Home ព័ត៌មានជាតិ ភស្តុតាងច្បាស់ៗបញ្ជាក់ថា ប្រាសាទតាមាន់ធំ និងប្រាសាទខ្នារ គឺស្ថិតនៅក្នុងទឹកដីកម្ពុជា

ភស្តុតាងច្បាស់ៗបញ្ជាក់ថា ប្រាសាទតាមាន់ធំ និងប្រាសាទខ្នារ គឺស្ថិតនៅក្នុងទឹកដីកម្ពុជា

122
0

ភស្តុតាងប្រវត្តិសាស្ត្រ និងបច្ចេកទេសផ្កាយរណបផ្លូវការ មិនអាចកែប្រែបានឡើយ! នៅក្នុងកិច្ចពិភាក្សាពិសេសជាមួយទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានប្រកាសអះអាងយ៉ាងម៉ឺងម៉ាត់ថា ប្រាសាទតាមាន់ធំ គឺស្ថិតនៅក្នុងទឹកដីអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។ ការចេញមុខពន្យល់ជាសាធារណៈនេះ ធ្វើឡើងបន្ទាប់ពីនាយកដ្ឋានវិចិត្រសិល្បៈរបស់ថៃ កាលពីកំឡុងខែខុសភា ឆ្នាំ២០២៦ បានប្រកាសលបលួចចុះបញ្ជីប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងបុរាណស្ថានរបស់ខ្មែរជាច្រើនទៀតទៅក្នុងបញ្ជីជាតិរបស់ខ្លួន ក្នុងកម្មវត្ថុផ្តល់ការការពារផ្លូវច្បាប់ក្រោមច្បាប់អភិរក្សបេតិកភណ្ឌរបស់គេ ដែលជាទង្វើខុសច្បាប់អន្តរជាតិ និងគ្មានអានុភាពគតិយុត្តទាល់តែសោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq1TzLxvejEPvW-zg5dwxR7hNIwqScW-mn4jBCBCUeDkHNDhQk5nIZAR2KCwywxhcSk5X-rkO3Sco6VVprbeyPZ2P4baWFpuxa6I9teu6iAO6BMY_9x8iaCggYrSAHyUclmRsPNyZ3RkurQwCbg6pg8grSG7i5zp7kZhM8CgbeIicGJv8hGQq2FGuV7Cw/s1024/photo_2026-07-09_10-18-17%20(2).jpg
នៅក្នុងកិច្ចពិភាក្សាដដែលនោះ លោក អ៊ិត សុត្ថា បានលើកយកផែនទីថតតាមផ្កាយរណបជាក់ស្តែង មកបង្ហាញពីខ្សែបន្ទាត់ខណ្ឌចែកព្រំដែនរវាងកម្ពុជា និងថៃ។ នៅក្នុងនោះ ពណ៌ក្រហមតំណាងឱ្យខ្សែបន្ទាត់ព្រំដែនដែលគូសនៅសម័យអាណានិគមនិយមបារាំង ចំណែកពណ៌ខៀវជាខ្សែបន្ទាត់ដែលភាគីថៃបានលួចគូសដោយឯកតោភាគី។ មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាពិនិត្យលើខ្សែបន្ទាត់ពណ៌ក្រហមរបស់បារាំងក្តី ឬខ្សែបន្ទាត់ពណ៌ខៀវដែលថៃគូសដោយខ្លួនឯងក្តី គឺសុទ្ធសឹងតែបង្ហាញទិន្នន័យដូចគ្នា ពោលគឺប្រាសាទតាមាន់ធំត្រូវស្ថិតនៅក្នុងដែនដីអធិបតេយ្យរបស់កម្ពុជាទាំងស្រុង ដោយគ្មានការប្រកែកបានឡើយ។ លោកបានសង្កត់ធ្ងន់ថា ទោះបីជាបច្ចុប្បន្នភាគីថៃកំពុងតែប៉ុនប៉ងគូសវាសខ្សែបន្ទាត់ព្រំដែនថ្មីជាឯកតោភាគីយ៉ាងណាក៏ដោយ ក៏រាល់សន្លឹកផែនទីលួចលាក់ទាំងនោះ គឺគ្មានតម្លៃបច្ចេកទេស និងមិនមានអានុភាពអនុវត្តតាមផ្លូវច្បាប់អន្តរជាតិឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdZqRmhugst8f5VmPqm6g33eaymvTYHgm9SfMjatsnNrkhYl-DFk7rYQ5BL7vGWCpAnWXIiPNYo_i8eQxLG8OO_9nyJiCvoLEau0VtuAbXBOczxWMTjl1SOU2yijClKGxexX-XBxaXRT6I7_mcU4H74_WK_QM0jTxZ8RJnfzSikd0Z3MRH4LNyfUKjnos/s1024/photo_2026-07-09_10-18-18.jpg

