ខណៈពេលដែលពិភពលោកតែងតែសម្លឹងមើលមហាអំណាចរុស្ស៊ី ថាជាកំពូលប្រទេសដែលសម្បូរទៅដោយប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិដ៏ធំបំផុតមួយនោះ ស្រាប់តែពេលនេះ រឿងរ៉ាវដែលមិនគួរឱ្យជឿបានកើតឡើងហើយ គឺប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញមុខទទួលស្គាល់ជាផ្លូវការថា ប្រទេសរុស្ស៊ីកំពុងតែប្រឈមមុខនឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរនៅតាមតំបន់មួយចំនួន ដែលធ្វើឱ្យប្រជាពលរដ្ឋត្រូវឈរតម្រង់ជួរយ៉ាងវែងអនេកនៅតាមស្ថានីយចាក់ប្រេង។.jpg)
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ លោក ពូទីន បានថ្លែងថា វិបត្តិនេះបានកើតឡើងបន្ទាប់ពីមានការវាយប្រហារដោយដ្រូនជាបន្តបន្ទាប់ពីសំណាក់អ៊ុយក្រែន ទៅលើទីតាំងរោងចក្រចម្រាញ់ប្រេង និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់រុស្ស៊ី ដែលធ្វើឱ្យសមត្ថភាពចម្រាញ់ប្រេងនៅក្នុងស្រុកបានធ្លាក់ចុះយ៉ាងខ្លាំង។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ រួមមាន តំបន់ចុងបូព៌ា (Far East), តំបន់វ៉ុលហ្គា (Volga), តំបន់ភាគខាងត្បូង និងជាពិសេស គឺតំបន់គ្រីមៀ (Crimea) ដែលអាជ្ញាធរមូលដ្ឋានបានប្រកាសអាសន្នរួចទៅហើយ។.jpg)
ដើម្បីស្រោចស្រង់ស្ថានភាពដ៏ទាល់ច្រកនេះ វិមានក្រឹមឡាំងបានដាក់ចេញនូវវិធានការក្តៅចំនួន ៤ចំណុចភ្លាមៗ៖
១-បង្កើតក្រុមការងារពិសេស ដើម្បីតាមដាន និងធានាការចែកចាយប្រេងឥន្ធនៈឱ្យបានទូទាំងប្រទេស ២៤ម៉ោង លើ ២៤ម៉ោង។
២-ចាប់ផ្តើមបញ្ចេញប្រេងពីឃ្លាំងបម្រុង និងពន្យារពេលការបិទរោងចក្រចម្រាញ់ប្រេង ដើម្បីជំរុញការផលិតឱ្យបានជាអតិបរមា។
៣-ពិចារណាលើការហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតទាំងស្រុង បន្ថែមលើបម្រាមនាំចេញប្រេងសាំងដែលមានស្រាប់ ដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក ជាពិសេស សម្រាប់វិស័យកសិកម្មក្នុងរដូវប្រមូលផល។

៤-ភារកិច្ចសំខាន់បំផុត គឺការបង្កើនសមត្ថភាពការពារដែនអាកាស ដើម្បីទប់ស្កាត់ការវាយប្រហារបន្ថែមពីសំណាក់អ៊ុយក្រែន។
សូមបញ្ជាក់ថា ការចេញមុខទទួលស្គាល់របស់លោក ពូទីន នៅពេលនេះ មិនត្រឹមតែជាកង្វល់របស់ពលរដ្ឋរុស្ស៊ីនោះទេ ប៉ុន្តែវាបានបង្កើតជាសញ្ញាប្រកាសអាសន្ន និងធ្វើឱ្យទីផ្សារថាមពលពិភពលោករញ្ជួយភ្លាមៗ ដែលអាចរុញច្រានឱ្យតម្លៃប្រេងអន្តរជាតិហក់ឡើងខ្ពស់ដល់កំពូលម្តងទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ៕










