ឈាមជ័រខ្មែរបានបន្តបោះជំហានយ៉ាងអស្ចារ្យ និងបង្កើតប្រវត្តិសាស្ត្រថ្មីមួយនៅលើទឹកដីសហរដ្ឋអាមេរិក! លោក Brandon Sakbun ដែលជាកូនខ្មែរ-អាមេរិក វ័យទើបតែ ២៧ ឆ្នាំ បានឡើងកាន់តំណែងជាផ្លូវការជាអភិបាលក្រុងទី៤៣ នៃទីក្រុង Terre Haute នៅក្នុងរដ្ឋ Indiana។ ការឡើងកាន់តំណែងដ៏ខ្ពង់ខ្ពស់នេះ បានធ្វើឱ្យលោកក្លាយជាអ្នកដឹកនាំ និងជាអភិបាលក្រុងដែលមានវ័យក្មេងជាងគេបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រទាំងមូលរបស់ទីក្រុងមួយនេះ។
យោងតាមការបង្ហោះនៅលើគណនីផ្លូវការរបស់ឯកឧត្តម សៀន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជាប្រចាំរដ្ឋឡុងប៊ិច បានឱ្យដឹងថា លោក Brandon Sakbun គឺជាកូនប្រុសរបស់លោកបណ្ឌិត វណ្ណារ៉ា សាក់ប៊ុន ដោយលោកបានធំដឹងក្តីនៅក្នុងទីក្រុង Terre Haute ផ្ទាល់។ ផ្នែកចំណេះដឹង លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុពីសាលាធុរកិច្ច Kelley School of Business នៃសាកលវិទ្យាល័យ Indiana University (IU) និងថ្នាក់អនុបណ្ឌិតផ្នែកកិច្ចការសាធារណៈពីសាលា O’Neill School of Public and Environmental Affairs នៃសាកលវិទ្យាល័យ IU ដោយបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនេះត្រឹមតែរយៈពេល ៣០ ថ្ងៃប៉ុណ្ណោះ មុនពេលចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២៤។ ក្រៅពីចំណេះដឹងខ្ពង់ខ្ពស់ ក្នុងនាមជាអតីតប្រធានក្រុម នៃកងទ័ពសហរដ្ឋអាមេរិក លោក Sakbun បានបម្រើការក្នុងជួរយោធារយៈពេល ៥ឆ្នាំ បន្ទាប់ពីទទួលបានការតែងតាំងជាអនុសេនីយ៍ត្រី តាមរយៈកម្មវិធី ROTC រួមទាំងការបម្រើការក្នុងក្រុមវាយប្រហារ ជាមួយកងវរសេនាតូចទាហាន Rangers ឆ្មាំបដិវត្តន៍ទី៧៥ មុនពេលផ្លាស់ប្តូរទៅកាន់កងឆ្មាំជាតិរដ្ឋ Indiana។
.jpg)
បន្ទាប់ពីបានស្បថចូលកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ អភិបាលក្រុង Sakbun បានផ្តល់អាទិភាពលើបញ្ហាលំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពសាធារណៈ។ ត្រឹមតែកិច្ចការក្នុងឆ្នាំដំបូងរបស់លោក រដ្ឋបាលរបស់លោកបានជួសជុលកែលម្អប្រព័ន្ធផ្លូវថ្នល់បានចំនួន ៣៣៩ ឌុប វាយកម្ទេចសំណង់ទ្រុឌទ្រោមបានចំនួន ៩០ កន្លែង និងទទួលបានកញ្ចប់ថវិកាជំនួយឯកឯងក្នុងទំហំទឹកប្រាក់ចំនួន ១៥ លានដុល្លារ ពីកម្មវិធី Community Crossings សម្រាប់ការកែលម្អផ្លូវថ្នល់។ .jpg)
បន្ថែមលើនេះ លោកបានដាក់ឱ្យដំណើរការប្រព័ន្ធទឹកស្អាតសាធារណៈដោយអភិវឌ្ឍភាគហ៊ុន ដែលជួយបង្កើនចំនួនអ្នកប្រើប្រាស់រហូតដល់ ៥២.៥%។ លោកត្រូវបានគេស្គាល់តាមរយៈរបៀបរចនាបថដឹកនាំបែបប្រជាធិបតេយ្យ និងមិនប្រកាន់បក្សពួក ហើយលោកនៅតែបន្តដឹកនាំទីក្រុង Terre Haute ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង និងគ្មានការរើសអើងជាបន្តបន្ទាប់។
រឿងរ៉ាវប្រវត្តិសាស្ត្ររបស់លោក Brandon Sakbun គឺជាប្រភពនៃកម្លាំងចិត្ត និងជាគំរូដ៏អស្ចារ្យមួយសម្រាប់យុវជនជំនាន់ក្រោយ ក្នុងការហ៊ានស្រមៃ និងដេញតាមក្តីសុបិនរបស់ខ្លួន។ ការទទួលបានតំណែងជាអភិបាលក្រុងវ័យក្មេងជាងគេក្នុងប្រវត្តិសាស្ត្រក្រុង Terre Haute របស់កូនកាត់ខ្មែររូបនេះ បានបន្សល់ទុកនូវពន្លឺនៃក្តីសង្ឃឹម និងការបង្ហាញទៅកាន់ពិភពលោកថា សមត្ថភាព និងការដឹកនាំ គឺមិនត្រូវបានកំណត់ដោយអាយុ ឬដើមកំណើតជាតិសាសន៍នោះឡើយ៕










