោក ហ្វ្រង់ស្វ័រ មីតេរ៉ង់ កាលពីឆ្នាំ១៩៩៣។ របត់ការទូតជាន់ខ្ពស់នេះត្រូវបានរំពឹងថានឹងពង្រឹងចំណងមិត្តភាពឱ្យកាន់តែស្អិតរមួត និងបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រជាជាតិទាំងពីរ។.jpg)
យោងតាមការលើកឡើងរបស់ លោក ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់ថា មិត្តភាពរវាងកម្ពុជា និងបារាំង បានចាក់ឫសយ៉ាងរឹងមាំលើប្រវត្តិសាស្ត្រដ៏សម្បូរបែប ទំនុកចិត្តទៅវិញទៅមក និងឆន្ទៈដ៏មុតមាំរួមគ្នាក្នុងការកសាងអនាគត។ លោកបានចាត់ទុកថា ផែនការទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ម៉ាក្រុង នឹងផ្តល់សន្ទុះដ៏សំខាន់ដល់មហិច្ឆតារួមក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានទៅកម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រ»។ បច្ចុប្បន្ន ភាពជាដៃគូនេះបានគ្របដណ្តប់លើវិស័យយុទ្ធសាស្ត្រជាច្រើន រួមមានវិស័យកសិកម្ម ពាណិជ្ជកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល ការពារជាតិ អប់រំ និងការអភិរក្សបេតិកភណ្ឌ ដែលក្នុងនោះប្រទេសបារាំងនៅតែជាដៃគូនាំមុខគេមួយក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា។.jpg)
ស្របពេលជាមួយគ្នានេះ លោក អូលីវីយេ រីហ្សារ (Olivier Richard) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ថា លោកប្រធានាធិបតី ម៉ាក្រុង និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានបំណងរួមគ្នាយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែឈានទៅមុខបន្ថែមទៀត។ រដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងធ្វើការរួមគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីធានាថាដំណើរទស្សនកិច្ចនេះ គឺជាសញ្ញានៃការវិវត្តន៍ដ៏ធំមួយ ជាពេលវេលាប្រមូលផ្ដុំសក្ដានុពលដែលមានស្រាប់ ព្រមទាំងបង្កើតកាលានុវត្តភាពថ្មីៗបន្ថែមទៀត។ លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា គ្រប់វិស័យទាំងអស់ត្រូវបានរួមបញ្ចូលគ្នាតាមរយៈសកម្មភាពការងារជាក់ស្តែង តាំងពីការលើកកម្ពស់ភាសាបារាំង ការអប់រំកម្រិតឧត្តមសិក្សា ការស្រាវជ្រាវ ជំនួយអភិវឌ្ឍន៍ រហូតដល់ទម្រង់សិល្បៈសម័យទំនើប ដែលបច្ចុប្បន្នមានតំណាងចូលរួមយ៉ាងសកម្មពីទាំងភាគីកម្ពុជា និងភាគីបារាំង។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អេម៉ានុយអែល ម៉ាក្រុង នាចុងឆ្នាំ ២០២៦ នេះ មិនត្រឹមតែជាព្រឹត្តិការណ៍រំលឹកខួបនៃប្រវត្តិសាស្ត្រការទូតដ៏យូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាកាតាលីករដ៏ខ្លាំងក្លាក្នុងការផ្លាស់ប្តូរមុខមាត់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ តាមរយៈការប្តេជ្ញាចិត្តរួមគ្នារបស់ថ្នាក់ដឹកនាំកំពូល និងការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ទំនាក់ទំនងរវាងកម្ពុជា និងបារាំង នឹងត្រូវដំឡើងទៅជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំមួយ ដែលធានាបាននូវផលប្រយោជន៍រួម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចិរភាពសម្រាប់ប្រជាជាតិទាំងពីរទៅថ្ងៃអនាគត៕










