Allan ដែលជាអ្នក Reviews ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ជីកសួរពីខ្សែភាពយន្តដែលលោកផលិតក្រោមទុន៨ម៉ឺនដុល្លារជាមួយនឹងការថត៣ទីតាំងទាំងក្នុងនិងក្រៅប្រទេសតើស្ថិតនៅក្នុងដំណាក់កាលណាហើយ។ Allan បានឆ្លើយតបទៅកាន់អ្នកលេងបណ្តាញសង្គមម្នាក់ដោយបញ្ជាក់ថាឆាប់ៗនេះ។

ថ្មីៗនេះ Allan បានចេញវីដេអូ Reviews មួយអំពីសំឡេងនៅក្នុងក្លិបកម្សាន្តថ្មីមួយដែលជាម្ចាស់ម៉ាតមួយកន្លែង។ វីដេអូរបស់លោកបានជំរុញឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចង់ដឹងចង់ឃើញអំពីការផលិតភាពយន្តរបស់លោក ក្រោមការវិនិយោគទុនរបស់លោក អឿន សុខន អ្នកជំនាញហិរញ្ញវត្ថុ និងតាមដានទីផ្សារមាសអន្តរជាតិ ។ .png)
រម្លឹកទៅកាន់ខែកញ្ញា ឆ្នាំ២០២៤ Allan បានធ្វើឱ្យបណ្តាញសង្គមរង្គោះរង្គើបន្ទាប់ពីលើកឡើងថារឿងនាងនាថវគ្គ២ដែលជាការផលិតរបស់ LD គឺចាញ់រឿងវគ្គមួយទៅទៀត។ ការខកចិត្តដែលវគ្គ២ចាញ់វគ្គ១នេះបានធ្វើឱ្យក្លាយជារឿងចម្រូងចម្រាសរហូតឈានដល់ លោក អឿន សុខន សុខចិត្តចំណាយថវិកាចំនួន៨ម៉ឺនដុល្លារឱ្យ Allan ថតខ្សែភាពឱ្យបានល្អ។ Allan ថែមទាំងបញ្ជាក់ទៀតថាការថតភាពយន្តរបស់ខ្លួននឹងមានទីតាំង៣ធំៗគឺនៅភ្នំពេញ, ខេត្តសៀមរាប និងប្រទេសជប៉ុន។ កិច្ចសន្យារវាងភាគីក៏បញ្ជាក់ទៀតថាប្រសិនជា Allan ធ្វើមិនបាននឹងប្រគល់ប្រាក់ចំនួន៨ម៉ឺនដុល្លារវិញ។

បន្ទាប់ពី Allan និងលោក អឿន សុខន យល់ព្រមវិនិយោគជាមួយគ្នារួចគេក៏បានឃើញអ្នក Reviews រូបនេះបង្ហោះរូបនៅប្រទេសជប៉ុនកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយចាប់តាំងពីពេលនោះមកផេកហ្វេកប៊ុករបស់ Allan ក៏មិនបានអាប់ដេតអ្វីបន្ថែមទៀតដែរ។
ទោះយ៉ាងណា រឿងរ៉ាវដ៏រសើបរបស់ Allan ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមសើររើម្តងទៀតបន្ទាប់ពីឃើញលោកចេញ Reviews ក្លិបកម្សាន្តថ្មីមួយ។ អ្នកលេងទិកតុកជាច្រើនរួមបានចូលទៅបញ្ចេញមតិយោបល់ទៅកាន់ Allan និងចង់ដឹងថាពេលណាខ្សែភាពយន្តរបស់លោកចេញផ្សាយ។ ការជីកសួររបស់សាធារណជនមិនបានធ្វើឱ្យ Allan គេចវេសមិនឆ្លើយអ្វីនោះទេដោយលោកបានឆ្លើយតបទៅកាន់អ្នកលេងទិកតុកថា ឆាប់ៗខាងមុខនេះពេលណាចេញនឹងដឹងហើយ៕










