ភ្នំពញ ៖ ក្រុមវិនិយោគិននិងធុរជនជនជាតិចិន នៅកម្ពុជាមួយក្រុម បានប្រកាសពីការរៀបចំសន្និសីទអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មកម្ពុជា-ចិន ឆ្នាំ ២០២៦ នៅថ្ងៃទី១៧ និងទី១៨ ខែកក្កដា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្ររាជធានីភ្នំពេញ ។ នេះបើតាមការបញ្ជាក់របស់សមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជាកាលពីពេលថ្មីៗនេះ ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៦ មិថុនា ឆ្នាំ ២០២៦ លោកហៃ ស៊ីន ប្រធានប្រតិបត្តិនៃសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្ម កម្ពុជា បានប្រសាសន៍ថា ពិព័រណ៍ដែលនឹងរៀបចំនៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៦ខាងមុខនេះ គ្រោងនឹងរៀបចំលើផ្ទៃដីសរុបលើសពី៦.០០០ម៉ែត្រការ៉េ និងមានស្ដង់ដាក់តាំងបង្ហាញចំនួន២០០ស្ដង់ ដែលធ្វើឱ្យពិព័រណ៍នេះ ក្លាយជាពិព័រណ៍ឧស្សាហកម្មថ្នាក់ជាតិដ៏ធំ និងមានលក្ខណៈវិជ្ជាជីវៈខ្ពស់បំផុតមួយនៅកម្ពុជាក្នុងឆ្នាំ ២០២៦ ។
លោកបន្តថា នៅក្នុងឱកាសនោះដែរ នឹងមានសហគ្រាសចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួនទាំងក្នុងនិងក្រៅប្រទេស រួមទាំងប្រទេសចិនសរុបចំនួនប្រមាណ១០០ក្រុមហ៊ុន/សហគ្រាស ក្នុងវិស័យឧស្សាហកម្ម ។
លោកបន្ថែមថា តាមរយៈសន្និសីទអភិវឌ្ឍន៍ឧស្សាហកម្ម និងពិព័រណ៍នេះ លោករំពឹងថានឹងចូលរួមក្នុងការជំរុញនិងអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាបន្ថែមទៀត និងជាពិសេស នឹងអាចទាក់ទាញវិនិយោគិនមកពីប្រទេសចិនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែម ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ។
លោកផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់ នៃការធ្វើបរិវត្តកម្ម និងការធ្វើទំនើបកម្មវិស័យឧស្សាហកម្ម ប្រែក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមយ៉ាងសកម្មក្នុងការជំរុញនិងការធ្វើឱ្យប្រសើរឡើង នៃរចនាសម្ព័ន្ធឧស្សាហកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទាក់ទាញវិនិយោគិន ដែលមានគុណភាពខ្ពស់ឱ្យចូលមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ .jpg)
លោកបន្តថា ព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងក្លាយជាវេទិកាឧស្សាហកម្មដ៏មានសារសំខាន់ ដែលនឹងបង្កើតឱកាសសម្រាប់សហគ្រាសក្នុងការផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញការផ្ទេរបច្ចេកវិទ្យា និងការចែករំលែកធនធាន ។
ទន្ទឹមនឹងនេះ វាក៏នឹងរួមចំណែកលើកកម្ពស់តួនាទីនិងភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងខ្សែច្រវាក់ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ផងដែរ ។ ក្រសួងឧស្សាហកម្ម សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំព្រឹត្តិការណ៍នេះ និងសូមលើកទឹកចិត្តដល់សហគ្រាសទាំងក្នុង និងក្រៅប្រទេសឱ្យចូលរួមយ៉ាងសកម្ម ។ 
លោកជឿជាក់ថា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋ សមាគម និងការចូលរួមយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន ពិព័រណ៍នេះ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងរួមចំណែកបង្កើតកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជា ៕
Home ព័ត៌មានសេដ្ឋកិច្ច វិនិយោគិន និងធុរជនចិននៅកម្ពុជា គ្រោងនឹងរៀបចំពិព័រណ៍ឧស្សាហកម្មធំមួយ នៅពាក់កណ្ដាលខែក្រោយនេះ







