អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា បានធ្វើឱ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់អំពីសម្រស់របស់ទ្រង់ជាមួយនឹងសំលៀកបំពាក់ដ៏ស្រស់ស្អាតចូលរួមព្រឹត្តិការណ៍មួយនៅឯប្រទេសចិននាពេលថ្មីៗនេះ។ ជាមួយគ្នានេះ អ្នកអង្គម្ចាស់ក្សត្រិយ៍ បានបង្ហាញអារម្មណ៍មានមោទនភាពក្នុងការតំណាងឱ្យកម្ពុជាក្នុងព្រឹត្តិការណ៍ Pop Culture ដ៏ធំបំផុតមួយរបស់ចិន។

នៅយប់ថ្ងៃទី១៥ ខែកក្កដា អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា បានបង្ហោះរូបភាពជាច្រើនសន្លឹកអមដោយខ្លឹមសាររបស់ទ្រង់ថា «ខ្ញុំពិតជាមានមោទនភាពណាស់ ក្នុងការបង្ហាញខ្លួនតំណាងឱ្យកម្ពុជាជាមួយអត្តសញ្ញាណខ្មែរ ក្នុងការចូលរួមកម្មវិធី Bilibili World 2026 ( YouTube in china ) នៅទីក្រុងសៀងហៃ ដែលជាព្រឹត្តិការណ៍ Pop Culture ដ៏ធំបំផុតមួយរបស់ប្រទេសចិន និងនៅក្នុងតំបន់អាស៊ី ក្នុងការតុបតែងខ្លួនជាតួអង្គ Cosplay ដោយមានការចូលរួមពី អ្នកគាំទ្ររាប់សែននាក់ ម៉ាកយីហោល្បីៗ និងក្រុមហ៊ុនកម្សាន្តធំៗ សិល្បករ និងភ្ញៀវកិត្តិយសអន្តរជាតិៗជាច្រើនមកពីជុំវិញពិភពលោក»។

ការចូលរួមរបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជនហើយនៅក្នុងកម្មវិធីនោះទ្រង់ទទួលបាននូវការស្វាគមន៍និងចូលចិត្តយ៉ាងច្រើនពីអ្នកគាំទ្រអន្តរជាតិ។ សម្រស់ដ៏ស្រស់ស្អាតរបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ក៏ជំរុញឱ្យអ្នកលេងបណ្តាញសង្គមសរសើរមិនដាច់ពីមាត់ផងដែរ។
មិនត្រឹមតែជាឈុតដ៏ស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែឈុតដែលអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា គ្រងនេះគឺបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។ តាមការបញ្ជាក់របស់ ALmée Couture
បានឱ្យដឹងថាឈុតរបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា គឺបំផុសគំនិតដោយលំនាំផ្កាឈូកដែលឆ្លាក់ចូលទៅក្នុងប្រាសាទបុរាណនៃអង្គរវត្ត។

ការរចនានេះបកស្រាយឡើងវិញនូវបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជាតាមរយៈរូបភាពស្រមោលសហសម័យ។ រាល់ព័ត៌មានលម្អិតឆ្លុះបញ្ចាំងពីផ្កាឈូកជានិមិត្តរូបនៃភាពឆើតឆាយ ប្រាជ្ញា ភាពបរិសុទ្ធ និងកម្លាំងខាងក្នុងដែលនាំមកនូវប្រពៃណី និងភាពជាស្ត្រីសម័យទំនើបក្នុងភាពសុខដុមរមនាដ៏ល្អឥតខ្ចោះ។
គួរបញ្ជាក់ផងដែរថា ក្រៅពីទីផ្សារសិល្បៈនៅក្នុងប្រទេសកម្ពុជាអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ក្តោបបានឱកាសទីផ្សារនៅក្នុងប្រទេសចិនជាច្រើនដងដោយចូលរួមកម្មវិធីនានា ការថតទស្សនាវដ្តី រួមទាំងចូលរួមសម្តែងក្នុងខ្សែភាពយន្តចិនផងដែរប៉ុន្តែរឿងដែលទ្រង់សម្តែងពុំទាន់ចាក់ផ្សាយនោះទេ៕










