សូមរក្សាស្មារតីពហិការបន្តទៅមុខទៀតបងប្អូន! ពេលនេះកម្លាំងសាមគ្គីរបស់កូនខ្មែរគ្រប់រូបក្នុងការមិនប្រើប្រាស់ទំនិញថៃ និងការលើកស្ទួយផលិតផលជាតិ បានបំប្លែងទៅជាអាវុធសេដ្ឋកិច្ចដ៏មុតស្រួច វាយបកទៅលើប្រទេសដែលប៉ុនប៉ងរំលោ.ភបំពានទឹកដីកម្ពុជាយើង ឱ្យខាតបង់លុយរាប់ពាន់លានដុល្លារ និងធ្វើឱ្យជញ្ជីងពាណិជ្ជកម្មរបស់ទីក្រុងបាងកកត្រូវដួលរលំដាំក្បាលចុះយ៉ាងអាម៉ាស់បំផុត ធ្វើឲ្យជប៉ុនមានឱកាសដណ្ដើមទីផ្សារក្លាយជាដៃគូពាណិជ្ជកម្មធំបន្ទាប់ទី៤ របស់កម្ពុជា។

យោងតាមតារាងស្ថិតិផ្លូវការដែលផ្សព្វផ្សាយដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងថៃ ក្នុងឆមាសទី១ ឆ្នាំ២០២៦ បានដាំក្បាលចុះយ៉ាងគំហុករហូតដល់ ៣៧,៥ ភាគរយ ដោយទំហំពាណិជ្ជកម្មសរុបធ្លាក់មកនៅសល់ត្រឹមតែ ១,៣៧ ពាន់លានដុល្លារប៉ុណ្ណោះ។ ឥទ្ធិពលនៃចលនាពហិការរបស់ពលរដ្ឋខ្មែរ បានធ្វើឱ្យការនាំចូលទំនិញពីថៃមកកម្ពុជាធ្លាក់ចុះរហូតដល់ជិត ៤២ ភាគរយ (សល់ត្រឹមជាង ១ ពាន់លានដុល្លារ) ខណៈការនាំចេញរបស់កម្ពុជាទៅថៃធ្លាក់ចុះជាង ២០ ភាគរយ (មានតម្លៃជាង ៣៥៧ លានដុល្លារ) ដែលទិន្នន័យនេះសហការគ្នាបង្ហាញថាថៃកំពុងរងការខាតបង់ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។
.jpg)
ផ្ទុយទៅវិញ នៅក្នុងទិដ្ឋភាពភូមិសាស្ត្រសេដ្ឋកិច្ច ទីផ្សារប្រទេសជប៉ុនបានហក់ឡើងវ៉ាដាច់ និងទាត់ទម្លាក់ប្រទេសថៃជាប្រវត្តិសាស្ត្រ ដោយទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងជប៉ុនក្នុងឆមាសទី១ នេះ សម្រេចបានរហូតដល់ ១,៤២ ពាន់លានដុល្លារ (កើនឡើងជិត ១៧ ភាគរយ)។ អ្វីដែលជាជោគជ័យធំបំផុតនោះ គឺកម្ពុជាបានចំណេញជញ្ជីងពាណិជ្ជកម្មជាមួយជប៉ុនយ៉ាងច្រើន ដោយការនាំចេញរបស់ខ្មែរទៅជប៉ុនមានតម្លៃរហូតដល់ជាង ៩០៦ លានដុល្លារ (កើនឡើងជាង ២០ ភាគរយ) ខណៈការនាំចូលពីជប៉ុនមកវិញមានតម្លៃត្រឹមតែជាង ៥២៣ លានដុល្លារប៉ុណ្ណោះ ដែលនេះបញ្ជាក់ថា កម្ពុជាបានបង្វែរទិសដៅទីផ្សារអន្តរជាតិ និងកាត់ផ្តាច់ការពឹងផ្អែកសេដ្ឋកិច្ចពីប្រទេសជិតខាងបានយ៉ាងជោគជ័យ។.jpg)
របត់ប្រវត្តិសាស្ត្រផ្នែកពាណិជ្ជកម្មនៅក្នុងឆមាសទី១ នៃឆ្នាំ២០២៦ នេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីផ្លែផ្កានៃទឹកចិត្តសាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់កូនខ្មែរគ្រប់រូប។ ការងាកមកចាប់ដៃជាមួយមិត្តជប៉ុន និងការកាត់ផ្តាច់ទំនិញថៃ បានបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជាមានសមត្ថភាពពេញលេញក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួនតាមរយៈអំណាចការទូតសេដ្ឋកិច្ច ហើយទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋខ្មែរ នឹងបន្តជាខែលការពារដ៏រឹងមាំសម្រាប់ជាតិមាតុភូមិជានិរន្តរ៍។










