ប្រជាពលរដ្ឋថៃនៅលើបណ្តាញសង្គម បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលបានព័ត៌មានថា ប្រទេសកម្ពុជាត្រូវបានជាប់ឆ្នោតជាសមាជិកគណៈកម្មការអន្តររដ្ឋាភិបាល សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ (UNESCO) សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣០។ ពួកគេសម្តែងការព្រួយបារម្ភថា កម្ពុជាអាចនឹងប្រើប្រាស់តួនាទី និងឥទ្ធិពលថ្មីនេះ ដើម្បីរារាំង ឬប្រឆាំងនឹងការចុះបញ្ជី «សម្លៀកបំពាក់ប្រពៃណីថៃ» និងក្បាច់គុន «មួយថៃ (Muay Thai)»។
អ្នកលេងបណ្តាញសង្គម និងពលរដ្ឋថៃមួយចំនួនបានលើកឡើងថា នៅពេលកម្ពុជាចូលកាន់តំណែងនៅក្នុងគណៈកម្មការនេះ កម្ពុជាអាចនឹងប្រើប្រាស់សំឡេង ឬឥទ្ធិពលរបស់ខ្លួន ដើម្បីពន្យារពេល ឬរារាំងដល់ការសម្រេចចិត្តចុះបញ្ជីបេតិកភណ្ឌទាំងពីរ ដែលថៃកំពុងរង់ចាំការពិនិត្យ និងវាយតម្លៃពីអង្គការយូណេស្កូ។ .jpg)
គួររំលឹកផងដែរថា កន្លងមក អ្នកលេងបណ្តាញសង្គមនៃប្រទេសទាំងពីរ ធ្លាប់បានជជែកដេញដោលគ្នាយ៉ាងក្តៅគគុកជុំវិញប្រភពដើមនៃក្បាច់គុន ដោយក្រុមជ្រុលនិយមថៃតែងតែចោទប្រកាន់មកលើកម្ពុជា ដែលបង្កឱ្យមានភាពតានតឹងផ្នែកវប្បធម៌ជាបន្តបន្ទាប់។.jpg)
ជុំវិញក្តីបារម្ភទាំងនេះ ក្រសួងវប្បធម៌ថៃបានចេញមុខណែនាំពលរដ្ឋខ្លួនកុំឱ្យមានការយល់ច្រឡំ ដោយពន្យល់ថា ប្រទេសទាំងពីរមានវប្បធម៌ស្រដៀងគ្នា ហើយអាចចុះបញ្ជីបេតិកភណ្ឌរៀងៗខ្លួនបាន ដោយមិនចាំបាច់មានជម្លោះនោះឡើយ។ ក្រសួងបានសង្កត់ធ្ងន់ថា ពលរដ្ឋគួររក្សាភាពស្ងប់ស្ងាត់ និងមានទំនុកចិត្តលើភស្តុតាងប្រវត្តិសាស្ត្រដែលថៃមាន ដើម្បីគាំទ្រដល់ការចុះបញ្ជីសម្លៀកបំពាក់ប្រពៃណីក្នុងឆ្នាំ២០២៦ និង Muay Thai ក្នុងឆ្នាំ២០២៨ ខាងមុខ។

ជាក់ស្តែង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកស្រី សាប៊ីដា ថៃសេត (Sabida Thaiseth) រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ បានថ្លែងប្រាប់ពលរដ្ឋកុំឱ្យមានការព្រួយបារម្ភហួសហេតុ ព្រោះការពិនិត្យ និងសម្រេចលើការចុះបញ្ជីបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូ គឺធ្វើឡើងតាមរយៈការសម្រេចចិត្តជារួម (កុងសង់ស៊ីស)។ ម្យ៉ាងវិញទៀត ប្រទេសថៃក៏មានតួនាទីជាសមាជិកគណៈកម្មការនៃអង្គការនេះដែរ សម្រាប់អាណត្តិឆ្នាំ២០២៥-២០២៩ រួមជាមួយប្រទេសជាច្រើនទៀតនៅក្នុងតំបន់ និងពិភពលោក ដូចជា វៀតណាម ឥណ្ឌា កូរ៉េខាងត្បូង ចិន ប៉ាគីស្ថាន និងម៉ាឡេស៊ី ជាដើម។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានរដ្ឋភាគីនៃអង្គការសកលលោកជាង ១០០ ប្រទេស សម្រេចបោះឆ្នោតគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ឱ្យឡើងកាន់តំណែងជា «សមាជិកគណៈកម្មការអន្តររដ្ឋាភិបាល» សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ អាណត្តិឆ្នាំ២០២៦-២០៣០។ ការឈ្នះឆ្នោតនេះ មិនត្រឹមតែជាការទទួលស្គាល់ជាសកលលើអរិយធម៌ដ៏រុងរឿងរបស់កម្ពុជានោះទេ ប៉ុន្តែវាក៏ជាជោគជ័យដ៏ត្រចះត្រចង់មួយទៀត នៃបេសកកម្មការទូតវប្បធម៌របស់កម្ពុជានៅលើឆាកអន្តរជាតិ។

ដោយឡែក ប្រទេសថៃបានចាប់ផ្តើមដំណើរការដាក់ពាក្យស្នើសុំជាផ្លូវការ ដើម្បីចុះបញ្ជីសម្លៀកបំពាក់ប្រពៃណី (ឈុតថៃ) និង Muay Thai ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ តាំងពីខែមីនា ឆ្នាំ២០២៤ មកម៉្លេះ។ តាមការគ្រោងទុក សំណើសុំចុះបញ្ជីសម្លៀកបំពាក់ប្រពៃណីថៃ នឹងត្រូវអង្គការយូណេស្កូយកមកពិនិត្យ និងវាយតម្លៃជាផ្លូវការនៅក្នុងឆ្នាំ២០២៦ នេះ ខណៈដែលក្បាច់គុន Muay Thai នឹងត្រូវពិនិត្យវាយតម្លៃនៅក្នុងឆ្នាំ២០២៨ ខាងមុខ៕










