វិបត្តិពាណិជ្ជកម្មបង្គារវាងថៃ និងម៉ាឡេស៊ី កំពុងឡើងកម្តៅយ៉ាងខ្លាំង បន្ទាប់ពីម៉ាឡេស៊ីប្រកាសផ្អាកនាំចូល និងងាកមកពឹងផ្អែកលើការផ្គត់ផ្គង់ក្នុងស្រុកវិញ។ ស្ថានភាពនេះបានរុញច្រានឱ្យកសិករថៃស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន និងកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើរដ្ឋាភិបាលឱ្យបើកការចរចាបន្ទាន់។.jpg)
បម្រាមបណ្តោះអាសន្នរបស់ម៉ាឡេស៊ីលើការនាំចូលបង្គាថៃ ចំនួន ៥ ប្រភេទ ដែលបានអនុវត្តតាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើឱ្យបង្គារាប់ពាន់តោនត្រូវកកស្ទះ។ វិបត្តិនេះធ្វើឱ្យតម្លៃបង្គានៅភាគខាងត្បូងប្រទេសថៃ ដាំក្បាលចុះយ៉ាងគំហុករហូតដល់ ២០% (ធ្លាក់ពី ២០០ បាត មកនៅត្រឹម ១៥០ បាតក្នុងមួយគីឡូក្រាម) ដែលបណ្តាលឱ្យកសិករខាតបង់ដើមទុនរាប់លានបាត។
ទាក់ទិននឹងបញ្ហានេះ ម៉ាឡេស៊ីបានលើកឡើងពីក្តីបារម្ភលើសារធាតុគីមីហាមឃាត់ និងការឆ្លងមេរោគ។ ប៉ុន្តែក្រុមអ្នកជំនាញយល់ថា នេះជាចំណាត់ការសងសឹក (តបត) របស់ម៉ាឡេស៊ី បន្ទាប់ពីថៃបានផ្អាកការនាំចូលត្រីឆ្ពុង (Seabass) ពីម៉ាឡេស៊ីកាលពីខែឧសភា កន្លងទៅ។ បច្ចុប្បន្ន ភាគីថៃបានផ្ញើរបាយការណ៍បកស្រាយស្តង់ដារសុវត្ថិភាពទៅម៉ាឡេស៊ីរួចហើយ ព្រមទាំងព្រមានថា នឹងប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអាស៊ាន (ASEAN) ប្រសិនបើការចរចាទ្វេភាគីត្រូវបរាជ័យ។.jpg)
យោងតាមសារព័ត៌មាន Khaosod កាលពីថ្ងៃទី២៣ ខែមិថុនា អនុប្រធានសមាគមកសិករចិញ្ចឹមបង្គាថៃ បានដាក់លិខិតផ្លូវការទៅកាន់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដោយស្នើឱ្យរដ្ឋាភិបាលអនុវត្ត ដូចជា៖
-ដោះស្រាយក្នុងរយៈពេល ៧ ថ្ងៃ៖ ពន្លឿនការចរចាជាមួយម៉ាឡេស៊ីឱ្យបើកផ្លូវនាំចូលឡើងវិញ។
-ផ្តល់ប្រាក់ឧបត្ថម្ភ៖ ជួយសង្គ្រោះកសិករដែលខាតបង់ដើមទុន តាមរយៈក្រសួងពាណិជ្ជកម្ម។
-ជំរុញទីផ្សារក្នុងស្រុក៖ រៀបចំយុទ្ធនាការលក់បង្គាក្នុងស្រុកដើម្បីរំដោះផលិតផលដែលកកស្ទះ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី Anutin បានបញ្ជាទៅក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ឱ្យជួបពិភាក្សាជាមួយអាជ្ញាធរម៉ាឡេស៊ីជាបន្ទាន់ ដោយលោកសម្តែងក្តីបារម្ភថា បើវិបត្តិនេះអូសបន្លាយ វានឹងបំផ្លាញជីវភាពកសិករ និងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងស្រុង៕










