Home ព័ត៌មានអន្តរជាតិ សុខចិត្តឡើងតុលាការ តែមិនព្រមសុំទោស! មេបក្សប្រឆាំងថៃបោះសម្តី៖ «អ្វីដែលខ្ញុំនិយាយជាការពិតទាំងអស់»

សុខចិត្តឡើងតុលាការ តែមិនព្រមសុំទោស! មេបក្សប្រឆាំងថៃបោះសម្តី៖ «អ្វីដែលខ្ញុំនិយាយជាការពិតទាំងអស់»

132
0

មេដឹកនាំគណបក្សប្រឆាំងថៃ លោក Natthaphong Ruengpanyawut កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានប្រកាន់ជំហរមិនសុំទោសសមាជិកព្រឹទ្ធសភាដាច់ខាត និងត្រៀមឡើងតុលាការរកភាពយុត្តិធម៌ ដោយលោកថា ការលើកឡើងនោះសំដៅជារួម មិនមែនរិះគ.ន់បុគ្គលណាម្នាក់ទេ ។ ក្រុមសមាជិកព្រឹទ្ធសភាចំនួន៨៩រូប គំរា.មចាត់វិធានការតាមច្បាប់ និងទុកឱសានវាទ៣ថ្ងៃ ដើម្បីឱ្យមេបក្សប្រឆាំងសុំទោសជាសាធារណៈរឿងរិះគ.ន់ព្រឹទ្ធសភាធ្វើការក្រោមបញ្ជាគណបក្សភូមិចៃថៃរបស់លោកនាយករដ្ឋមន្ត្រី Anutin និងបន្តពីរបបរដ្ឋប្រ.ហារ ។

លោក Natthaphong ថា លោកព្យាយាមប្រាប់ឱ្យមហាជនដឹងពីរបបដឹកនាំដោយគណបក្សកាន់អំណាចសព្វថ្ងៃនេះ មិនគោរពប្រជាធិបតេយ្យ និងជារបបប្រកាន់បក្ខពួកគ្រប់គ្រងប្រទេសទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ។ លោកនាយករដ្ឋមន្ត្រី Anutin គ្មានចំណាត់ការលើមន្ត្រីរដ្ឋាភិបាលពុករលួយ បណ្តោយឱ្យអំពើពុករលួយក្នុងសង្គមកើនឡើង ក្រុមហ៊ុនឯកជនត្រូវបង់ប្រាក់សំណូកច្រើនដល់រដ្ឋាភិបាល ។

លោកមិនសុំទោសសមាជិកព្រឹទ្ធសភាទេ ពីព្រោះអ្វីដែលលើកឡើងជាការពិតទាំងអស់ និងមិនសំដៅលើបុគ្គលណាម្នាក់ឡើយ បើសមាជិកសភាចាត់វិធានការតាមច្បាប់ លោកនឹងឡើងតុលាការដើម្បីយុត្តិធម៌ ។ លោកមានសិទ្ធិរិះគន់ក្នុងនាមជាពលរដ្ឋសាមញ្ញម្នាក់ដែលចង់មានរបបដឹកនាំល្អជាងនេះ ប៉ុន្តែសមាជិកព្រឹទ្ធសភាបែរជាគំរាមប្តឹងឱ្យបិទមាត់ ។ គោលជំហររបស់គណបក្សប្រឆាំងមិនថយក្រោយឡើយ គឺនៅតែបន្តជំរុញឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលមិនមែនកើតឡើងពីការរដ្ឋប្រហារ និងគោរពសំឡេងពលរដ្ឋ ។

កាលពីថ្ងៃទី២៥ ខែឧសភា ក្រុមសមាជិកព្រឹទ្ធសភាថៃ ចំនួន៨៩រូប ដឹកនាំដោយលោក Phisit Apivatanapong បានបដិសេធនឹងការរិះគន់ ដោយចាត់ទុកជាការបង្ខូចកេរ្តិ៍ឈ្មោះយ៉ាងធ្ងន់ធ្ងរ និងចេញសេចក្តីថ្លែងការណ៍រួមមួយ ថ្កោលទោសលោក Natthaphong មេគណបក្សប្រឆាំង ដោយទុកឱសានវាទរយៈពេល៣ថ្ងៃ ដើម្បីឱ្យលោកចេញមុខសុំទោសជាសាធារណៈ ក្រោយពីមេដឹកនាំគណបក្សប្រឆាំងបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករិះគន់ចំៗថា ព្រឹទ្ធសភាបច្ចុប្បន្នកំពុងបំពេញការងារនៅក្រោមបញ្ជារបស់គណបក្សភូមិចៃថៃ និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបញ្ចប់របបដឹកនាំនេះ ពីព្រោះជារបបបន្តវេនពីការធ្វើរដ្ឋប្រហារ ។

គួរបញ្ជាក់ថា បច្ចុប្បន្ន គណបក្សប្រឆាំងកំពុងប្រឈមនឹងការប៉ុនបំងរំលាយ ដោយសារលោក Natthaphong បានបង្ហោះសាររិះគន់រដ្ឋាភិបាលអនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាព្រះមហាក្សត្រចូលរួមក្នុងកិច្ចប្រជុំស្តីពី «ការគ្រប់គ្រងគ្រោះរាំងស្ងួត» ថា ការធ្វើបែបនេះនឹងទាញឱ្យស្ថាប័នព្រះមហាក្សត្រប្រឡូកក្នុងនយោបាយ ។ កាលពីថ្ងៃទី២១ ខែឧសភា គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃបានទទួលពាក្យបណ្តឹងពីអ្នកគាំទ្ររបបរាជានិយម ស្នើរំលាយគណបក្សប្រឆាំង ដោយចោទប្រកាន់ពីបទទាញស្ថាប័នព្រះមហាក្សត្រពាក់ព័ន្ធនយោបាយ ៕