ខេត្តតាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានណែនាំ និងហាមដាច់ខាតមិនឱ្យពលរដ្ឋខ្មែរដែលមានដីស្រែជាប់ព្រំដែនជាមួយប្រទេសវៀតណាម ជួលដីស្រែឱ្យជ.នជាតិវៀតណាមចូលមកបង្កបង្កើនផលទេ ហើយឯកឧត្តមអភិបាលខេត្តបានណែនាំឱ្យអាជ្ញាធរស្រុក និងសមត្ថកិច្ចឈរជើងនៅតាមបណ្ដោយព្រំដែន ត្រូវពិនិត្យ និងតាមដានមើលករណីនេះឱ្យបានច្បាស់លាស់ ។ នេះបើយោងតាមសារសំឡេងរបស់ឯកឧត្តមអភិបាលខេត្ត កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ។.jpg)
អភិបាលខេត្តតាកែវ មានប្រសាសន៍ថា កន្លងមក ក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតណែនាំដល់ខេត្តជាប់ព្រំដែនរួចរាល់ហើយ ពីការហាមឃាត់ការជួលដីស្រែនៅតាមបណ្ដោយព្រំដែនទៅឱ្យជនបរទេស ។ ដូច្នេះ អាជ្ញាធពាក់ព័ន្ធ រួមទាំងសមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែនត្រូវទប់ស្កាត់ និងពិនិត្យមើលករណីនេះ ឱ្យបានច្បាស់លាស់ និងណែនាំពលរដ្ឋដែលមានដីស្រែច្រើន កុំជួលឱ្យជនជាតិវៀតណាមចូលមកធ្វើ ពីព្រោះវាបង្កផលលំបាក និងនាំឱ្យមានភាពស្មុគស្មាញពាក់ព័ន្ធនឹងការជួលដីស្រែ ។
លោកអភិបាលខេត្តសង្កត់ធ្ងន់ថា ៖ «ពាក់ព័ន្ធនឹងរឿងជួលដីស្រែឱ្យជនបរទេសនេះ ប្រសិនបើរកឃើញមានមន្រ្តីណាខ្វះការទទួលខុសត្រូវ ឬឃុបឃិតឱ្យមានការជួលដីស្រែទៅជនបរទេសចូលមកបង្កបង្កើនផល គឺត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់ជាដាច់ខាត ដោយគ្មានការលើកលែង ឬអនុគ្រោះឡើយ» ។ .jpg)
ក្រៅពីនេះ លោកអភិបាលខេត្តក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែន ដើម្បីធ្វើយ៉ាងណា ជំរុញឱ្យមានការអភិវឌ្ឍ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន ជាពិសេស ការកសាងផ្លូវក្រវាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដីប្រទេសកម្ពុជា ។
នេះជាការណែនាំយ៉ាងម៉ឺងម៉ាត់របស់អភិបាលខេត្តតាកែវ ទៅឱ្យកាន់អាជ្ញាធរស្រុក និងសមត្ថកិច្ចឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ព្រមទាំងបង្ហាញចំណាត់ការផ្លូវច្បាប់ផងដែរ ៕










