ទំនងខ្លាចស្រមោលខ្លួនឯង ឬខ្លាចខ្មែរលើសខ្លួន បានជាមហាជនថៃចាប់អារម្មណ៍ខ្លាំងបំផុតទាក់ទងនឹងប្រទេសរុស្ស៊ីត្រៀមជួយសព្វាវុ.ធមកកម្ពុជា ដែលវាបានក្លាយជាប្រធានបទដ៏ក្តៅគគុកពេញបណ្តាញសង្គមនៅក្នុងប្រទេសថៃ ដោយមានអ្នកបញ្ចេញមតិយោបល់វែកញែកមិនចេះស្វាងឡើយ!
ថ្មីៗនេះ សារព័ត៌មានល្បីៗរបស់ថៃ ដូចជា Amarin News និង PPTV បានយកទៅចុះផ្សាយយ៉ាងព្រោងព្រាត អំពីការប្រកាសរបស់រុស្ស៊ី ក្នុងការត្រៀមខ្លួនជួយកម្ពុជាទាំងផ្នែកសព្វាវុធ និងសន្តិសុខថាមពល ដែលរឿងនេះបានធ្វើឱ្យមហាជនថៃបង្ហាញការចាប់អារម្មណ៍ និងមានការព្រួយបារម្ភយ៉ាងខ្លាំង។
តើហេតុអ្វីបានជាពួកគេព្រួយបារម្ភម្ល៉េះ តើនេះមិនមែនជាចេតនាច្រណែននឹងកម្ពុជា ដែលមានអ្នកជួយគាំទ្រ ខុសពីប្រទេសខ្លួន ចេះតែមានគំនិតឈ្លានពាន ចង់បានទឹកដីកម្ពុជា មិនអៀនខ្មាស់នោះទេឬ? តើវាយដណ្តើមហើយបានចំណេញអ្វីខ្លះ? ក្រៅពីបិទព្រំដែន បិទសេដ្ឋកិច្ច បិទទំនាក់ទំនងការទូតហើយ តើថៃចំណេញអ្វីមកវិញពីកម្ពុជា? ក្រៅពីបន្សល់នូវកេរ្តិ៍ឈ្មោះអាសោធបន្តជំនាន់ ថៃ ឬសៀមបានបន្សល់នូវប្រវត្តិសាស្ត្រថ្មីៗសម័យឌីជីថល ច្បាស់ៗ មិនដូចកាលមុនមានតែលើក្របសៀវភៅប្រវត្តិសាស្ត្រ តែពេលនេះ ងាយរកពេញបណ្តាញសង្គម ពេញ Internet ថា ទង្វើកងទ័ពថៃ សាហាវ ឃោឃៅ ព្រៃផ្សៃ ល្មោភសង្គ្រាមប៉ុណ្ណា ស្របពេលដែលប្រទេសនៅក្នុងសកលលោកភាគច្រើន សហការការពារគាំទ្រសន្តិភាព រហូតទ្វីបខ្លះលែងទាំងមានរបងហាមឃាត់ប្រជាជនឆ្លងកាត់ទៅហើយ តែបែរជាសៀម ឬថៃសម័យថ្មី វាយដណ្តើមទឹកដីប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ឲ្យរស់នៅទាំងវេទនាគ្មានទីជម្រក។
តើនេះហើយឬដែលថៃចង់បានលទ្ធផល តើនេះឬដែលថៃចំណេញទាំងសេដ្ឋកិច្ច ទាំងការទូតនោះ?
