កន្លងមកថ្មីៗនេះ MC Sey ដែលជាសិល្បករក្នុងផលិតកម្ម CG បានបង្ហាញថាលោកជាប់គាំងនិងកំពុងប្រឈមនឹងការធ្លាក់ទឹកចិត្តរហូតចង់បោះបង់ដើម្បីឱ្យខ្លួនឯងបានធូរស្រាល។ សំណេររបស់ MC Sey ធ្វើឱ្យអ្នកគាំទ្រតារារ៉េបរូបនេះលើកទឹកចិត្តជាច្រើនខណៈតារាចម្រៀង ខាន់ ជេមស៍ បានលើកទឹកចិត្ត MC Sey ជាសាធារណៈក្នុងនាមជាសិល្បករដូចគ្នាដោយមិនខ្វល់ពីរឿងអតីត MC Sey កន្លងមក។

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក ខាន់ ជេមស៍ ម្ចាស់បទ «សម្រែកបេះដូង» ដែលបច្ចុប្បន្នជាតារាក្នុងផលិតកម្មហ្គាឡាក់ស៊ី បានបង្ហោះរូបមួយសន្លឹកជាមួយនឹង MC Sey ព្រមទាំងផ្តល់ការលើកទឹកចិត្តទៅកាន់សិស្សប្អូនថា «ក្នុងនាមជាសិល្បករដូចគ្នា ខ្ញុំសូមផ្ញើកម្លាំងចិត្តជូនប្អូនប្រុស។ ជីវិតមនុស្សម្នាក់ៗ តែងមានពេលជួបសុខ និងទុក្ខ។ សូមកុំបាក់ទឹកចិត្ត ហើយរក្សាកម្លាំងចិត្តឱ្យរឹងមាំ។ បងជឿថា ប្អូនអាចឆ្លងកាត់ពេលវេលានេះបាន ហើយនឹងវិលត្រឡប់មកកាន់ថ្ងៃល្អៗវិញ។ សូមជូនពរឱ្យប្អូនមានសុខភាពល្អ កម្លាំងចិត្តរឹងមាំ និងជោគជ័យបន្តទៀត»។
.png)
សារលើកទឹកចិត្តរបស់លោក ខាន់ ជេមស៍ ទៅកាន់ MC Sey គឺបានបង្ហាញការស្រលាញ់រាប់អានគ្នានៅក្នុងវិថីសិល្បៈតែមួយ។ នេះក៏អាចបញ្ជាក់ថាលោក ខាន់ ជេមស៍ គឺជារៀមច្បងមួយរូបដែលហ៊ានលើកទឹកចិត្តតារារ៉េប MC Sey ដែលជាសិស្សប្អូនដោយមិនប្រកាន់រឿងអតីតកាលរបស់ MC Sey ឡើយ។ 
ក្នុងអាជីពសិល្បៈរបស់ MC Sey សិល្បកររូបនេះបានសាងភាពលេចធ្លោតាមរយៈស្នាដៃល្បីៗមួយចំនួនដូចជាបទ «កាលុងឃុង» សហការជាមួយនឹង King Chi និងបទផ្សេងទៀត។ ភាពជូរចត់របស់ MC SEY គឺកើតឡើងក្នុងអំឡុងខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីរងការចោទប្រកាន់ទាក់ទងនឹងការរំលោភបំពានផ្លូវភេទខណៈអ្នកចម្រៀងរ៉េបរូបនេះក៏បានចេញមកបដិសេធជុំវិញការចោ.ទប្រកាន់។ 
ក្រោយពីរងនូវរឿងអាស្រូវ MC SEY បានវិលត្រឡប់មកវិញព្រមទាំងមានបទចម្រៀងកក្រើកនៅលើទីផ្សារដូចជាបទ «MY SOUL» ចេញក្នុងខែតុលា ឆ្នាំ២០២៤ មានការស្តាប់១៦លានដង «ផ្ការីកលើមេឃ» ចេញក្នុងខែមករា ឆ្នាំ២០២៥ មានអ្នកស្តាប់ជាង២៦លានដង និងបទ «CAMBO CYPHER» សហការជាមួយនឹងសិល្បករផ្សេងទៀតចេញក្នុងខែសីហា ឆ្នាំ២០២៥ ដែលមានការស្តាប់ជាង៣៨លានដង៕










