Sky កូនប្រុសច្បងរបស់តារាពហុជំនាញ ខាត់ សុឃីម ទទួលបានការមើលថែ ការស្រលាញ់យកចិត្តទុកដាក់យ៉ាងខ្លាំងពីលោក ផាណូ បើទោះបីជា Sky មិនមែនជាកូនប្រុសបង្កើតក៏ដោយ។ សុភមង្គលក្នុងការគ្រួសាររបស់អ្នកនាង ខាត់ សុឃីម ត្រូវបានមើលឃើញថារក្សាបាននូវកិត្តិយសកេរ្តិ៍ឈ្មោះល្អនៅក្នុងសង្គមសិល្បៈ។
កាលពីពេលថ្មីៗនេះលោក ផាណូ បានបង្ហោះរូបភាពជាមួយនឹង Sky ដោយបញ្ជាក់ថានឹងស្រលាញ់កូនប្រុសជារៀងរហូតមិនថាមានរឿងអ្វីក៏ដោយបន្ទាប់ពីមានមនុស្សជាច្រើនសរសើរកូនប្រុសរបស់ខ្លួន។ លោក ផាណូ បានសរសេរថា «អ្នកណាមិនរំភើប គ្រាន់តែគេឃើញកូនភ្លាម គេនាំគ្នាសសើរថា កូនបងឆ្លាត ពូកែ មានសមត្ថភាពណាស់ បងពូកែអប់រំកូន គេសរសើរគ្រប់គ្នា។ តែឆ្ងល់ខ្លួនឯងនៅជាមួយវារាល់ថ្ងៃរកកន្លែងសសើរអត់ឃើញទោះបីកូនខូច រឺមានប្រវត្តិសាវ៉ាយ៉ាងណា ក៏កូននៅតែជាកូនប៉ាជារៀងរហូត។ ជូនពរកូនជោគជ័យដូចអ្វីដែលបងប្អូនបានសសើរកូនប្រុស»។
ទោះបីជាសំណេររបស់លោក ផាណូ មានលាយឡំដោយពាក្យពេចន៍លេងសើចបន្តិចក្តីប៉ុន្តែគេអាចមើលឃើញពីទំហំនិងចិត្តស្រលាញ់របស់ឪពុកម្នាក់ដែលមានកូនដើរតាមគន្លងធម៌ មានការសរសើរពីអ្នកដទៃ។

មិនត្រឹមតែប៉ុណ្ណោះ កាលពីកន្លងមកថ្មីៗនេះអ្នកនាង ខាត់ សុឃីម ទើបតែបង្ហាញថាស្វាមីរបស់ខ្លួនគឺលោក ផាណូ បានទិញឧបករណ៍ភ្លេងឱ្យ Sky ផងដែរ។ នៅលើបណ្តាញសង្គមហ្វេកប៊ុករបស់លោក ផាណូ ជារឿយៗតែងតែមានការបង្ហោះរូបពីរនាក់កូនប្រុសដែលបញ្ជាក់ពីទំនាក់ទំនងដ៏ល្អរវាងអ្នកទាំងពីរ។ កូនប្រុសរបស់តារាពហុជំនាញត្រូវបានទស្សនិកជនមើលឃើញថារូបគេមានដុងសិល្បៈ និងអាចផលិតចម្រៀងជូនម្តាយ រួមទាំងធ្លាប់បានឡើងច្រៀងនៅក្នុងការប្រគំតន្រ្តីរបស់ វណ្ណដា នៅឯខេត្តបាត់ដំបង។
គិតមកទល់នឹងឆ្នាំ២០២៦ នេះអ្នកនាង ខាត់ សុឃីម និងលោក ផាណូ បានចាប់ដៃគ្នាជាប្តីប្រពន្ធមានរយៈពេលជាង១០ឆ្នាំមកហើយ។ ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរគឺទទួលបានកូនស្រីដ៏ស្រស់ស្អាតម្នាក់៕










