ហ្វីយ៉ាតា ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបង្ហាញថាទោះបីជានាងមិនចេញទៅប្រកួតកាលពីឆ្នាំមុននៅឯប្រទេសថៃហើយរង់ចាំការប្រកួតនៅប្រទេសផ្សេងក៏មានអ្នករារាំងមិនឱ្យនាងចេញទៅប្រកួតដែរ។ ហ្វីយ៉ាតា បានលើកហេតុផលថាមានមនុស្សមួយក្រុមមិនចង់ឱ្យនាងគ្រងមកុដឡើយ។
ដូចប្រិយមិត្តអ្នកតាមដានវិស័យបវរកញ្ញាមួយចំនួនជ្រាបមកហើយអំពីដំណើរការគ្រងមកុដរបស់ ហ្វីយ៉ាតា ក្នុងនាមជា Miss Universe Cambodia 2025 បានរងនូវភាពចម្រូងចម្រាសយ៉ាងច្រើនទាំងការប្រកួតនៅក្នុងស្រុកនិងការចេញទៅប្រកួតនៅក្រៅស្រុកនៅឯប្រទេសថៃស្របពេលប្រទេសសៀមឈ្លានពានខ្មែរ។ ទោះបីជារឿងនេះបានកន្លងផុតក្តីប៉ុន្តែអ្នកមួយចំនួនបានបង្ហាញការសោកស្តាយពីសមត្ថភាពរបស់ ហ្វីយ៉ាតា ដែលចេញទៅប្រកួតខុសប្រទេសទើបធ្វើឱ្យសមត្ថភាពរបស់នាងមិនត្រូវបានគេមើលឃើញ។
តាមការបង្ហោះ Story របស់ ហ្វីយ៉ាតា មានអ្នកគាំទ្រម្នាក់បានសរសេរថា «នៅតែស្តាយគាត់ បើឆ្នាំមុនកុំទៅប្រកួតនៅថៃឆ្នាំនេះឱ្យគាត់ទៅវិញសមណាស់ស្តាយមនុស្សមានទាំងព្រមមិនងាយរកបានតែ ចូលខុសឆ្នាំ»។ ការលើកឡើងនេះ ហ្វីយ៉ាតា បានឆ្លើយតបវិញថា « ទោះបីមានការរង់ចាំមិនទៅឆ្នាំមុន ហើយឆ្នាំនេះចាំទៅប្រទេសផ្សេង..ក៏ឆ្នាំនេះគេរារាំងផ្លូវមិនឱ្យនាងទៅដែរ។

បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានសង្កត់ធ្ងន់ថា «តាំងពីដើមមក…គេមិនចង់ឱ្យខ្ញុំជាម្ចាស់ ស្រាប់ទៅ ហើយ (មនុស្សមួយក្រុម)»។
ហ្វីយ៉ាតា បានតំណាងប្រទេសកម្ពុជាយ៉ាងមុតមាំក្នុងការប្រកួត Miss Universe លើកទី៧៤ នៅឯប្រទេសថៃ។ ទោះយ៉ាងណា ការប្រកួតតស៊ូយ៉ាងលំបាកនេះមិនអាចឱ្យកម្ពុជាឈានចូលដល់ TOP ឡើយ។ នៅក្នុងការប្រកួតនេះបវរកញ្ញាដែលស្ថិតនៅតំបន់អាស៊ានមានតែ២ប្រទេសប៉ុណ្ណោះដែលអាចចូលTOP30 គឺបេក្ខនារីថៃដែលជាម្ចាស់ផ្ទះ និងបវរកញ្ញាមកពីប្រទេសហ្វីលីពីន ខណៈកម្មវិធីទាំងមូលតាំងពីដើមដល់ចប់មានភាពចម្រូងចម្រាសជាប្រវត្តិសាស្រ្តនៃកម្មវិធីប្រកួតសម្រស់នេះ៕










