Home ព័ត៌មានអន្តរជាតិ សិង្ហបុរីពិន័យប្រាក់អ្នកថតរូបថៃម្នាក់ជាង១ម៉ឺនដុល្លារ ពីបទបង្ហោះដ្រូនចូលតំបន់យោធាហាមឃាត់

សិង្ហបុរីពិន័យប្រាក់អ្នកថតរូបថៃម្នាក់ជាង១ម៉ឺនដុល្លារ ពីបទបង្ហោះដ្រូនចូលតំបន់យោធាហាមឃាត់

104
0

ប្រទេសនីមួយៗសុទ្ធតែមានច្បាប់ហាមឃាត់ផ្សេងគ្នាពីការបង្ហោះដ្រូនចូលក្នុងតំបន់ហាមឃាត់ មិនមែនចេះតែបង្ហោះតាមចិត្តនឹកឃើញនោះទេ! កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ អ្នកថតរូបជ.នជាតិថៃម្នាក់ត្រូវបានតុលាការសិង្ហបុរី ពិន័យប្រាក់រហូតដល់១៥,០០០ដុល្លារសិង្ហបុរី (ស្មើប្រមាណ ១២,០០០ដុល្លារអាមេរិក) ពីបទបង្ហោះដ្រូន (Drone) ចូលក្នុងតំបន់យោធាហាមឃាត់ ដោយគ្មានការអនុញ្ញាត។

តាមការចុះផ្សាយរបស់សារព័ត៌មាន CNA និងសារព័ត៌មានបរទេសផ្សេងទៀត គឺអ្នកថតរូបជនជាតិថៃរូបនេះឈ្មោះ Prayut Rittichaipornkul អាយុ៣២ឆ្នាំ ចង់បានប្លង់ស្អាតដើម្បីថតរូបភាពនៅប្រទេសសិង្ហបុរី ក៏បញ្ជាដ្រូនដោយមិនដឹងថា វាហោះបំពានចូលទៅកាន់ដែនអាកាសតំបន់ហាមឃាត់នោះឡើយ ហើយត្រូវបានផាកពិន័យប្រាក់យ៉ាងធ្ងន់ធ្ងរសម្រាប់បទល្មើសនេះ។

កាលពីថ្ងៃទី២១ ខែមេសា កន្លងមក អ្នកថតរូបជនជាតិថៃត្រូវបានក្រុមហ៊ុនមួយអញ្ជើញឱ្យជួយថតរូបភាពផ្សព្វផ្សាយពាណិជ្ជកម្មនៅការិយាល័យរបស់ពួកគេក្នុងប្រទេសសិង្ហបុរី ប៉ុន្តែដោយសារមិនពេញចិត្តនឹងរូបភាពថតនៅលើដី អ្នកថតរូបថៃក៏សម្រេចចិត្តប្រើប្រាស់ដ្រូនផ្ទាល់ខ្លួនម៉ាក DJI Mavic 4 Pro ថតទិដ្ឋភាពពីលើអាកាសក្នុងកម្ពស់រហូតដល់៤៥៩ម៉ែត្រ ស្មើរយៈពេល២៦នាទី។

ក្នុងអំឡុងពេលកំពុងថតរូបភាព ស្រាប់តែដ្រូនបានហោះឆ្លងចូលតំបន់ការពារសន្តិសុខ ដូចជា យោធា Pasir Laba Camp និងវិទ្យាស្ថានយោធា SAFTI Military Institute ដោយគ្មានលិខិតអនុញ្ញាត។ បន្ទាប់ពីឃើញវត្តមានដ្រូនខុសច្បាប់នេះ កងទ័ពអាកាសសិង្ហបុរី ក៏រាយការណ៍ទៅកាន់អាជ្ញាធរអាកាសចរណ៍ស៊ីវិល (CAAS) និងសមត្ថកិច្ច ដើម្បីឱ្យឃាត់ខ្លួនជនល្មើសដល់ទីតាំងបង្ហោះ ព្រមទាំងដកហូតដ្រូនដែលមានវីដេអូសរុបចំនួន១៨ហ្វាល ក្នុងនោះវីដេអូ ៣ហ្វាល បានថតជាប់តំបន់យោធាហាមឃាត់។

គួរបញ្ជាក់ថា ច្បាប់ការប្រើប្រាស់ដ្រូននៅសិង្ហបុរីមានភាពតឹងរ៉ឹងបំផុត ដែលកំណត់ដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិល (CAAS) ដើម្បីការពារសន្តិសុខជាតិ និងសុវត្ថិភាពលំហអាការ ដោយរាល់ការហោះហើរជិតតំបន់យោធា មូលដ្ឋានទ័ពអាកាស និងតំបន់អាកាសយានដ្ឋាន ត្រូវតែមានច្បាប់អនុញ្ញាតជាមុន។ ការបង្ហោះដ្រូន ឬថតរូបភាពនៅតំបន់ហាមឃាត់ទាំងនេះ ប្រឈមនឹងការពិន័យប្រាក់ចំនួន៥០,០០០ដុល្លារសិង្ហបុរី ឬជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ប្រសិនបើនៅតែប្រព្រឹត្តដដែលៗ នឹងត្រូវពិន័យរហូតដល់១០០,០០០ដុល្លារសិង្ហបុរី ឬជាប់ពន្ធនាគារ៥ឆ្នាំ។

វាជាការដាស់តឿនទៅកាន់អ្នកផ្សេងទៀតឱ្យប្រុងប្រយ័ត្ន មុនពេលបង្ហោះដ្រូនលើទឹកដីប្រទេសណាមួយ គួរតែឈ្វេងយល់ពីច្បាប់នៅប្រទេសនោះសិន ដើម្បីកុំឱ្យមានទោស ឬរងការពិន័យជាប្រាក់យ៉ាងច្រើនបែបនេះ៕