មហិច្ចតាចង់គ្រប់គ្រងអឺរ៉ុបរបស់សហរដ្ឋអាម៉េរិកកាន់តែលេចចេញជារូបរាង ក្រោយបែកធ្លាយផែនការបញ្ជូនអាវុធនុយក្លេអ៊ែរ និងយន្តហោះចម្បាំងបំបាំងកាយ F-35 ជាច្រើនគ្រឿងទៅកាន់បណ្តាប្រទេសជាសមាជិកអង្គការណាតូ (NATO) នៅតំបន់អឺរ៉ុបខាងកើត ដើម្បីបង្កើតជាខ្សែត្រៀមជួរមុខសង្កត់លើទីក្រុងម៉ូស្គូ និងពង្រីកឥទ្ធិពលយោធារបស់ខ្លួនឱ្យកាន់តែធំ។

បើតាមការចុះផ្សាយរបស់កាសែត Financial Times បច្ចុប្បន្ន សហរដ្ឋអាម៉េរិកមានគ្រាប់បែកនុយក្លេអ៊ែរប្រភេទ B61 ប្រមាណ ១០០ គ្រាប់រួចជាស្រេច ដែលកំពុងដាក់ពង្រាយនៅក្នុងប្រទេសសមាជិកណាតូចំនួន ៥ រួមមាន៖ បែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួកគី។ ទោះជាយ៉ាងណា ចំពេលដែលកម្តៅសង្រ្គាម និងការគំរាមកំហែងផ្នែកនុយក្លេអ៊ែរពីភាគីរុស្ស៊ីនៅតែបន្តកើនឡើង វ៉ាស៊ីនតោនបានចាប់ផ្តើមពិភាក្សា និងរៀបចំផែនការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រទាំងនេះបន្ថែមទៀត ទៅកាន់តំបន់ជួរមុខនៃអឺរ៉ុបខាងកើត។
.jpg)
ចំណុចសំខាន់នៃមហិច្ចតាពង្រីកអំណាចយោធារបស់អាម៉េរិក គឺជាការឆ្លើយតបនឹងការទាមទាររបស់ប៉ូឡូញ៖ ប្រទេសប៉ូឡូញដែលជាសមាជិកណាតូនៅអឺរ៉ុបខាងកើត បានបង្ហាញបំណងយ៉ាងច្បាស់ក្រឡែតក្នុងការចូលរួមកម្មវិធីចែករំលែកនុយក្លេអ៊ែរ (Nuclear Sharing Program) របស់អាម៉េរិក ដោយស្ម័គ្រចិត្តបើកទ្វារឱ្យវ៉ាស៊ីនតោនយកអាវុធនុយក្លេអ៊ែរមកដាក់លើទឹកដីខ្លួន ដើម្បីទប់ទល់នឹងរុស្ស៊ីដែលបានដាក់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុស។

តាមរបាយការណ៍ ការបញ្ជូនយន្តហោះចម្បាំងបំបាំងកាយ F-35A ទៅកាន់បណ្តាប្រទេសនៅអឺរ៉ុបខាងកើតមិនត្រឹមតែដើម្បីដាក់ពង្រាយគ្រាប់បែកនោះទេ ប៉ុន្តែថែមទាំងបានបញ្ជូនយន្តហោះចម្បាំងជំនាន់ទី៥ F-35A Lightning II ដែលត្រូវបានកែច្នៃជាផ្លូវការឱ្យអាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរជំនាន់ថ្មី B61-12 ទៅកាន់មូលដ្ឋានទ័ពអាកាសនានានៅអឺរ៉ុប ដើម្បីធានាថាណាតូមានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរបានយ៉ាងរហ័ស។
.jpg)
ដូចគ្នានេះដែរ សហរដ្ឋអាម៉េរិកត្រូវបានគេដឹងថាកំពុងព្យាយាមធ្វើទំនើបកម្មឃ្លាំងអាវុធ ដោយបាននិងកំពុងបន្តជួសជុលលើហេដ្ឋារចនាសម្ព័ន្ធរក្សាទុកអាវុធនុយក្លេអ៊ែរនៅតាមបណ្តាប្រទេសអឺរ៉ុប ដើម្បីរៀបចំលក្ខណៈសម្បត្តិឱ្យរួចរាល់សម្រាប់ការផ្លាស់ប្តូរទម្រង់យុទ្ធសាស្ត្រយោធាថ្មីនេះ។.jpg)
ចំណាត់ការរបស់សហរដ្ឋអាម៉េរិកក្នុងការរុញអាវុធមហាបំផ្លាញឱ្យទៅកាន់តែជិតព្រំដែនរុស្ស៊ី បានធ្វើឱ្យទីក្រុងម៉ូស្គូខឹងសម្បារយ៉ាងខ្លាំង។ វិមានក្រឹមឡាំងបានចេញការព្រមានដាច់អហង្ការថា រាល់ការប៉ុនប៉ងពង្រីកហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អាម៉េរិក និងណាតូមកភាគខាងកើត នឹងត្រូវប្រឈមមុខនឹង «វិធានការវាយបកភ្លាមៗ» ពីកងទ័ពរុស្ស៊ី ដែលស្ថានភាពនេះកំពុងរុញច្រានទ្វីបអឺរ៉ុបឱ្យខិតជិតទៅរកហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរទ្រង់ទ្រាយធំដោយអចេតនា៕










