ពុធ មិថុនា បានសម្រេចចិត្តបោះជំហានម្តងទៀតក្នុងការប្រកួតប្រជែងលើវិស័យចម្រៀងបន្ទាប់ពីបរាជ័យកន្លងមក។ ទោះយ៉ាងណា មិថុនា បានបញ្ជាក់យ៉ាងច្បាស់ថានេះជាឱកាសចុងក្រោយរបស់លោកក្នុងការប្រកួតប្រជែងសម្រាប់វិថីមួយនេះ។
ក្នុងវគ្គ Judge Audition សប្ដាហ៍ទី៣ នៃកម្មវិធី X Factor Cambodia រដូវកាលទី២ ពុធ មិថុនា បានបង្ហាញខ្លួនជាបេក្ខជនម្តងទៀតនៅក្នុងការប្រកួតក្នុងកម្មវិធីចម្រៀងលំដាប់ពិភពលោក។ ពុធ មិថុនា បានលើកយកបទ «ខ្យល់ត្រជាក់» របស់តារាចម្រៀង ថេណា សម្រាប់ការប្រកួតរបស់ខ្លួន។
នៅលើបណ្តាញសង្គមរបស់ ពុធ មិថុនា ផ្ទាល់លោកបានបញ្ជាក់ថា «ការត្រលប់មកប្រឡងជាលើកចុងក្រោយនេះខ្ញុំនឹងប្រឹងឱ្យអស់ពីលទ្ធភាព អរគុណដល់គូដណ្តឹងខ្ញុំដែលបានផ្តល់កម្លាំងចិត្តយ៉ាងធំធេង ហើយក៏អរគុណដល់បងៗProducer និង បងៗ Judges ទាំងបួនសម្រាប់ឱកាសដ៏ធំមួយនេះ»។ .png)
ទោះយ៉ាងណាការជ្រើសបទរបស់ ថេណា សម្រាប់ការប្រកួតដំបូងរបស់ ពុធ មិថុនា ត្រូវបានមនុស្សជាច្រើនថាមិនស័ក្តិសម។ ពួកគេបានលើកហេតុផលថាបទ ថេណា គឺតឹងពិបាកនឹងច្រៀងដែលធ្វើឱ្យការច្រៀងរបស់ មិថុនា មានចន្លោះខ្វះខាត។ អ្នកលេងបណ្តាញសង្គមខ្លះទៀតថែមទាំងបំបាក់ទឹកចិត្តទៅកាន់ មិថុនា ទៀតផងជាមួយនឹងសម្តីថា «មកទៀត សំឡេងនេះប្រលង១០ដងទៀតក៏មិនលើកពានដែរ»។ យ៉ាងណាក៏ដោយអ្នកគាំទ្រផ្សេងទៀតបានលើកទឹកចិត្តទៅកាន់ ពុធ មិថុនា ដោយសារតែបទថេណាពិបាកនឹងច្រៀងដូច្នេះរូបគេច្រៀងបានប៉ុណ្ណឹងចាត់ទុកថាល្អហើយ។
គួរឱ្យដឹងថាដំណើរជីវិតរបស់ ពុធ មិថុនា លើវិស័យចម្រៀងមានការតស៊ូគួរឱ្យកត់សម្គាល់។ ពុធ មិថុនា ត្រូវបានមហាជនស្គាល់តាមរយៈការ Cover បទចម្រៀងបង្ហោះនៅលើបណ្តាញសង្គមក្រោយមកក៏មានឱកាសធ្វើជាតារាចម្រៀងក្នុងផលិតកម្មរាម។ យ៉ាងណាមិញ បន្ទាប់ពីក្រុមហ៊ុនក្ស័យធន ពុធ មិថុនា បានសម្រេចចិត្តចូលរួមប្រកួតក្នុងកម្មវិធី BEAT THE BEST រដូវកាលទី២ កាលពីឆ្នាំ២០២៤ ប៉ុន្តែមិនបានសម្រេចគោលដៅរបស់ខ្លួនឡើយ៕










