កាលពីឆ្នាំ២០២៥ ប្រាសាទ ដាវីន បានប្រឈមនឹងការជជែកវែកញែកយ៉ាងច្រើននិងមានពាក្យចចាមអារ៉ាមរង្គោះរង្គើជាមួយនឹងម្ចាស់មកុដរួមទាំង ND ឆ្នាំ២០២៥។ លើសពីនេះទៅទៀតចំនួនអ្នកតាមដានរបស់ ប្រាសាទ ដាវីន នៅបណ្តាញសង្គមបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។ ទោះបីជាប្រឈមនឹងបញ្ហាទាំងនេះសម្រាប់ឆ្នាំ២០២៦ ប្រាសាទ ដាវីន បានជា ND ពេញសិទ្ធិនៃកម្មវិធី Miss Universe Cambodia 2026។

នៅយប់ថ្ងៃទី២៩ ខែឧសភា ផេកផ្លូវការ Miss Universe Cambodia បានប្រកាសថា អ្នកនាង ប្រាសាទ ដាវីន ជានាយកគ្រប់គ្រងថ្នាក់ជាតិនៅក្នុងការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៦ ដែលជាដំណើរឆ្ពោះទៅកាន់ការស្វែងរកស្ត្រីដែលមានភាពជាអ្នកដឹកនាំ គុណតម្លៃ និងក្តីសុបិន្តគ្មានដែនកំណត់។ ការប្រកាសនេះបានទាក់ទាញអ្នកតាមដានវិស័យបវរកញ្ញាយ៉ាងឆាប់រហ័ស។

ក្នុងសកម្មភាពកន្លងមក ប្រាសាទ បានសាងស្នាដៃគួរឱ្យកត់សម្គាល់នៅក្នុងវិថីបវរកញ្ញាទាំងចូលរួមកម្មវិធីខ្លួនឯងផងនិងជាអ្នកដឹកនាំកម្មវិធីផង។ បវកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៤ បាននាំកម្ពុជា ចូល TOP30 ដំបូងគេសម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិ Miss Universe។ ប្រាសាទ ដាវីន ក៏បានបំពេញតួនាទីយ៉ាងល្អសម្រាប់ការគ្រប់គ្រងក្នុងកម្មវិធី Universal Woman ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២៤ ខណៈកាលពីឆ្នាំ២០២៣ ប្រាសាទ ដាវីន បាននាំកម្ពុជាឈានចូលដល់វគ្គ៥នាក់ចុងក្រោយ។
សមិទ្ធិផលលេចធ្លោមួយទៀតនោះគឺ ប្រាសាទ ដាវីន ធ្លាប់ជានាយកគ្រប់គ្រងថ្នាក់ជាតិ(ND) នៃកម្មវិធី Mister Friendship Cambodia ដោយបានបញ្ជូនបេក្ខជន លាវ វេងហួរ ទៅប្រកួតនៅលើឆាកអន្តរជាតិ និងបានក្លាយជា Mister Friendship International 2023។
ទោះបីជាក្នុងឆ្នាំ២០២៥ ប្រាសាទ ដាវីន បានប្រឈមនឹងការរិះគន់យ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គមនិងការចោទប្រកាន់រឿងជាច្រើនរួមទាំងធ្លាក់ចុះនៃអ្នកតាមដានលើបណ្តាញសង្គមគេសង្កេតឃើញថា អ្នកគ្រប់គ្រងកម្មវិធីរូបនេះពុំដែលចេញមកនិយាយនោះទេដោយរក្សាភាពស្ងៀមស្ងាត់។ ទោះយ៉ាងណា ក្រោយពីស្ងៀមស្ងាត់ ប្រាសាទ ដាវីន គឺបញ្ចេញលទ្ធផលឱ្យឃើញតែម្តងក្នុងនាមជា ND Miss Universe Cambodia 2026៕










