មានដែនសមុទ្រដ៏ធំល្វឹងល្វើយ តែបែរជាត្រូវទិញអំបិលពីបរទេសរាប់សិបឆ្នាំ! ពេលនេះ ឥណ្ឌូណេស៊ីបានសម្រេចចិត្តបិទទ្វារឈប់នាំចូលអំបិលគ្រប់ប្រភេទនៅត្រឹមឆ្នាំ២០២៧ ដើម្បីឈរជើងរឹងមាំដោយខ្លួនឯង។ នេះមិនមែនគ្រាន់តែជាការបង្កើនផលិតកម្មក្នុងប្រទេសនោះទេ គឺវាជាយុទ្ធសាស្ត្ររំដោះខ្លួនចេញពីការពឹងផ្អែកលើប្រទេសផ្សេងដ៏គួរឱ្យសរសើរ ប៉ុន្តែតើផែនការមួយនេះអាចទៅរួចដែរឬទេ ឬគ្រាន់តែជាការសុបិន?

ឥណ្ឌូណេស៊ីបានកំណត់គោលដៅឈប់នាំចូលអំបិលនៅត្រឹមឆ្នាំ២០២៧ បើទោះជាបច្ចុប្បន្ន ប្រទេសនេះត្រូវនាំចូលអំបិលជាច្រើនលានតោនក្នុងមួយឆ្នាំក៏ដោយ។ រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងនេសាទ ឱ្យដឹងថា លោកប្រធានាធិបតី Prabowo Subianto បានបញ្ជាឱ្យជំរុញការផលិតអំបិលក្នុងប្រទេស ដើម្បីកាត់បន្ថយលើការនាំចូល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

បច្ចុប្បន្ន ឥណ្ឌូណេស៊ីមានតម្រូវការប្រើប្រាស់អំបិលប្រមាណ ៥លានតោនក្នុងមួយឆ្នាំ ខណៈការផលិតក្នុងប្រទេសនៅមិនទាន់គ្រប់គ្រាន់សម្រាប់បំពេញតម្រូវការទេ ជាពិសេស អំបិលក្នុងផ្នែកឧស្សាហកម្ម។ ហេតុនេះ រដ្ឋាភិបាលបានជំរុញឱ្យអភិវឌ្ឍន៍បច្ចេកវិទ្យាផលិតកម្មទំនើប ព្រមទាំងលើកកម្ពស់គម្រោងកែច្នៃទឹកសមុទ្រដើម្បីបង្កើនផលិតភាព និងធានាការផ្គត់ផ្គង់គ្រប់គ្រាន់យូរអង្វែង។
.jpg)
គម្រោងសំខាន់មួយ គឺការសាងសង់មជ្ឈមណ្ឌលផលិតអំបិលសហគមន៍នៅតំបន់ប៉ាមេកាសាន់ ខេត្តជ្វាខាងកើត ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិដើម្បីបង្កើនផលិតកម្ម ព្រមទាំងជំរុញសេដ្ឋកិច្ចក្នុងតំបន់ កាត់បន្ថយការនាំចូល។ ពេលនេះ ស្ថាប័នកណ្តាលកំពុងតាមដានពីដំណើរការសាងសង់មជ្ឈមណ្ឌលនេះ ដោយរដ្ឋាភិបាលបានផ្តល់ថវិកាសម្រាប់គម្រោង ចំនួន ៧.៩ពាន់លានរូពី (ប្រហែល ៤៣០,០០០លានដុល្លារអាមេរិក) ដោយផ្តោតលើការសាងសង់បណ្តាញផលិតកម្ម បង្កើនគុណភា និងផលិតដោយប្រើប្រាស់បច្ចេកវិទ្យាឧស្សាហកម្មទំនើប។
សូមបញ្ជាក់ថា តំបន់ប៉ាមេកាសាន់ មានស្រែអំបិលសរុបចំនួន ៩១៣.៥ហិកតា ដែលគ្របដណ្តប់លើស្រុកចំនួន៣ រួមមាន៖ ស្រុកកាលិស, ប៉ាដេម៉ាវូ និងតាឡាណាកាន់ ក្នុងនោះ នៅភូមិឡេមបុង មានស្រែអំបិលច្រើនជាងគេ រហូតដល់ ២៤៥ហិកតា។ តំបន់នេះអាចផលិតអំបិលបានប្រមាណ ១៣០,០០០តោនក្នុងមួយឆ្នាំ ទើបរដ្ឋាភិបាលឥណ្ឌូណេស៊ីជឿជាក់ថា ពេលបញ្ចប់ការសាងសង់មជ្ឈមណ្ឌលថ្មី នឹងជួយបង្កើនកម្លាំងផលិតក្នុងប្រទេសឱ្យកាន់តែខ្ពស់ ដោយមិនចាំបាច់ពឹងផ្អែកលើការនាំចូលទៀតទេនៅត្រឹមឆ្នាំ២០២៧។
ពីដំបូង រដ្ឋាភិបាលគ្រោងនឹងហាមឃាត់ការនាំចូលអំបិលចាប់ពីឆ្នាំ២០២៥ ប៉ុន្តែដោយសារមានការតវ៉ាពីវិស័យឧស្សាហកម្មអាហារ ពីព្រោះការផលិតអំបិលក្នុងប្រទេសនៅមិនទាន់គ្រប់គ្រាន់ ទើបរដ្ឋាភិបាលសម្រេចពន្យារពេល និងកំណត់យកឆ្នាំ២០២៧ គឺជាឆ្នាំចុងក្រោយនៃការហាមឃាត់នាំចូលអំបិលគ្រប់ប្រភេទ៕










