ម៉ានីល៖ វិបត្តិថាមពលសកលដែលធ្វើឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់មិនឈប់ឈរ បានក្លាយជាកាតាលីករដ៏សំខាន់ ជំរុញឱ្យពលរដ្ឋហ្វីលីពីនសម្រេចចិត្តផ្លាស់ប្តូរមកប្រើប្រាស់រថយន្តអគ្គិសនី (EV) យ៉ាងគំហុក។ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ ចំនួនការលក់រថយន្តអគ្គិសនីបានកើនឡើងរហូតដល់ ៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដើម្បីកាត់បន្ថយចំណាយប្រចាំថ្ងៃ និងរួមចំណែកការពារបរិស្ថាន។

យោងតាមទិន្នន័យពីឧស្សាហកម្មរថយន្ត និងក្រសួងថាមពលហ្វីលីពីន បានឱ្យដឹងថា រថយន្តអគ្គិសនីប្រមាណ ១៤,០០០ គ្រឿង ត្រូវបានលក់ដាច់នៅក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ។ តួលេខដ៏ខ្ពស់នេះ មានទំហំស្ទើរតែស្មើនឹងពាក់កណ្តាលនៃការលក់សរុបពេញមួយឆ្នាំកាលពីឆ្នាំ២០២៥ (ដែលមានចំនួន៣២,០០០ គ្រឿង)។ កំណើនតម្រូវការយ៉ាងគំហុកភ្លាមៗនេះ ថែមទាំងបានធ្វើឱ្យក្រុមហ៊ុនចែកចាយជាច្រើនប្រឈមនឹងបញ្ហាខ្វះខាតរថយន្តនៅក្នុងស្តុកសម្រាប់ផ្គត់ផ្គង់ទីផ្សារទៀតផង។.jpg)
ពលរដ្ឋហ្វីលីពីនដែលបានប្តូរមកប្រើប្រាស់រថយន្តអគ្គិសនីបានចែករំលែកថា វិធានការនេះបានជួយសម្រាលបន្ទុកហិរញ្ញវត្ថុយ៉ាងច្រើន។ កាលពីមុន ពួកគេត្រូវចំណាយលើប្រេងឥន្ធនៈរហូតដល់ ៨,០០០ ប៉េសូ (ប្រមាណ ១៣០ដុល្លារអាមេរិក) ក្នុងមួយខែ ប៉ុន្តែបច្ចុប្បន្ន ការចំណាយលើថាមពលអគ្គិសនីសម្រាប់ការសាកថ្មមានតម្លៃទាបជាងឆ្ងាយ។ លើសពីនេះ ការសាកថ្មពេញមួយលើក គឺអាចឱ្យពួកគេបើកបរបានពេញមួយថ្ងៃ ដោយនៅសល់ថាមពលថ្មពី ៤០% ទៅ ៥០% ពេលត្រឡប់មកដល់ផ្ទះវិញ។.jpg)
ទោះបីជាវាផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងណាក្តី វិស័យរថយន្តអគ្គិសនីនៅហ្វីលីពីននៅតែជួបឧបសគ្គប្រឈមមួយចំនួន ដូចជា តម្លៃរថយន្តម៉ូដែលខ្លះនៅតែខ្ពស់ និងការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធសាកថ្ម។ បច្ចុប្បន្ននេះ ស្ថានីយសាកថ្មសាធារណៈដែលបើកដំណើរការ មានត្រឹមតែប្រមាណ ៩០០កន្លែងប៉ុណ្ណោះនៅទូទាំងប្រទេស ហើយការសាកម្តងៗត្រូវចំណាយពេលយូរ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលហ្វីលីពីនបានបង្កើនគោលដៅពង្រីកស្ថានីយសាកថ្មឱ្យបានជាង ៧,០០០កន្លែង ត្រឹមឆ្នាំ២០២៨។
គួររំលឹកផងដែរថា រដ្ឋាភិបាលហ្វីលីពីនបានដាក់ចេញនូវគោលដៅមហិច្ឆតា ដោយជំរុញការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបាន ៥០% នៃការប្រើប្រាស់សរុបត្រឹមឆ្នាំ២០៤០ តាមរយៈការផ្តល់ការលើកទឹកចិត្តជាច្រើន ដូចជា ការផ្តល់ប្រាក់កម្ចីអនុគ្រោះ និងការបន្ធូរបន្ថយពន្ធដារ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានព្រមានថា ប្រសិនបើរដ្ឋាភិបាល និងវិស័យឯកជនមិនពន្លឿនការសាងសង់ស្ថានីយសាកថ្ម បង្កើនប្រសិទ្ធភាពនៃការសាក និងដោះស្រាយបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តទេនោះ ដំណើរការអន្តរកាលនេះអាចនឹងជួបភាពរអាក់រអួល។.jpg)
ទោះជាយ៉ាងណា ចំណុចគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ន គឺ ទីផ្សារហ្វីលីពីនលែងជាទីផ្សារផ្តាច់មុខសម្រាប់តែរថយន្តអគ្គិសនីប្រណីតតម្លៃថ្លៃទៀតហើយ។ ការហូរចូលយ៉ាងគំហុកនៃរថយន្តអគ្គិសនីខ្នាតតូច និងមានតម្លៃសមរម្យពីប្រទេសចិន បាននិងកំពុងបើកឱកាសឱ្យក្រុមគ្រួសារដែលមានចំណូលមធ្យម អាចមានលទ្ធភាពទិញយកទៅប្រើប្រាស់កាន់តែច្រើន ដែលជាកត្តារួមចំណែកយ៉ាងធំធេងដល់ការផ្លាស់ប្តូរមុខមាត់ថ្មីនៃប្រព័ន្ធដឹកជញ្ជូននៅក្នុងប្រទេស៕










