វិបត្តិរលកកម្ដៅដ៏សាហាវមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ៖ មនុស្សយ៉ាងហោច ៤០នាក់បាត់បង់ជីវិតនៅបារាំង ដោយសាររលកកម្ដៅជាង ៤០អង្សា ដែលជំរុញឱ្យប្រជាពលរដ្ឋជាច្រើនសម្រុកចុះមុជទឹកតាមស្ទឹង ទន្លេ និងបឹងបួរយ៉ាងប្រថុយប្រថានដើម្បីគេចចេញពីសីតុណ្ហភាពដែនដីដ៏សែនក្ដៅ។ ការស្វែងរកភាពត្រជាក់ដើម្បីសម្រាលកាយ បានប្រែក្រឡាស់ទៅជាសោកនាដកម្មលេបត្របាក់ជីវិតមនុស្សយ៉ាងរន្ធត់ ខណៈដែលឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុកំពុងវាយប្រហារតំបន់អឺរ៉ុបខាងលិចយ៉ាងចាស់ដៃ។
យោងតាមរបាយការណ៍ផ្លូវការពីរដ្ឋាភិបាលបារាំង គិតចាប់តាំងពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ មក ករណីលង់ទឹកស្លាប់បានកើនឡើងជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ។ នាយករដ្ឋមន្ត្រីបារាំង លោក សេបាស្ទៀន ឡឺខរនូ (Sébastien Lecornu) បានប្រកាសឱ្យដឹងថា ជនរងគ្រោះភាគច្រើននៃសោកនាដកម្មនេះគឺជាក្រុមកុមារ យុវជន និងក្មេងជំទង់ ដែលបាននាំគ្នាទៅហែលទឹកនៅក្នុងតំបន់ធម្មជាតិដាច់ស្រយាល ឬកន្លែងហាមឃាត់ ដែលគ្មានការត្រួតពិនិត្យ និងគ្មានក្រុមអ្នកជំនាញជួយសង្គ្រោះ (Unsupervised areas)។ ការចុះហែលទឹកទាំងបង្ខំក្នុងស្ថានភាពរាងកាយក្ដៅខ្លាំង ងាយនឹងធ្វើឱ្យមនុស្សជាច្រើនជួបវិបត្តិគាំងបេះដូង ឬទប់ទល់នឹងចរន្តទឹកមិនរួច។.jpg)
យោងតាមទីភ្នាក់ងារឧតុនិយមជាតិ Météo-France បានបញ្ជាក់ថា រលកកម្ដៅនាពេលនេះគឺជាប្រវត្តិសាស្ត្រមិនធ្លាប់មានសម្រាប់ប្រទេសបារាំងចាប់តាំងពីឆ្នាំ១៩៤៧ មក។ សីតុណ្ហភាពជាមធ្យមទាំងថ្ងៃទាំងយប់បានហក់ឡើងដល់ ២៩.៨ អង្សាសេ ខណៈតំបន់ខ្លះដូចជាភូមិ Chateaumeillant និងក្រុង Pissos សីតុណ្ហភាពបានហក់ឡើងខ្ពស់រហូតដល់ទៅ ៤៣.៣ ដល់ ៤៤.៣ អង្សាសេ ឯណោះ។
វិបត្តិសកលនេះបានបង្ខំឱ្យអាជ្ញាធរសម្រេចចិត្តដាក់តំបន់រដ្ឋបាលចំនួន ៥៤ ឱ្យស្ថិតក្រោមការព្រមា
នកម្រិតពណ៌ក្រហម ដែលជាកម្រិតគ្រោះថ្នាក់ខ្ពស់បំផុតដល់ជីវិត ព្រមទាំងតម្រូវឱ្យសាលារៀនរាប់រយកន្លែងត្រូវបិទទ្វារជាបណ្ដោះអាសន្ន និងបិទតំបន់ទេសចរណ៍ធំៗដូចជាវិមាន Eiffel Tower មុនម៉ោងកំណត់។
ក្រៅពីគ្រោះថ្នាក់លង់ទឹក កម្ដៅដ៏សាហាវនេះក៏បានបង្កឱ្យមានការបាត់បង់ជីវិតដោយប្រយោលផ្សេងទៀត ដូចជាករណីកុមារតូចៗ ២នាក់ស្លាប់ក្នុងរថយន្ត និងមនុស្សចាស់ ៣នាក់បានបាត់បង់ជីវិតដោយសារបញ្ហាសុខភាពអាកាសធាតុ។
ជុំវិញសោកនាដកម្មដ៏ធំធេងនេះ លោកស្រី ម៉ារីណា ហ្វេរ៉ារី (Marina Ferrari) រដ្ឋមន្ត្រីក្រសួងកីឡា និងយុវជនបារាំង បានចេញមុខព្រមានធ្ងន់ៗទៅកាន់សាធារណជនថា ការចុះហែលទឹកតាមប្រឡាយ ឬបឹងបួរដែលគេហាមឃាត់ក្នុងអំឡុងពេលរលកកម្តៅ មិនមែនជារឿងដែលត្រូវយកមកលេងសើចឡើយ។ ព្រឹត្តិការណ៍នេះបានក្លាយជាមេរៀន និងជាការដាស់តឿនជាសកលមួយថា វិបត្តិបម្រែបម្រួលអាកាសធាតុលែងជារឿងឆ្ងាយខ្លួនទៀតហើយ ប៉ុន្តែវាបាននិងកំពុងគំរាមកំហែងដល់អាយុជីវិតមនុស្សរៀងរាល់ថ្ងៃ ប្រសិនបើខ្វះការប្រុងប្រយ័ត្ន៕










