អ្នកបង្កើតមាតិកាល្បីឈ្មោះ Rick Kh បានវិលត្រឡប់មកវិញមួយរយៈពេលហើយបន្ទាប់ពីផ្អាកសកម្មភាពលើបណ្តាញសង្គមអស់រយៈពេល៣សប្តាហ៍។ មកវិញលើកនេះមិនខុសពីរាល់ដងរូបលោកតែងតែចែករំលែកអ្វីដែលល្អៗ ខណៈពេលនេះបានដាស់តឿនសាធារណជនកុំឱ្យចាញ់បោកជនបរទេសម្នាក់ដែលធ្វើមាតិកាដើរចែកលុយនិងទូរសព្ទ។

នៅយប់ថ្ងៃទី២១ ខែឧសភា Rick Kh បានចេញវីដេអូជាង១នាទីដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «កុំសូវទុកចិត្តបរទេស ជាងខ្មែរយើងពេក»។ អ្នកបង្កើតមាតិការូបនេះបាននិយាយថា ជនបរទេសដែលដើរចែកលុយនៅខ្មែរហើយនាំគ្នាទៅ Like Comment ឱ្យវីដេអូផ្ទុះហើយពេលគេដើរបានជួបនឹងបានលុយនេះគឺជាម្នាក់ដែលបានបោកប្រាស់នៅវៀតណាមដោយដើរចែកទូរសព្ទ ប៉ុន្តែមានអ្នកនៅពីក្រោយចាំសុំទូរសព្ទវិញហើយឱ្យលុយ ១ដុល្លារ ២ដុល្លារនិងបានដើរបោកគេពេញហ្នឹងសូម្បីនៅអឺរ៉ុបក៏គេស្គាល់ដែរ។
Rick Kh បន្តទៀតថា នៅពេលឃើញជនបរទេសដើរចែកលុយនៅខ្មែរ ប្រម៉ូតប្រទេសខ្មែរមិនមែនជាការប្រម៉ូតនោះទេប៉ុន្តែជាការមើលងាយទៅវិញទេហើយសកម្មភាពនោះគឺជាការប្រម៉ូតខ្លួនឯងទាយយើងចូលទៅក្នុងវីដេអូរបស់គេ។ Rick Kh បន្តទៀតថាបរទេសដែលជួយខ្មែរគឺមកនៅខ្មែរ បើកអង្គការ ជួយសាលារៀនជាដើម។ ការបោកនេះមិនមែនទើបតែកើតឡើងនៅស្រុកខ្មែរនោះទេដោយមានជនបរទេសផ្សេងទៀតមកប្រម៉ូតខ្មែរ មានបញ្ហានៅខ្មែរជេរខ្មែររួចហើយរត់ទៅប្រម៉ូតនៅថៃ។
អ្នកបង្កើតមាតិកា Rick Kh ថាមានជនបរទេសច្រើននាក់ណាស់ដែលមកយកផលប្រយោជន៍ពីប្រទេសកម្ពុជា។ លោកបានដាស់តឿនស្មារតីអ្នកគាំទ្រកុំឱ្យចាញ់បោកអ្នកធ្វើមាតិកាទាំងនោះទោះបីជាឃើញមានអ្នកតាមដានច្រើនលានក៏ដោយ។
បន្ទាប់ពី Rick Kh ចែករំលែករឿងនេះហើយអ្នកលេងបណ្តាញសង្គមមួយចំនួនបានដាក់ការសង្ស័យទៅលើជនបរទេសម្នាក់ដែលមានឈ្មោះបណ្តាញសង្គមថា «Master Sanker»។ ជនបរទេសម្នាក់នេះកំពុងតែល្បីកក្រើកយ៉ាងខ្លាំងនៅប្រទេសវៀតណាមបន្ទាប់ពីឱ្យទូរសព្ទគេហើយ នៅពេលថតវីដេអូរួចបែរជាមានអ្នកទៅសុំទូរសព្ទនោះត្រឡប់មកវិញ៕