កាលណោះ កម្ពុជា តាមរយៈក្រសួងវប្បធម៌ បានប្រកាសតវ៉ាយ៉ាងដាច់អហង្ការ ដោយបញ្ជាក់ថា ការចុះបញ្ជីប្រាសាទបុរាណរបស់ខ្មែរទៅក្នុងបញ្ជីជាតិបុរាណរបស់ថៃ នឹងមិនអាចធ្វើជាភស្តុតាងសម្រាប់ការកំណត់អធិបតេយ្យភាពទឹកដី ឬធ្វើជាឧបករណ៍កំណត់ព្រំដែនបានឡើយ។ ទោះជាយ៉ាងណា ភាគីថៃហាក់មិនរអាការតវ៉ានេះទេ ដោយនៅតែបន្តអះអាងថាប្រាសាទទាំងនោះជារបស់ខ្លួន និងថែមទាំងបើកលក់សំបុត្រឱ្យភ្ញៀវទេសចរចូលទស្សនាទៀតផង។ ស្ថានភាពកាន់តែឡើងកម្តៅខ្លាំង ក្រោយពេលកាលពីថ្ងៃអាទិត្យ ទី៥ កក្កដា កន្លងទៅនេះ មេបញ្ជាការយោធភូមិភាគទី២ និងយោធភូមិភាគទី៣ របស់កងទ័ពភូមិន្ទថៃ បានចេញបញ្ជាទៅកាន់កងកម្លាំងរបស់ខ្លួន ឱ្យត្រៀមលក្ខណៈជាស្រេចដើម្បីបន្តការពារប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់ភ្នំ ៣៥០ ដែលពួកគេបានលបលួចដណ្តើមគ្រប់គ្រងពីប្រទេសកម្ពុជាកាលពីឆ្នាំ ២០២៥ កន្លងទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmwgzHRor6mKUARD_U49tMoLMybqUoD4u53je_rh7Sw7BH7VpdnLUA5Kgjky87f7x7L_kPvG1bDE8_GCf9WpHoEd7XxNwIsiCyZLkMrwQjKJ2gSb0BCoNlV1a8cFWhgNtUHng1Abl4-A8syCFKi4ggLmjqK6xyX-8pCYl3xJLkufbkiwOYTRtYtI7tvqs/s1024/photo_2026-07-09_10-18-17.jpg
សរុបសេចក្តីមក ការបង្ហាញភស្តុតាងផ្កាយរណប និងឯកសារច្បាប់អន្តរជាតិពីសំណាក់លោក អ៊ិត សុត្ថា បានពង្រឹងនូវទំនុកចិត្តយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប អំពីកិច្ចការពារសម្បត្តិបេតិកភណ្ឌដូនតា និងដែនដីអធិបតេយ្យភាពជាតិ។ ទោះបីជាភាគីថៃព្យាយាមប្រើប្រាស់កម្លាំងយោធា និងច្បាប់ឯកតោភាគីផ្ទៃក្នុងមកធ្វើជាឈ្នាន់រំលោភបំពានយ៉ាងណាក៏ដោយ ក៏វត្តមាននៃខ្សែកំណត់ព្រំដែនដើមរបស់បារាំង និងផែនទីបច្ចេកទេស L7017 របស់ថៃផ្ទាល់ នៅតែជាសាក្សីរស់ដ៏មានឥទ្ធិពលបំផុត ក្នុងការឆ្លុះបញ្ចាំងពីសច្ចភាពប្រវត្តិសាស្ត្រដែលមិនអាចប្រកែកបានថា ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ គឺជារបស់កម្ពុជាទាំងស្រុងជារៀងរហូត៕