តារាចម្រៀង Sakira បានធ្វើឱ្យព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតនៅលើភពផែនដីនេះកក្រើកម្តងទៀត ដោយបានសម្តែងបទចម្រៀង «Dai Dai» នៅក្នុងពិធីបើកព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ បានចាប់ផ្តើមជាផ្លូវការ ហើយចំណុចលេចធ្លោនៃពិធីបើកការប្រកួតមិនត្រឹមតែជាការរំកិលបាល់នៅលើទីលានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការវិលត្រឡប់មកវិញរបស់តារាចម្រៀងកូឡុំប៊ី Shakira ដែលជាសិល្បករម្នាក់ដែលអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោកស្គាល់យ៉ាងស្និទ្ធស្នាលថាជាមហាក្សត្រីនៃតន្ត្រីពានរង្វាន់បាល់ទាត់ពិភពលោក។

នៅឯកីឡដ្ឋាន Estadio Azteca ដ៏ល្បីល្បាញក្នុងប្រទេសម៉ិកស៊ិក Shakira និងតារា Burna Boy បានសម្តែងបទចម្រៀងផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដែលមានចំណងជើងថា «Dai Dai»។ នេះគឺជាលើកទីបួនហើយដែល Shakira បានចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក ដែលពង្រីកទំនាក់ទំនងពិសេសរវាងតារាចម្រៀងរូបនេះ និងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក។
«Dai Dai» ត្រូវបានចេញផ្សាយនៅក្នុងខែឧសភា ឆ្នាំ ២០២៦ហើយទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សពីអ្នកគាំទ្រទូទាំងពិភពលោក។ បទចម្រៀងនេះគឺជាការលាយបញ្ចូលគ្នារវាងស្ទីល Latin Pop ដែលធ្លាប់ស្គាល់របស់ Shakira ជាមួយនឹងសំឡេង Afrobeats ដ៏ពិសេសរបស់ Burna Boy។ ចំណងជើងបទចម្រៀងនេះបានមកពីពាក្យរបស់អ៊ីតាលីដែលមានន័យថា ទៅមុខ ឬ បន្តទៅមុខ ដែលសមនឹងស្មារតីនៃឯកភាព និងបំណងប្រាថ្នាចង់បានជ័យជម្នះក្នុងបាល់ទាត់។ ក្រៅពីរចនាប័ទ្មតន្ត្រីដ៏រស់រវើកបទនេះក៏ត្រូវបានរៀបចំឡើង ដោយបញ្ចូលភាសាផ្សេងៗដូចជា អង់គ្លេស អេស្ប៉ាញ បារាំង អ៊ីតាលី និងជប៉ុន។

ទំនាក់ទំនងរបស់ Shakira ជាមួយព្រឹត្តិការណ៍ World Cup បានចាប់ផ្តើមនៅរដូវក្តៅឆ្នាំ ២០០៦ នៅប្រទេសអាល្លឺម៉ង់ នៅពេលដែល FIFA បានអញ្ជើញ Shakira និង Wyclef Jean ឱ្យសម្តែងបទ «Hips Don’t Lie» កំណែពិសេសមួយនៅក្នុងពិធីបិទព្រឹត្តិការណ៍ World Cup ឆ្នាំ ២០០៦។ ការសម្តែងដ៏រំភើបរបស់តារាចម្រៀងកូឡុំប៊ីរូបនេះបានទាក់ទាញទស្សនិកជនទូទាំងពិភពលោកយ៉ាងឆាប់រហ័ស។

៤ឆ្នាំក្រោយមក តារាចម្រៀងរូបនេះបានចេញបទ «Waka Waka (This Time for Africa)» ដែលជា បទចម្រៀងមួយដែលត្រូវបានចាត់ទុកថាជារូបតំណាងនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកសម័យទំនើប ដែលមានអ្នកចូលមើលរាប់លានដងនៅលើ YouTube រហូតមកដល់បច្ចុប្បន្ន។ មនុស្សជាច្រើនបានអះអាងថា ចាប់តាំងពីឆ្នាំ ២០១០ មក គ្មានបទចម្រៀង World Cup ណាមួយអាចលើសពីមរតកដ៏ធំសម្បើមដែលបន្សល់ទុកដោយបទ «Waka Waka» នោះទេ។
រហូតមកដល់បច្ចុប្បន្ន Shakira គឺជាសិល្បករម្នាក់ក្នុងចំណោមសិល្បករមួយចំនួនតូចដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ World Cup ច្រើនដង។ ការវិលត្រឡប់មកវិញរបស់ Shakira ជាមួយបទ «Dai Dai» មិនត្រឹមតែជាការសម្តែងនៅក្នុងពិធីបើកព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពនៃកន្លែងពិសេសរបស់នាងនៅក្នុងប្រវត្តិសាស្ត្រតន្ត្រីបាល់ទាត់ផងដែរ៕










