ទីក្រុង Wellington៖ អាកាសយានដ្ឋានអន្តរជាតិ Wellington បានប្រកាសផ្អាករាល់ជើងហោះហើរទាំងអស់ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ដោយសាររងការវាយប្រ.ហារពីខ្យល់កន្ត្រាក់ខ្លាំង និងរលកសមុទ្របោកបក់មកលើឆ្នេរដែលមានកម្ពស់រហូតដល់ទៅ ១១ម៉ែត្រ។ តាមរបាយការណ៍បានឱ្យដឹងថា ល្បឿនខ្យល់បានហក់ឡើងដល់ ១២៨គីឡូម៉ែត្រក្នុងមួយម៉ោង ដែលធ្វើឱ្យយន្តហោះមិនអាចហោះហើរ ឬចុះចតដោយសុវត្ថិភាពបានឡើយ ស្របពេលដែលយន្តហោះធុនតូចមួយចំនួនដែលកំពុងចតក្នុងព្រលាន ត្រូវបានកម្លាំងខ្យល់បោកបក់ឱ្យផ្អៀងទៅម្ខាង។

ស្ថានភាពនេះ បានធ្វើឱ្យអ្នកដំណើររាប់ពាន់នាក់ត្រូវជាប់គាំងនៅក្នុងអាកាសយានដ្ឋាន។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍នានា រួមទាំងក្រុមហ៊ុន Air New Zealand ផង បានប្រកាសណែនាំឱ្យអ្នកដំណើរទាំងអស់ ពិនិត្យមើលស្ថានភាពជើងហោះហើរតាមប្រព័ន្ធអនឡាញជាមុន មុននឹងធ្វើដំណើរមកកាន់ព្រលានយន្តហោះ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។
.jpg)
ក្រៅពីផ្លូវអាកាស អាកាសធាតុដ៏អាក្រក់នេះក៏បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកផងដែរ ដោយរាល់ការធ្វើដំណើរតាមកប៉ាល់ចម្លង (Ferry) ឆ្លងកាត់ច្រកសមុទ្រ Cook Strait ត្រូវបានលុបចោលទាំងស្រុង។ ដោយឡែក សម្រាប់ផ្លូវគោកជាច្រើនខ្សែនៅតាមបណ្តោយឆ្នេរក្នុងទីក្រុង Wellington ក៏ត្រូវបានបិទជាបណ្តោះអាសន្ន ខណៈអាជ្ញាធរបានហាមឃាត់ដាច់ខាតមិនឱ្យពលរដ្ឋទៅក្បែរតំបន់ឆ្នេរដើម្បីមើលរលកសមុទ្រនោះឡើយ។.jpg)
នៅថ្ងៃដដែលនោះ លោក Andrew Little អភិបាលក្រុង Wellington បានប្រកាសដាក់ទីក្រុងក្នុងស្ថានភាពអាសន្ន ដោយសារឥទ្ធិពលរលកយក្សបោកបក់លើឆ្នេរ និងបានបញ្ជាឱ្យជម្លៀសពលរដ្ឋចេញពីផ្ទះសម្បែងនៅតំបន់ឆ្នេរភាគខាងត្បូងជាបន្ទាន់ រួមមាន៖ តំបន់ Ōwhiro Bay, Island Bay, Houghton Bay និង Breaker Bay។ ទន្ទឹមនឹងនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបានចល័តទៅកាន់តំបន់ទាំងនោះ ដើម្បីជួយអន្តរាគមន៍ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។
អាជ្ញាធរមូលដ្ឋានក៏បានចេញព្រមានយ៉ាងធ្ងន់ៗទៅកាន់អ្នកដែលរឹងរូសមិនព្រមចាកចេញពីផ្ទះថា ពួកគេនឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់ ពីព្រោះក្រុមសង្គ្រោះបន្ទាន់មិនអាចចូលទៅជួយក្នុងតំបន់គ្រោះថ្នាក់ខ្លាំងបានឡើយ នៅក្នុងអំឡុងពេលដែលរលកសមុទ្រកំពុងបោកបក់ខ្លាំងបែបនេះ។.jpg)
គួររំឭកផងដែរថា កាលពីឆ្នាំ២០២១ ប្រទេសនូវែលសេឡង់ធ្លាប់បានជួបប្រទះហេតុការណ៍រលកយក្សដែលមានកម្ពស់ជាង ៦ម៉ែត្រ បោកបក់មកលើឆ្នេរសមុទ្រក្នុងតំបន់ Breaker Bay ម្តងរួចមកហើយ ដែលកាលនោះ បានបណ្តាលឱ្យខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់ជាច្រើនខ្នង៕










