តារាសម្តែង ស៊ីន យូប៊ីន បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតជាមួយនឹងសំលៀកបំពាក់សូត្រខ្មែរនៅក្នុងកម្មវិធីនៅម៉ាកាវហើយថែមទាំងបានអង្គុយជួរជិតតារាសម្តែង Xiao Zhan ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះមានវីដេអូមួយបានបង្ហាញថាទោះបីជា ស៊ីន យូប៊ីន បានមកដល់ទឹកដីម៉ាកាវហើយក្តីប៉ុន្តែរូបនាងនៅតែមានអ្នកគាំទ្រចាំសុំហត្ថលេខា។

កាលពីកន្លងមកនេះ តារាសម្តែង ស៊ីន យូប៊ីន ត្រូវបានប្រកាសថាជា ឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជាសម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ីនៅឆ្នាំ២០២៦ ដោយនាងនឹងទៅចូលរួមកម្មវិធីនេះនៅម៉ាកាវ។ ថ្មីៗនេះ ស៊ីន យូប៊ីន ក៏បានទៅចូលរួមកម្មវិធីនៅទីនោះដោយតុបតែងខ្លួនយ៉ាងស្រស់ស្អាតនៅក្នុងកម្មវិធី Asian Art Film Festival កាលពីយប់ថ្ងៃទី២១ ខែឧសភា។ ជាមួយនឹងសូត្រខ្មែរដ៏ស្រស់ស្អាត ស៊ីន យូប៊ីន ក៏បានឡើងប្រកាសពានរង្វាន់ក្នុងវីធីមហោស្រពភាពយន្តសិល្បៈអាស៊ី ឆ្នាំ២០២៦ផងដែរ។
មិនត្រឹមតែអ្នកគាំទ្រចាប់អារម្មណ៍ទៅលើសម្រស់របស់ ស៊ីន យូប៊ីន តុបតែងខ្លួនយ៉ាងសមសួននៅក្នុងកម្មវិធីអន្តរជាតិប៉ុណ្ណោះទេប៉ុន្តែក៏មានវីដេអូមួយទៀតបង្ហាញថាតារាសម្តែងកម្ពុជារូបនេះអង្គុយជួរជិតតារាសម្តែងចិន Xiao Zhan ទៀតផង។ កន្លងមកនេះ ស៊ីន យូប៊ីនបានធ្វើឱ្យមានភាពល្បីល្បាញនៅពេលចូលរួមនៅក្រៅប្រទេសដោយរូបនាងមានឱកាសបានជួបតារាល្បីៗលំដាប់ជួរមុខជាច្រើនរូបរហូតអ្នកគាំទ្រសរសើរថាជានារីកំពូលសំណាង។
ក្រៅពីចំណុចដ៏គួរឱ្យចាប់អារម្មណ៍ខាងលើនេះ នៅលើផេកអ្នកគាំទ្ររបស់ ស៊ីន យូប៊ីន បានចែករំលែកពីវីដេអូដែលបង្ហាញឱ្យឃើញថាតារាស្រីរូបនេះទោះបីជាទៅដល់ទឹកដីម៉ាកាវហើយក្តីនៅតែទទួលបានការគាំទ្រនិងក្តីស្រលាញ់ពីហ្វេនៗ។ នៅក្នុងវីដេអូដែលបានចែករំលែកគេបានឃើញ ស៊ីន យូប៊ីន កំពុងចុះហត្ថលេខានិងថតរូបតាមការស្នើសុំរបស់អ្នកគាំទ្រខណៈពេលនាងកំពុងស្ថិតនៅទីតាំងមួយកន្លែង។
គួរឱ្យដឹងថា បច្ចុប្បន្ននេះផេកហ្វេកប៊ុករបស់ តារាសម្តែង ស៊ីន យូប៊ីន បានបើកដំណើរការវិញហើយបន្ទាប់ពីត្រូវក្រុមហ៊ុនមេតាប្លុកអស់រយៈពេលជិត១ឆ្នាំ។ យ៉ាងណាការបង្ហោះរបស់នាងនៅលើបណ្តាញសង្គមមួយនេះនៅមានកម្រិតនៅឡើយដោយសារតែមតិរិះគន់នៅតែកើតមានចំពោះតារាសម្តែងស្រីរូបនេះ៕










