ឡុង លីងគ័ង្គ ដែលជាអតីតបេក្ខជនក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១ ក្នុងឆ្នាំ២០១៧ កំពុងទទួលបានមតិសរសើរក្រោយពីឃើញស្នាដៃរបស់អ្នកចម្រៀងវ័យក្មេងរូបនេះមានសមត្ថភាពអាចផលិតបទចម្រៀងដោយខ្លួនឯងបាន។ .png)
ថ្មីៗនេះផលិតកម្មរស្មីហង្សមាសបានចេញផ្សាយបទថ្មីរបស់ ឡុង លីងគ័ង្គ សហការជាមួយនឹង សុខ សុជាតា មានចំណងជើងថា «Only You»។ មួយបទនេះគឺជាការសរសេរដោយអ្នកទាំងពីរផ្ទាល់និងជាប្រភេទបទមនោសញ្ចេតនាស្នេហា ខណៈការថតគឺនៅផ្នែកតំបន់សមុទ្រនៅឆ្នេរអូរត្រេះ និងកោះតាគៀវ។ អ្វីដែលធ្វើឱ្យទស្សនិកជនបើកភ្នែកធំៗគឺថា ផលិតករផ្នែកតន្រ្តី ការរៀបចំ និង Mixing និង Mastering គឺជាស្នាដៃផ្ទាល់របស់ ឡុង លីងគ័ង្គ ទាំងអស់។

ទស្សនិកជនជាច្រើនបានបញ្ចេញមតិសរសើរនិងវិជ្ជមានច្រើនចំពោះបទថ្មីនេះតាមរយៈស្នាដៃរបស់តារាចម្រៀងវ័យក្មេងដែលមានសមត្ថភាពដូចនេះ។ ឡុង លីងគ័ង្គ បាននិយាយនៅក្នុងវីដេអូមួយពីសកម្មភាពក្រោយឆាកថត MV នេះថា បទចម្រៀងនេះគឺបានធ្វើតាំងពី១ឆ្នាំមុនមកម្ល៉េះប៉ុន្តែបានទុកចោលរហូតចុងក្រោយរូបគេមានអារម្មណ៍ចង់ធ្វើឡើងវិញបន្ទាប់មកក៏បានកែសម្រួលឱ្យកាន់តែល្អ។ ប៉ារ៉ូលបទនេះក៏មានការសហការពី សុខ សុជាតា ដូចគ្នា។ សុជាតា បានបង្ហាញថានាងមានអារម្មណ៍ថារំភើបដែលអាចសរសេរប៉ារ៉ូលចម្រៀងបានដោយហៅវាថាជាបទពិសោធន៍ថ្មីសម្រាប់នាង។ ឡុង លីងគ័ង្គ ក៏សរសើរទៅកាន់ សុខ សុជាតា ដូចគ្នាដែលដៃគូរបស់ខ្លួនមានសមត្ថភាពចំណាយពេលត្រឹម៣ម៉ោងអាចបញ្ចប់បារ៉ូលចម្រៀងបាន។
ទស្សនិកជនបានសរសើរ ឡុង លីងគ័ង្គ ថាជាក្មេងដែលមានសមត្ថភាពពិតៗ បទចេញមកមួយៗគឺអេមនិងពីរោះ។ អ្នកគាំទ្រខ្លះក៏កត់សម្គាល់ពីអ្នកទាំងពីរដូចគ្នាដោយភ្លេចខ្លួនតែមួយភ្លែតពួកគេទាំងពីរកំលោះក្រមុំបាត់។

គួរជម្រាបជូនថាក្នុងពេលប្រកួត The Voice Kids Cambodia រដូវកាលទី១ក្នុងឆ្នាំ២០១៧ ឡុង លីងគ័ង្គ ទើបតែមានវ័យ៩ឆ្នាំប៉ុណ្ណោះ ក្រោយកន្លងផុតមក៨ឆ្នាំក្មេងប្រុសម្នាក់នេះបានដុសខាត់សមត្ថភាពខ្លួនឯងអាចផលិតចម្រៀងបាន។ ចំណែកឯ សុខ សុជាតា វិញនៅពេលប្រលងកម្មវិធីនេះមានអាយុ១២ឆ្នាំហើយពេលនេះពេញរូបពេញរាងមានសម្រស់កាន់តែស្រស់ស្អាត៕










