ឈ្មោះនិងរូបភាពរបស់ ឡូរីន ត្រូវបានចែករំលែកយ៉ាងទូលំទូលាយជុំវិញទំនាក់ទំនងប្រេះឆាជាមួយនឹង វណ្ណដា ហើយវីដេអូរបស់នាងដែលបកស្រាយបទ មាស សុខសោភា អំឡុងពេលមានទំនាក់ទំនងជាមួយគ្នាក៏បានរីករាលដាលម្តងទៀត។ ទោះយ៉ាងណា ជុំវិញការជជែកវែករាប់មិនអស់ពីអ្នកលេងបណ្តាញសង្គម ឡូរីន ស្រាប់តែបង្ហាញអារម្មណ៍មួយជុំវិញមនុស្សដែលយកប្រធានបទមនុស្សស្រីមកជាន់ឈ្លីដើម្បីតែផលប្រយោជន៍លុយចូលហោបៅខ្លួន។

ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ស្រីស្អាត ឡូរីន បានចែករំលែកការបង្ហោះមួយដែលមនុស្សមួយចំនួនសើចលើគំនរការឈឺចាប់របស់មនុស្សស្រី។ សំណេរនោះមានន័យថា « ថ្ងៃណាមួយខ្ញុំនឹងក្លាយជាម្តាយ ឬប្រហែលជាមិនមែន។ ប៉ុន្តែប្រសិនបើខ្ញុំជាម្តាយ ខ្ញុំនឹងក្លាយជាម្តាយដែលមានការគោរពខ្លួនឯងខ្ពស់ មានស្តង់ដារខ្ពស់ ប្រឆាំងនឹងរឿងល្ខោន ហើយមិនដែលស្វែងរកការទទួលស្គាល់ ឬបង្អាប់ស្ត្រីដទៃទៀតដើម្បីរកលុយនោះទេ។ អ្វីដែលត្រឹមត្រូវនៅតែត្រឹមត្រូវ សូម្បីតែពេលស្ងប់ស្ងាត់ក៏ដោយ.. ជីវិតគឺនិយាយអំពីការគោរពសន្តិភាព និងភាពឯកជនរបស់អ្នក។ តើអ្នកជានរណា នៅពេលដែលគ្មាននរណាម្នាក់គួរឱ្យចាប់អារម្មណ៍?»។

ការបង្ហាញអារម្មណ៍របស់ ឡូរីន ហាក់ដូចជាចង់បញ្ជាក់ទៅកាន់មនុស្សស្រីដែលយកប្រធានបទមនុស្សដូចគ្នាមកជាន់ឈ្លីកិត្តិយសរបស់អ្នកដទៃដើម្បីតែផលប្រយោជន៍ខ្លួនឯង។ ទោះបីជាបង្ហាញអារម្មណ៍បែបនេះក្តី ឡូរីន បានបញ្ជាក់ថាគ្មានអ្វីក្នុងលោកនេះដែលអាចប៉ះពាល់ដល់នាងបាននោះទេលុះត្រាតែនាងយល់ព្រម។ លើសពីនេះទៅទៀតអ្នកគាំទ្ររបស់នាងក៏បានចូលរួមលើកទឹកចិត្តដល់ ឡូរីន ជាច្រើន។

ក្នុងពេលដែលផ្ទុះភាពចម្រូងចម្រាស ឡូរីន ត្រូវបានមនុស្សស្រីមួយចំនួនបានរិះគន់នាងដោយសារចោទនាងថាពីព្រោះតែការស្លៀកពាក់ទើបធ្វើឱ្យចំណងស្នេហាមិនរឹងមាំ។ ចំណែកឯអ្នកអធិប្បាយកីឡាបាល់ទាត់មួយរូបក៏យកនាងមកនិយាយដែលហាក់មិនផ្តល់កិត្តិយសដល់នាង។
គួរឱ្យដឹង បន្ទាប់ពីបង្ហាញការឈឺចាប់អំឡុងពេលបែកបាក់ដំបូងៗកាលពីថ្ងៃឆ្លងឆ្នាំ និងធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស ឡូរីន បានក្រោកឈរឡើងវិញដោយបញ្ចេញសកម្មភាពធម្មតាទាំងការដើរលេង រួមទាំងការធ្វើម្ហូបដែលជាចំណង់ចំណូលចិត្តរបស់នាងផងដែរ៕










