បន្ទាប់ពីរំសាយក្រុមអស់រយៈពេលជាង២ឆ្នាំ ជូវី លីន បានផ្តល់បទសម្ភាសលើកដំបូងទាក់ទងនឹងក្រុម ប៉ូឡារិច ខណៈបានបង្ហើបថាការបញ្ចប់នេះគឺដោយសារតែមិនចង់បង្អាក់ដំណើរនិងភាពរីកចម្រើនរបស់ នរិទ្ធ។ ទោះបីជាក្រុមរំសាយ ជូវី លីន បញ្ជាក់ថាពួកគេនៅតែជាមិត្តភក្តិនិងនិយាយជាមួយគ្នាដដែល។
កាលពីពេលថ្មីៗនេះ ជូវី លីន បានចូលរួមក្នុងកម្មវិធីផតខាសរបស់ ខេ ជាមួយនឹងការបង្ហាញរឿងរ៉ាវជាច្រើនក្នុងនោះក៏បានលើកឡើងពីក្រុម ប៉ូឡារិច ដូចជាគ្នា។ ជូវី ថាដំបូងឡើយក្រុមនេះមានសមាជិកពេញលេញចំនួន១១នាក់ធ្លាប់បានទៅប្រកួតរាំនៅស្រុកក្រៅនិងចេញបទចម្រៀងតិចតួច។ ក្រោយមក ប៉ូឡារិច នៅសល់តែពីរនាក់ប៉ុណ្ណោះគឺលោកនិងនរិទ្ធ។ ដំណើរដើមទងដែលក្រុមនេះរំសាយ ជូវី ថាខ្លួនបានឃើញ នរិទ្ធ មានផាសុកភាពនៅពេលធ្វើគម្រោងទោល មានស្ទាយ៍ផ្ទាល់ខ្លួន ស្របពេលលោកនៅពេលធ្វើអ្វីមួយចង់ឱ្យល្អឥតខ្ចោះ ធ្វើសិល្បៈផ្ទុយនឹងទីផ្សារ មិនចង់តាម Trend តាមនរណាម្នាក់ ចង់ឱ្យក្រុម ប៉ូឡារិច ជាក្រុមមួយដែលប្លែក។

ជូវី បន្តទៀតថាលោកមិនចង់ក្លាយជាបុគ្គលម្នាក់ទាញ នរិទ្ធ ទម្លាក់ចង់ឱ្យ នរិទ្ធ ក្លាយជាខ្លួនឯង និងមើលឃើញថានៅពេល នរិទ្ធ ធ្វើបទទោលជាមួយនឹង សុភា ផ្ទុះនៅលើទីផ្សារដែលពេលនោះលោកដឹងច្បាស់នៅក្នុងចិត្តហើយថា ប៉ូឡារិច នឹងបញ្ចប់។ ទោះបីជាក្រុម ប៉ូឡារិច បញ្ចប់ក្តី ជូវី លីន អះអាងថាការចប់នេះសោកសៅនោះទេតែ នរិទ្ធ បានរកឃើញខ្លួនឯងហើយប្រសិនបើជាលោកនៅតែបន្តការងារ ប៉ូឡារិច ទៀតនោះ នរិទ្ធ នឹងពិបាកអារម្មណ៍ហើយអាចនឹងឈានដល់ចំណុចមួយឈ្លោះគ្នាទៀត។
តារាប្រុសរូបនេះលើកឡើងទៀតថា លោកស្អប់ទិដ្ឋភាពមួយនៅពេលបញ្ចប់ការងារឬចែកផ្លូវគ្នាមានការស្អប់គ្នា។ យ៉ាងណា ជូវី លីន ទទួលស្គាល់ថានៅពេលក្រុមរំសាយគឺមានភាពសោកស្តាយ ប៉ុន្តែក៏រីករាយនៅពេលឃើញ នរិទ្ធ មានអ្វីជាខ្លួនឯង ខណៈបទចម្រៀងបច្ចុប្បន្នរបស់ នរិទ្ធ សុទ្ធតែទទួលបាននូវការគាំទ្រពីទស្សនិកជនហើយក៏ចង់ឃើញ នរិទ្ធ ចេញអាល់ប៊ុមចម្រៀងផងដែរ។
ទោះបីជាក្រុមរំសាយក៏ពិតមែន ជូវី លីន បានបញ្ជាក់ថាលោកនិង នរិទ្ធ នៅតែជាមិត្តភក្តិនិងនិយាយជាមួយគ្នាដដែល៕










