រដ្ឋាភិបាលកម្ពុជាបានដាក់លិខិតតវ៉ាជាផ្លូវការ បន្ទាប់ពីសារព័ត៌មានអន្តរជាតិ Nikkei Asia របស់ជប៉ុនបានចុះផ្សាយព័ត៌មានលំអៀង ដោយប្តូរឈ្មោះ «ភូមិជោគជ័យ» ដែលជាកម្មសិទ្ធិស្របច្បាប់របស់កម្ពុជា និងកំពុងរងការឈ្លានពានពីភាគីថៃ ទៅជាភូមិ «ណងចាន់» របស់ថៃទៅវិញ ដែលជាការភាន់ច្រឡំដ៏មិនគួរឱ្យកើតមានពីសំណាក់អ្នកសរសេរអត្ថបទកម្រិតអន្តរជាតិបែបនេះឡើយ។
.jpg)
យោងតាមលិខិតរបស់លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អត្ថបទរបស់ Nikkei Asia ដែលមានចំណងជើងថា «ការប៉ះទង្គិចគ្នានៅព្រំដែនថៃ-កម្ពុជា ប៉ះពាល់ដល់ឧហ្សាហកម្មរថយន្តជប៉ុន» ចេញផ្សាយកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ មានការខុសឆ្គងទាំងស្រុងលើទិដ្ឋភាពភូមិសាស្ត្រ និងច្បាប់អន្តរជាតិ។

អត្ថបទនោះបានហៅទីតាំងដែលកំពុងតែមានបញ្ហាថា «ណងចាន់» នៅក្នុងខេត្តស្រះកែវ នៃប្រទេសថៃ ហើយបានរាយការណ៍ពីការវិវត្តនៅទីនោះ ដោយផ្តោតជាចម្បងតាមរយៈទស្សនៈរបស់អាជ្ញាធរនិងបុគ្គលិក យោធាថៃ។ តំបន់ដែលពាក់ព័ន្ធគឺភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ជាទីកន្លែងដែលសហគមន៍កម្ពុជាបានរស់នៅជាច្រើនទសវត្សរ៍មកហើយ។ ការសំដៅទៅលើទីតាំងនេះ តាមការកំណត់របស់ថៃតែម្ខាង ដោយមិនទទួលស្គាល់ជំហររបស់កម្ពុជាថាវាជាផ្នែកមួយនៃទឹកដីកម្ពុជា គឺ បង្ហាញពីការរៀបរាប់មិនពេញលេញអំពីបញ្ហានេះ ហើយអាចបង្ហាញដោយអចេតនាពីភាពស្រប់ច្បាប់ ចំពោះការទាមទារទឹកដីរបស់ភាគីម្ខាង។
អត្ថបទនេះបានបញ្ជាក់បន្ថែមទៀតថា ប្រទេសថៃ «បច្ចុប្បន្នគ្រប់គ្រងដោយជាក់ស្តែងលើទីតាំងនោះ»។ វត្តមានយោធា ឬការគ្រប់គ្រងរូបវន្តដោយជាក់ស្តែង មិនកំណត់អធិបតេយ្យភាពនោះទេ។ កម្ពុជាមិន ទទួលស្គាល់ខ្សែព្រំដែនណាមួយដែលបានបង្កើតឡើងតាមរយៈការប្រើប្រាស់កម្លាំង ការកាន់កាប់ ឬការ ទាមទារទឹកដីឯកតោភាគីនោះទេ។ ហើយកម្ពុជាក៏មិនទទួលយកការប៉ុនប៉ងណាមួយដើម្បីផ្លាស់ប្តូរស្ថានភាព នៃទឹកដីកម្ពុជា តាមរយៈការបង្កើតនូវអ្វីដែលបានកើតឡើងរួចហើយ នៅលើទីកន្លែងនោះទេ។
កម្ពុជាបញ្ជាក់ច្បាស់ៗថា វត្តមានយោធា ឬការលួចគ្រប់គ្រងជាក់ស្តែងដោយកម្លាំងបាយរបស់ថៃ មិនមែនជាការកំណត់នូវអធិបតេយ្យភាពស្របច្បាប់នោះឡើយ។ មុនការតវ៉ានេះ ក្រសួងការបរទេសកម្ពុជាក៏បានប្តឹងទៅភាគីថៃរួចហើយដែរ ជុំវិញការលួចសាងសង់ផ្លូវ របង សំណង់រឹងមាំ និងដំឡើងបង្គោលទង់ជាតិដោយឯកតោភាគីនៅក្នុងដីកម្ពុជា។

ដូច្នេះ វាមានសារៈសំខាន់ណាស់ដែលការរាយការណ៍ណាមួយស្តីពីការវិវត្តនៅក្នុងតំបន់ទាំងនេះ ឆ្លុះបញ្ចាំង មិនត្រឹមតែការពិតនៅនឹងកន្លែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការប្តេជ្ញាចិត្តដែលបានប្រកាន់យកពីមុនដោយ ភាគីពាក់ព័ន្ធផងដែរ។ តាមរយៈលិខិតនេះ កម្ពុជាបានបង្ខំឱ្យនិពន្ធនាយក Nikkei Asia ធ្វើការកែតម្រូវខ្លឹមសារឡើងវិញជាបន្ទាន់ ដើម្បីរក្សាវិជ្ជាជីវៈមិនលំអៀង និងជៀសវាងការផ្តល់ភាពស្របច្បាប់ដល់ការទាមទារដែនដីខុសច្បាប់របស់ភាគីថៃ។៕










