និន្នាការថ្មីមួយបានកើតឡើងនៅប្រទេសកូរ៉េខាងត្បូង និងកំពុងអង្រួនចិត្តយុវវ័យយ៉ាងខ្លាំង! ក្រុមយុវវ័យបានបោះបង់ការស្វែងរកគូស្រករតាម App ណាត់ជួប ឬតាមក្លិបកម្សាន្ត ហើយងាកមកចូលរួមកម្មវិធីដែលរៀបចំឡើងក្នុងវត្តវិញម្តង ដើម្បីស្វែងរកស្នេហាពិត យល់ចិត្តស៊ីជម្រៅ និងមានសេចក្តីសុខផ្លូវចិត្ត។ តើកម្មវិធីណាត់ជួបក្នុងវត្តនេះ មានអាថ៌កំបាំងអ្វីខ្លះ ទើបអាចទាក់ទាញយុវ័យឱ្យចុះឈ្មោះចូលរួមរាប់ពាន់នាក់បែបនេះ?

បច្ចុប្បន្ន យុវវ័យកូរ៉េខាងត្បូងបានកាត់បន្ថយការដើរលេងតាមក្លិបកម្សាន្ត ហើយងាកមកចុះឈ្មោះចូលរួមកម្មវិធីរកគូស្រករនៅតាមវត្តអារាមព្រះពុទ្ធសាសនាយ៉ាងច្រើនកុះករ។ កម្មវិធីនេះមានឈ្មោះថា «I’m Solo at the Temple» រៀបចំឡើងដោយមូលនិធិសុខុមាលភាពសង្គមនៃនិកាយ Jogye ដែលជានិកាយព្រះពុទ្ធសាសនាដ៏ធំបំផុតនៅប្រទេសកូរ៉េខាងត្បូង។

កម្មវិធីនឹងរៀបចំនៅវត្ត Naksansa ទីក្រុងយ៉ាងយ៉ាង ខេត្តហ្គាងវ៉ុន គឺមានយុវវ័យមកដាក់ពាក្យរហូតដល់ ៤,២២៥នាក់ (មានបុរស ១,៦៥៥នាក់ និងនារី ២,៥៧០នាក់) ប៉ុន្តែខាងវត្តទទួលត្រឹមតែ ២០នាក់ប៉ុណ្ណោះ (បុរស ១០នាក់ និងនារី ១០នាក់) ដើម្បីចូលរួមកម្មវិធីកម្សាន្តបន្ធូរអារម្មណ៍ រួមមាន ការផឹកទឹកតែ ជជែកគ្នាលេង, ដើររើសសំរាមសម្អាតបរិស្ថាន និងហាត់ប្រាណជាមួយគ្នា ចាប់ពីថ្ងៃទី១១ ដល់ ១២ ខែកក្កដា ឆ្នាំ២០២៦។
.jpg)
បើតាមអ្នករៀបចំកម្មវិធី គឺកាលពីខែកញ្ញា ឆ្នាំ២០២៥ ក៏បានរៀបចំកម្មវិធីបែបនេះដែរ ហើយមានអ្នកមកចុះឈ្មោះចូលរួមត្រឹមតែ ២,៦២០នាក់ប៉ុណ្ណោះ។ រីឯការចុះឈ្មោះចូលរួមពេលនេះច្រើន ដោយសារខាងវត្តទទួលយុវវ័យមកពីទីក្រុងសេអ៊ូល និងតំបន់ផ្សេងៗ ទើបធ្វើឱ្យមានអ្នកចាប់អារម្មណ៍ខ្លាំង ហើយកម្មវិធីបែបនេះនឹងត្រូវរៀបចំម្តងទៀត នាខែសីហា ។ បច្ចុប្បន្ន កម្មវិធីត្រូវបានពង្រីកទៅតាមតំបន់នានានៅទូទាំងប្រទេស ថែមទាំងមានគម្រោងបើកទទួលយុវវ័យបរទេសដែលចង់មកបង្កើតគ្រួសារនៅកូរ៉េខាងត្បូងទៀតផង។
ចំណែកយុវវ័យប្រាប់ថា ចង់ចូលរួម ពីព្រោះបរិយាកាសស្ងប់ស្ងាត់ក្នុងវត្តជួយឱ្យពួកគេបើកចិត្ត និងយល់ពីគ្នាស៊ីជម្រៅ ជាងការណាត់ជួបនៅកន្លែងផ្សេងមានសភាពអ៊ូអរ។ ម្យ៉ាងទៀត អ្នកដែលមកចូលរួមសុទ្ធតែមានបំណងចង់បានគូស្រករពិតប្រាកដឈានទៅរៀបអាពាហ៍ពិពាហ៍រស់នៅជាមួយគ្នានាថ្ងៃអនាគត។
សូមបញ្ជាក់ថា នេះជាគំនិតផ្តួចផ្តើមមួយដែលជួយឱ្យយុវវ័យមានឱកាសស្គាល់គ្នារហូតអាចបង្កើតទំនាក់ទំនង ស្របពេលបច្ចុប្បន្ន ប្រទេសកូរ៉េខាងត្បូងប្រឈមនឹងបញ្ហាអត្រាកំណើតធ្លាក់ចុះ ដោយសារឪពុក-ម្តាយទើបរៀបការមិនចង់បានកូន៕










