អ្នកច្នៃម៉ូត អូលីវ៉ា គង់ បានធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភបន្ទាប់ពីលោកពោលពាក្យប្លែកៗចង់ចាកចេញពីពិភពលោកនេះបន្ទាប់មកពីប្រទេសបារាំងវិញ។ ទោះយ៉ាងណាបន្ទាប់ពីបង្ហោះពាក្យពេចន៍នោះប្រមាណជា១ម៉ោងលោកបានសម្រេចចិត្តលុបវិញ។

នៅល្ងាចថ្ងៃទី៨ មិថុនា លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បានបង្ហោះរូបសខ្មៅមួយសន្លឹកជារូបភាពលោកស្លៀកចូលរួមកម្មវិធីមហោស្រពភាពយន្តកានអមដោយសំណេរថា «តាំងពីមកពីប្រទេសបារាំងវិញមានអារម្មណ៍ថាប្លែកដូចឆ្លងភពដូចរស់នៅម្នាក់ឯង មានអារម្មណ៍ថាលេងចង់ឱ្យខ្លួនឯងមាននៅលើលោក»។ ការបង្ហោះរបស់លោក អូលីវ៉ា បានបង្កឱ្យអ្នកគាំទ្រចាប់អារម្មណ៍រួមជាមួយនឹងការព្រួយបារម្ភដោយមិនចង់ឱ្យលោកពោលពាក្យបែបនេះឡើយ។
យ៉ាងណា បន្ទាប់ពីការបង្ហោះនោះមកទល់នឹងពេលនេះលោក អូលីវ៉ា គង់ បានសម្រេចចិត្តលុបឬលាក់ការបង្ហោះនោះវិញហើយ។ ផ្ទុយមកវិញអ្នកច្នៃម៉ូតរូបនេះបានបង្ហោះថ្លែងអំណរគុណចំពោះទស្សនិកជនដែលចាប់អារម្មណ៍លោកយ៉ាងច្រើនអំឡុងពេលចូលរួមកម្មវិធីនៅប្រទេសបារាំងកាលពីកន្លងមកនេះ។ ក្រៅពីនេះលោកក៏បានបង្ហោះវីដេអូមួយនៅខេត្តសៀមរាបនិងបានផ្តល់ជាថវិកាដល់អ្នកសំអាតនៅក្នុងតំបន់អង្គរផងដែរ។

គួរឱ្យដឹងថា អ្នកច្នៃម៉ូត អូលីវ៉ា គង់ បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលម្តងទៀតនៅពេលលោកទៅចូលរួមកម្មវិធីមហោស្រពភាពយន្តកានជាលើកទី២នៅឯប្រទេសបារាំង ថែមទាំងនាំបវរកញ្ញា កុយ អេនណា ចូលរួមកម្មវិធីនេះផងដែរ។
ការចូលរួមលើកនេះលោកបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយថៃចុះផ្សាយព្រោងព្រាតបន្ទាប់លោកបានស្លៀកឈុត «ជ័យជម្នះនៃព្រះវិស្ណុផ្លែងសរ» និងបានលើកទង់ជាតិកម្ពុជានៅក្នុងព្រឹត្តិការណ៍ដែលមានកិត្យានុភាពនេះផងដែរ។ លោក អូលីវ៉ា គង់ បានអះអាងទៀតថាការចូលរួមរបស់លោកនៅឯមហោស្រពភាពយន្តកានលើកទី៧៩ នេះមិនមែនដោយសារលើកតម្កើនខ្លួនឯងនោះទេ ប៉ុន្តែមានគោលបំណងសំខាន់ដោយការតាំងចិត្តច្នៃសំលៀកបំពាក់បង្កប់ទៅដោយអត្ថន័យឆ្លុះបញ្ចាំងភាពជាខ្មែរ៕










