រដ្ឋាភិបាលកូរ៉េខាងត្បូង នៅខែមិថុនា ឆ្នាំ២០២៦ បានព្រមានដល់ពលរដ្ឋខ្លួនមិនឱ្យទិញ ប្រើប្រាស់ និងនាំចូលកញ្ឆាពីខេត្តឈៀងម៉ៃ ប្រទេសថៃ ជាដាច់ខាត ដោយរដ្ឋាភិបាលកូរ៉េខាងត្បូងបារម្ភយ៉ាងខ្លាំង បន្ទាប់ពីខេត្តឈៀងម៉ៃ ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍កញ្ឆាដ៏ធំបំផុតក្នុងតំបន់ ដែលទាក់ទាញភ្ញៀវទេសចរបរទេសយ៉ាងច្រើន រួមទាំងជ.នជាតិកូរ៉េខាងត្បូង។ មន្ត្រីគយ និងសមត្ថកិច្ចកូរ៉េខាងត្បូងបានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះអ្នកដំណើរមកពីខេត្តឈៀងម៉ៃ និងឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នក្នុងការកុម្ម៉ង់អាហារ ឬភេសជ្ជៈនៅខេត្តនេះ ដើម្បីចៀសវាងបរិភោគចំអាហារលាយកញ្ឆា។
.jpg)
សារព័ត៌មានកូរ៉េខាងត្បូង The Chosun Daily រាយការណ៍ថា ខេត្តឈៀងម៉ៃ បានក្លាយជាមជ្ឈមណ្ឌលទេសចរណ៍កញ្ឆាដ៏ធំបំផុតក្នុងតំបន់អាស៊ាន ដែលទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ រួមទាំងជនជាតិកូរ៉េខាងត្បូងផងដែរ រហូតធ្វើឱ្យភ្នាក់ងារគ្រប់គ្រងគ្រឿងញៀនរបស់កូរ៉េខាងត្បូងត្រូវបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្លាំង ព្រមទាំងមិនអនុញ្ញាតឱ្យជនជាតិកូរ៉េខាងត្បូងយកផលិតផលលាយកញ្ឆាពីខេត្តឈៀងម៉ៃ ចូលប្រទេសជាដាច់ខាត។

កូរ៉េខាងត្បូងមើលឃើញថា បើទោះជាអាជ្ញាធរខេត្តឈៀងម៉ៃ បានចាត់វិធានការគ្រប់គ្រងការប្រើប្រាស់កញ្ឆាក៏ដោយ ប៉ុន្តែនៅតែគ្មានប្រសិទ្ធភាព បច្ចុប្បន្ននេះ ការលក់អាហារលាយកញ្ឆាបានបើកចំហយ៉ាងទូលាយនៅទូទាំងខេត្ត ហើយមានភ្ញៀវទេសចរចូលទិញយ៉ាងសេរី។ លើសពីនេះ ថៃថែមទាំងបង្កើតកម្មវិធីដំណើរទស្សនាទៅកាន់ចម្ការកញ្ឆា រយៈពេល២ម៉ោង និង៣០នាទី និងប្រមូលប្រាក់ពីភ្ញៀវទេសចរក្នុងម្នាក់ ចំនួន១,០០០បាត (ប្រហែល៣១ដុល្លារ)។
ប្រសិនបើជនជាតិកូរ៉េខាងត្បូងប្រើប្រាស់ ឬនាំចូលអាហារផ្ទុកសារធាតុកញ្ឆាពីខេត្តឈៀងម៉ៃ ទៅកាន់ប្រទេសកូរ៉េខាងត្បូងនោះ គឺត្រូវប្រឈមមុខនឹងការជាប់ទោសតាមច្បាប់។ ច្បាប់កូរ៉េខាងត្បូងចែងថា «បើបុគ្គលណាដាំដុះ ដឹកជញ្ជូន ប្រើប្រាស់ និងរក្សាទុកកញ្ឆា នឹងជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ឬត្រូវបង់ប្រាក់ពិន័យចំនួន៥០លានវ៉ុន (ប្រហែល៣៦,០០០ដុល្លារ)» ហើយការកាន់កាប់ ឬទិញកញ្ឆានៅបរទេស គឺខុសច្បាប់ទាំងស្រុង។
.jpg)
សូមរំឭកថា ថៃបានក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលកំណត់ឱ្យកញ្ឆាក្លាយជាផលិតផលស្របច្បាប់តាំងពីឆ្នាំ២០២២ ដែលពេលនោះ លោក Anutin Charnvirakul កាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសលុបចោលកញ្ឆាពីបញ្ជីគ្រឿងញៀនដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ ដែលធ្លាក់ចុះពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ក៏ដូចជារកប្រាក់ចំណូលផ្តល់ឱ្យកសិករ។ ទោះជាលោកអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាសម្រាប់តែផ្នែកវេជ្ជសាស្ត្រ និងស្រាវជ្រាវ ប៉ុន្តែបែរជាមានការលក់ចែកចាយយ៉ាងឆាប់រហ័ស។
នៅឆ្នាំ២០២២ មានហាងលក់កញ្ឆានៅទូទាំងប្រទេសថៃ រហូតដល់ជាង១៨,០០០កន្លែង បើទោះជាបច្ចុប្បន្ន ហាងលក់កញ្ឆាបានបិទទ្វារប្រមាណ៤០% ក្តី ប៉ុន្តែពេលនេះ ខេត្តឈៀងម៉ៃ នៅតែមានហាងលក់កញ្ឆារាប់រយកន្លែងបើកលក់ធម្មតា៕










