តារាចម្រៀង ជី ដេវីត ទើបតែត្រូវបានប្រកាសជាផ្លូវការថាលោកនឹងតំណាងប្រទេសកម្ពុជាចូលរួមកម្មវិធី SULONG SEAPop Music and Culture Caravan នៅឯប្រទេសហ្វីលីពីននាថ្ងៃទី១៨ ខែកក្កដា នេះ។ ជាមួយនឹងវត្តមានលើកទី១ក្នុងកម្មវិធីនេះនិងលើកទី២សម្រាប់ការសម្តែងនៅហ្វីលីពីន អ្នកគាំទ្រកំពុងរង់ចាំអ៊ុតមើលតើតារាចម្រៀងល្បីឈ្មោះរូបនេះមានអ្វីបង្ហាញនៅលើឆាកអន្តរជាតិ ខណៈកន្លងមកលោកបានបង្ហាញភាពរស់រវើកនៃវប្បធម៌ខ្មែរ។
SULONG SEAPop Music and Culture Caravan គឺជាកម្មវិធីមួយដែលមានការលាយបញ្ចូលគ្នាយ៉ាងស្វាហាប់រវាងតន្ត្រីប៉ុប P-pop និងតន្ត្រីអាស៊ាន រួមទាំងការសម្តែងផ្ទាល់ពិសេសដោយក្រុមតន្ត្រីប៉ុប P-pop HORI7ON និងសិល្បករផ្សេងទៀតដែលតំណាងប្រទេសនីមួយៗក្នុងតំបន់អាស៊ាន។ ព្រឹត្តិការណ៍នេះត្រូវបានគាំទ្រដោយគណៈកម្មការជាតិសម្រាប់វប្បធម៌ និងសិល្បៈ និងមានគោលបំណងភ្ជាប់វប្បធម៌នៅទូទាំងតំបន់តាមរយៈការតាំងពិព័រណ៍តន្ត្រី និងស៊េរីបទបង្ហាញអាស៊ាន។.png)
កម្មវិធីនេះបានប្រកាសជាផ្លូវការនាល្ងាចថ្ងៃទី១៣ ខែកក្កដា ថាតារាចម្រៀង ជី ដេវីត នឹងចូលរួមក្នុងកម្មវិធីនេះ។ នេះគឺជាកម្មវិធីថ្មីមួយទៀតសម្រាប់សិល្បករ ជី ដេវីត បន្ទាប់ពីចូលរួមកម្មវិធី ASEAN-Korea Music Festival 2026 នៅហ្វីលីពីន កាលពីខែមេសា ឆ្នាំ២០២៦។ កាលពីចូលរួមកម្មវិធីលើកមុនតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ការសសម្តែងបែបសហសម័យ ជាមួយនឹងការបង្ហាញពីវប្បធម៌ ហើយការសម្តែងដែលនាំយកសិល្បៈខ្មែរទៅបង្ហាញនេះ ជី ដេវីត និងទេព បូព្រឹក្ស បានចំណាយលុយផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារឯណោះ។

ជាមួយនឹងការសម្តែងលើកមុន និងត្រៀមសម្តែងនាពេលខ្លីខាងមុខនេះអ្នកគាំទ្រកំពុងតែទន្ទឹងរង់ចាំមើលថាតើតារាចម្រៀងរូបនេះនឹងបង្ហាញអ្វីទៀតសម្រាប់ព្រឹត្តិការណ៍ SULONG SEAPop Music and Culture Caravan។ នៅលើហ្វេកប៊ុករបស់ ទេព បូព្រឹក្ស តារាចម្រៀងរូបនេះបានចែករំលែកពីការចូលរួមរបស់ស្វាមីនៅលើឆាកអន្តរជាតិជាមួយនឹងសម្តីថា «បានប៉ុណ្ណាយកននឹងប៉ុណ្ណឹងចូលធ្វើអ្វីទៅតាមសមត្ថភាពរៀងៗខ្លួន»។
ងាកមកកាន់សហគមន៍អ្នកគាំទ្រ ជី ដេវីត និង ទេព បូព្រឹក្ស ក៏បានសម្តែងការអបអរសាទចំពោះតារាចម្រៀងនេះដូចគ្នាសម្រាប់ការឈរតំណាងឱ្យប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ខាងលើនេះ៕










