ស្តុកខុល៖ សភាស៊ុយអែតបានបោះឆ្នោតអនុម័តច្បាប់ថ្មីមួយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយចាត់ទុកការរៀបអាពាហ៍ពិពាហ៍រវាងបងប្អូនជីដូនមួយ ឬសាច់ញាតិបង្កើតឯង គឺជារឿងខុសច្បាប់។ បទបញ្ញត្តិថ្មីនេះនឹងត្រូវចាប់ផ្តើមដាក់ឱ្យអនុវត្តជាផ្លូវការទូទាំងប្រទេសចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះតទៅ។.jpg)
រដ្ឋាភិបាលស៊ុយអែតបានបញ្ជាក់ថា ការសម្រេចបង្កើតច្បាប់នេះឡើង គឺក្នុងគោលបំណងសំខាន់ៗចំនួនពីរ៖
លុបបំបាត់ការគាបសង្កត់ និងអំពើហិង្សា៖ ដើម្បីការពារយុវជន និងស្ត្រីពីការបង្ខិតបង្ខំ ឬការដាក់សម្ពាធពីក្រុមគ្រួសារឱ្យរៀបការជាមួយសាច់ញាតិរបស់ខ្លួន ស្របតាមទំនៀមទម្លាប់គ្រួសារមួយចំនួន។

កាត់បន្ថយផលប៉ះពាល់សុខភាព៖ ដើម្បីទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃការកើតជំងឺតំណពូជ ឬពិការភាពពីកំណើតលើទារក ដែលកើតចេញពីឪពុកម្តាយមានខ្សែលោហិតជិតដិតនឹងគ្នា។

ច្បាប់ថ្មីនេះក៏មានឥទ្ធិពលគ្របដណ្តប់លើពលរដ្ឋស៊ុយអែតដែលរៀបការនៅក្រៅប្រទេសផងដែរ ពោលគឺរាល់អាពាហ៍ពិពាហ៍រវាងបងប្អូនជីដូនមួយដែលរៀបចំឡើងនៅបរទេស នឹងមិនត្រូវទទួលស្គាល់ជាផ្លូវការនៅក្នុងប្រទេសស៊ុយអែតឡើយ ចាប់ពីថ្ងៃច្បាប់នេះចូលជាធរមាន។ ទោះជាយ៉ាងណា ច្បាប់នេះគ្មានឥទ្ធិពលរំលាយការរៀបការចាស់នោះទេ សម្រាប់គូស្វាមីភរិយាដែលបានរៀបការ និងចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់រួចរាល់មុនថ្ងៃទី១ ខែកក្កដា។.jpg)
ការដាក់ចេញច្បាប់នេះបានបង្កើតឱ្យមានការជជែកដេញដោលគ្នាយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋ។ ភាគីគាំទ្របានលើកឡើងថា នេះជាវិធានការដ៏ត្រឹមត្រូវក្នុងការការពារសិទ្ធិមនុស្ស និងបង្ការបញ្ហាសុខភាពកូនចៅជំនាន់ក្រោយ។ ផ្ទុយទៅវិញ ភាគីរិះគន់បានតវ៉ាថា រដ្ឋាភិបាលមិនគួរលូកដៃចូលជីវិតឯកជនហួសហេតុពេកឡើយ ហើយច្បាប់នេះអាចបង្កើតឡើងក្នុងបំណងរើសអើងវប្បធម៌ និងសាសនារបស់ក្រុមជនជាតិភាគតិច ដែលមានប្រពៃណីរៀបការក្នុងចំណោមសាច់ញាតិ។

គួរបញ្ជាក់ថា តាមរយៈការអនុវត្តច្បាប់នេះ ប្រទេសស៊ុយអែតបានដើរតាមគន្លងរបស់ប្រទេសន័រវែស ដែលបានដាក់ចេញច្បាប់ហាមឃាត់ស្រដៀងគ្នានេះកាលពីឆ្នាំ២០២៤ រួមទាំងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អឺរ៉ុប ក្រោមហេតុផលការពារហានិភ័យសុខភាព និងដោះស្រាយបញ្ហាសង្គម៕










