គុយទាវមួយតុចេញលុយតែម្នាក់ឯង? នៅពេលកេរ្តិ៍ឈ្មោះ និងអាជីវកម្មដែលខំកសាងមកជាង ១០ឆ្នាំ ត្រូវរលាយបាត់បង់ត្រឹមពេលតែប៉ុន្មានថ្ងៃ ហាងលក់គ្រឿងសមុទ្រដ៏ល្បីឈ្មោះ «ចរណៃ» បានសម្តែងការអន់ចិត្តយ៉ាងខ្លាំង ដែលខ្លួនក្លាយជាមុខសញ្ញាតែមួយគត់ដែលរងការរិះគ.ន់ និងថែមឆ្លៀតផ្លែផ្កាមកកាន់មហាជនវិញថា មុនពេលព័ត៌មាននេះផ្ទុះល្បីអ្នកខ្លះមិនទាំងធ្លាប់បានស្គាល់ «ត្រីត្រោត» ជាអ្វីផង ចុះហេតុអ្វីបានជាពេលមានព័ត៌មានថា ចរណៃយកត្រោតមក “បន្លំ” ជាសាម៉ុន បែរជាលោកអ្នកទៅស្វែងរកទិញត្រីសាម៉ុនស្ទើរតែមិនបាន?
យោងតាមការបង្ហោះនៅព្រឹមថ្ងៃពុធ ទី២៤ មិថុនា ម្ចាស់ហាងចរណៃ បានចោទសួរដេញដោលចំៗទៅកាន់អតិថិជនថា តើមុនពេលផ្ទុះព័ត៌មាននេះ មានមនុស្សប៉ុន្មាននាក់ដែលធ្លាប់បានឮពាក្យថា “ត្រីត្រោត” នៅតាមផ្សារទំនើប និងហាងដទៃទៀត? ហាងចរណៃបានគូសបញ្ជាក់ពីភាពមិនប្រក្រតីថា ភ្លាមៗបន្ទាប់ពីហាងរបស់ខ្លួនរងការចោទប្រកាន់រឿងបន្លំ ស្រាប់តែត្រីសាម៉ុនដែលធ្លាប់តែមានលក់ព្រោងព្រាតនៅលើទីផ្សារ បានបាត់ស្រមោល ហើយហាងដទៃទៀតប្រញាប់ប្រញាល់ប្តូរមកដាក់ស្លាកថា “ត្រីត្រោត” ព្រមៗគ្នា។ ការលើកឡើងនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ហាងចរណៃចង់ទម្លាយប្រាប់មហាជនថា ការលក់ដូររបៀបនេះមិនមែនមានតែខ្លួនម្នាក់ឯងនោះទេ តែគ្រប់កន្លែងទាំងអស់សុទ្ធតែបានដឹង និងធ្វើដូចគ្នា ប៉ុន្តែមានតែចរណៃម្នាក់ឯងប៉ុណ្ណោះដែលរងគ្រោះចេញមុខដោះស្រាយ។
ក្រៅពីការទម្លាក់កំហុសទៅលើប្រព័ន្ធទីផ្សាររួម ហាងចរណៃក៏បានធ្វើការការពារខ្លួនជុំវិញចេតនានៃពាក្យថា “បន្លំ” ផងដែរ។ ខាងហាងបានពន្យល់ថា បើទោះជាយោងតាមនិយមន័យច្បាប់ ទង្វើនេះត្រូវបានចាត់ទុកថាជាការបន្លំមែន ប៉ុន្តែបើពិនិត្យលើទិដ្ឋភាពតម្លៃជាក់ស្តែង ត្រីត្រោតមានតម្លៃទិញចូលប្រហាក់ប្រហែល ឬអាចថ្លៃជាងត្រីសាម៉ុនទៅទៀត។ ហេតុនេះ ការដែលមិនបានបែងចែកស្លាកសញ្ញាឱ្យច្បាស់លាស់កន្លងមក មិនមែនធ្វើឡើងក្នុងចេតនាទុច្ចរិតដើម្បីកេងចំណេញលុយកាក់ ឬបោកប្រាស់យករបស់ថោកមកលក់ថ្លៃនោះឡើយ។ យ៉ាងណាមិញ សារវាយបកប្រកបដោយភាពឈឺចាប់ និងអន់ចិត្តនេះ ត្រូវបានបញ្ចប់ទៅដោយការបន្សល់ទុកនូវមន្ទិលសង្ស័យ និងការសន្យថានឹងជម្រាបជូនចម្លើយលម្អិតនៅពេលក្រោយទៀត។
ភ្លាមៗបន្ទាប់ពីសារនេះត្រូវបានបង្ហោះ រលកនៃការដេញដោល និងប្រតិកម្មពីសំណាក់មហាជនបានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ ដែលត្រូវបានបែងចែកជាពីរចរន្ត។ ភាគីម្ខាងដែលជាអ្នកលេងបណ្តាញសង្គមភាគច្រើន បានសម្តែងការមិនពេញចិត្ត និងរិះគន់ត្រឡប់ទៅវិញថា សារនេះជាការដោះសារមិនព្រមទទួលខុសត្រូវលើកំហុសរបស់ខ្លួន ហើយការដែលយកកន្លែងផ្សេងមកប្រៀបធៀប គឺមិនអាចលាងជម្រះទង្វើមិនស្មោះត្រង់ចំពោះអតិថិជនបានឡើយ។
ផ្ទុយទៅវិញ ក៏មានមហាជនមួយក្រុមទៀតចាប់ផ្តើមងាកមកវិភាគ និងយល់ស្របខ្លះៗទៅលើសំណួររបស់ចរណៃ ដោយពួកគាត់យល់ឃើញថា ប្រព័ន្ធទីផ្សារគ្រឿងសមុទ្រ និងផ្សារទំនើបក្នុងស្រុកពិតជាខ្វះតម្លាភាពជារួមមែន ហើយអាជ្ញាធរគួរតែបន្តចុះត្រួតពិនិត្យឱ្យបានគ្រប់កន្លែងទាំងអស់ ដើម្បីកុំឱ្យមានការអនុវត្តស្តង់ដារពីរ ឬទម្លាក់កំហុសឱ្យអាជីវកម្មណាមួយ «ចេញលុយម្នាក់ឯង» ដូចពាក្យដែលចរណៃបានលើកឡើងនោះឡើយ៕










