ផ្ទុះការវែកញែកពេញបណ្ដាញសង្គម! ថ្មីៗនេះការអនុវត្តច្បាប់សុខាភិបាលកំពុងក្លាយជាផ្ទាំងស៊ីបនៃការរិះគ.ន់យ៉ាងចាស់ដៃពីមហាជន ជុំវិញវិធានការរឹតបន្តឹងលើវីដេអូអប់រំសុខភាពរបស់គ្រូពេទ្យ ខណៈដែលការលក់ឡេ ថ្នាំសម្រក និងអាហារបំប៉នសុខភាពដែលធានាថាអាចព្យាបាលជំងឺ ១០០មុខ និងមិនប៉ះពាល់សុខភាព បន្តធ្វើទីផ្សារភូតភរប្រជាជនបានដោយសេរី។ សាធារណជនបានចោទសួរចំៗទៅកាន់ក្រសួងសុខាភិបាលថា តើច្បាប់សុខាភិបាលបង្កើតឡើងដើម្បីការពារសុខុមាលភាពពលរដ្ឋ ឬមួយយ៉ាងណា?.jpg)
យោងតាមមតិភាគច្រើនរបស់អ្នកលេងបណ្តាញសង្គម បានលើកឡើងស្រដៀងៗគ្នាថា វីដេអូចែករំលែកចំណេះដឹងពីសំណាក់គ្រូពេទ្យល្បីៗ ដូចជាករណី លោកដុកទ័រ តុង (Dr. Tong) ជាដើម គឺជា «ឱសថទិព្វផ្នែកស្មារតី» ដែលជួយឱ្យប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកនៅតាមជនបទដាច់ស្រយាល អាចយល់ដឹងពីវិធីថែទាំសុខភាព ការបង្ការជំងឺ និងរបៀបរស់នៅស្អាត យល់ដឹងពីសញ្ញាគ្រោះថ្នាក់នៃជំងឺផ្សេងៗដោយមិនគិតថ្លៃ។ មហាជនយល់ថា ការរឹតបន្តឹងខ្លាំងពេកលើពួកគាត់ រហូតដល់ថ្នាក់ត្រូវលុបវីដេអូចោលទាំងអស់ គឺកំពុងកាត់ផ្តាច់ប្រភពចំណេះដឹងដ៏មានតម្លៃរបស់ពលរដ្ឋ។.jpg)
ផ្ទុយទៅវិញ សាធារណជនបានចោទសួរជាដេកដាលទៅកាន់អាជ្ញាធរមានសមត្ថកិច្ច និងក្រសួងសុខាភិបាលថា ហេតុអ្វីបានជាបណ្តោយឱ្យក្រុមអ្នកលក់ឡេលាយគ្មានច្បាប់ទម្លាប់ ក្រុមអ្នកលក់ថ្នាំសម្រកទម្ងន់ខុសលក្ខណៈបច្ចេកទេស និងអ្នកផ្សំថ្នាំបុរាណបោកប្រាស់ អាចឡាយវីដេអូ (Live) ស្រែកជេរប្រទេចគ្នា និងអួតអាងភូតកុហកបោកប្រាស់អំពីគុណភាពផលិតផល ដោយគ្មានមូលដ្ឋានវិទ្យាសាស្ត្រសោះបានយ៉ាងសេរីបែបនេះ? សារធាតុគីមីនៅក្នុងផលិតផលផ្លាស់ប្ដូពណ៌ស្បែកដូចជាឡេលាយ និងអាហារបំប៉នគ្មានការត្រួតពិនិត្យទាំងនោះ កំពុងបំផ្លាញតម្រងនោម ថ្លើម និងស្បែករបស់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ជារៀងរាល់ថ្ងៃ។

អ្នកលេងបណ្តាញសង្គមម្នាក់បានបញ្ចេញមតិដែលទទួលបានការគាំទ្រយ៉ាងច្រើនថា៖ «គ្រូពេទ្យចេញមកបង្រៀនឱ្យស្គាល់ជំងឺ ឱ្យចេះការពារខ្លួន បែរជាទៅរឹតបន្តឹងគាត់។ ចំណែកអ្នកលក់អាហារបំប៉នអួតថាជាថ្នាំទិព្វមើលជាសះស្បើយសូម្បីតែជំងឺមហារីក ខូចក្រលៀន និងអ្នកលក់ឡេលាយគីមីបំផ្លាញស្បែក ឡាយលក់ព្រោងព្រាតពេញទូរស័ព្ទ បែរជាមិនឃើញមានវិធានការក្តៅសោះ»។
ហេតុដូចនេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់ទិសទី បានអំពាវនាវដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ មេត្តាពិនិត្យឡើងវិញលើអាទិភាពនៃការអនុវត្តច្បាប់។ មហាជនចង់ឃើញការបង្កើតយន្តការ «សម្របសម្រួល និងណែនាំ» ដល់ក្រុមគ្រូពេទ្យដើម្បីឱ្យពួកគាត់បន្តធ្វើវីដេអូអប់រំតទៅទៀតបានដោយត្រឹមត្រូវតាមបច្ចេកទេស ជាជាងការបិទខ្ទប់ ហើយត្រូវប្រើ «ធម៌ក្តៅនិងវិធានការច្បាប់ដាច់ខាត» ទៅកម្ចាត់ក្រុមអាជីវករលក់ផលិតផលសុខភាព និងគ្រឿងសម្អាងក្លែងក្លាយតាមអនឡាញ ដែលកំពុងបង្កហានិភ័យខ្ពស់ដល់សុខភាពសាធារណៈនាពេលបច្ចុប្បន្ននេះវិញ៕