ទំនងជាដេកភ័យនឹងស្រមោលអតីតកាល ការធ្វើទង្វើអាក្រក់មកកម្ពុជារាប់សតវត្សដែលអន្តរជាតិមិនខ្វល់ តែពេលនេះ ខុសពីពេលមុន ក្រោមការដឹកនាំដ៏ឆ្លាតវៃ ស្ងាត់ តែមិនស្ងៀម សន្តិភាពនិយម ការអត់ធ្មត់ជាជម្រើសល្អបំផុតសម្រាប់ប្រទេសដែលស្រឡាញ់សន្តិភាព ព្រោះសន្តិភាព ត្រូវប្តូរដោយជីវិត មិនមែនបានដោយងាយៗឡើយ។
កម្ពុជាដែលកាលពីជិត៥០ឆ្នាំមុនពោពេញដោយឈាម ទឹកភ្នែក ពេលនេះ កម្ពុជាពិតជាត្រូវការសន្តិភាព។
តែអ្នកដែលធ្វើទង្វើអាក្រក់តែងតែភ័យនៅពេលដែលអន្តរជាតិបានសម្តែងការសោកស្តាយ និងចង់ជួយកម្ពុជា តួយ៉ាង ដូចជាពេលថ្មីៗនេះ ផ្ទុះការវែកញែកជុំវិញព័ត៌មានដែលរុស្ស៊ីត្រៀមជួយសព្វាវុធមកដល់កម្ពុជានាពេលនេះ បណ្តាលឲ្យពលរដ្ឋថៃបានចេញមតិខុសៗគ្នា៖
ក្រុមទី១ បង្ហាញក្តីបារម្ភភ័យនឹងកម្ពុជា៖ ពួកគេខ្លាចថា ជំនួយបច្ចេកវិទ្យាយោធា និងសព្វាវុធទំនើបពីរុស្ស៊ី នឹងធ្វើឱ្យកម្ពុជាមានសមត្ថភាពការពារជាតិកាន់តែខ្លាំង រហូតអាចធ្វើឱ្យថៃចាញ់ប្រៀប ប្រសិនបើមានជម្លោះព្រំដែនផ្ទុះឡើងម្តងទៀត ដោយមើលឃើញថា កម្ពុជាមានបង្អែកដ៏រឹងមាំទាំងចិន និងរុស្ស៊ី។
ក្រុមទី២ ក្រុមផ្សាយការរិះគន់រដ្ឋាភិបាលថៃ ឬអាចហៅថាមានហេតុផល៖ ពួកគេបានរិះគន់រដ្ឋាភិបាលថៃខ្លួនឯងចំៗ ដែលបង្កើតជម្លោះ ដោយសារតែការគាំទ្រក្រុមជាតិនិយមជ្រុល ដែលជាការរុញច្រានឱ្យកម្ពុជាពង្រឹងសម្ព័ន្ធភាពជាមួយមហាអំណាចខាងក្រៅ។ ដោយក្រុមនេះគិតថា បើមិនទាល់ច្រកទេ កម្ពុជាប្រាកដជាមិនពឹងអ្នកដទៃឡើយ ព្រោះកន្លងមក បានសុខទុក្ខជាមួយគ្នាមិនមានបញ្ហាអ្វីរាំងស្ទះឡើយ។ សន្តិភាពជាមួយគ្នា ប្រកបអាជីវកម្មជាមួយគ្នា រស់នៅដោយសុខសន្តិភាព រីកចម្រើនទាំងអស់គ្នា ជាពិសេស អ្នកនៅតាមជាយដែន និងអ្នកផលិតផលិតផលថៃ គឺជាអ្នកចំណេញដល់សេដ្ឋកិច្ចថៃ និងកម្ពុជា។
ក្រុមទី៣ ក្រុមអ្នកយល់ដឹងពីភូមិសាស្ត្រនយោបាយ៖ ពួកគេយល់ថា វាជារឿងធម្មតាទេ ក៏ព្រោះកម្ពុជា និងរុស្ស៊ី ធ្លាប់មានទំនាក់ទំនងយោធាជាយូរមកហើយ
ហើយកម្ពុជាមានសិទ្ធិពេញលេញក្នុងការស្វែងរកដៃគូដើម្បីពង្រឹងការការពារជាតិខ្លួនឯង។ ក្រុមនេះមិនបានដាក់សម្ពាធទៅខាងភាគីណាឡើយ។
យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានគូសបញ្ជាក់ថា រុស្ស៊ីនឹងពិនិត្យមើលរាល់លទ្ធភាពជាក់ស្តែង នៅក្នុងការផ្គត់ផ្គង់គ្រឿងសព្វាវុធ បរិក្ខារយោធាទំនើបៗ ការបណ្តុះបណ្តាលនាយទាហានខ្មែរ ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍លើផ្នែកសន្តិសុខបច្ចេកវិទ្យា (Cybersecurity) ដើម្បីធានាដល់ការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ សេចក្តីនេះសបញ្ជាក់ឱ្យឃើញថា រុស្ស៊ីនៅតែជាបង្អែកយុទ្ធសាស្ត្រដ៏គួរឱ្យទុកចិត្តមួយសម្រាប់កម្ពុជាជានិច្ច៕










