យុទ្ធនាការដេញតាមបង្ក្រាបយ៉ាងក្តៅគគុក និងឥតថយដៃរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ទៅលើសម្បុកបទល្មើសបច្ចេកវិទ្យាឆ្លងដែន កំពុងតែទទួលបានការចាប់អារម្មណ៍ និងចុះផ្សាយយ៉ាងព្រោងព្រាតពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឈានមុខគេនៅលើពិភពលោក។ ក្នុងនោះ សារព័ត៌មានអន្តរជាតិល្បីឈ្មោះ South China Morning Post (SCMP) បានរំលេចយ៉ាងច្បាស់ពីវិធានការច្បាប់ដ៏តឹងរ៉ឹង និងប្រតិបត្តិការចុះឆែកឆេរដ៏ស្វិតស្វាញរបស់កម្ពុជា ដែលជាសក្ខីកម្មបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងការលុបបំបាត់រាល់អាណាចក្របោកប្រាស់អនឡាញខុសច្បាប់។.jpg)
នៅក្នុងរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួន សារព័ត៌មាន SCMP បានបង្ហាញពីទិដ្ឋភាពនៃប្រតិបត្តិការរួមគ្នាយ៉ាងម៉ឺងម៉ាត់ ដឹកនាំដោយកងកម្លាំងនគរបាលជាតិ និងគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា (CCTC) ក្នុងការចុះវាយឆ្មក់ទីតាំងសង្ស័យចំនួនពីរនៅក្នុងមជ្ឈមណ្ឌល ព្រីនស៍ ប្លាហ្សា (Prince Plaza Centre) ក្រុងភ្នំពេញ។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានកត់សម្គាល់ពីភាពហ្មត់ចត់ និងភាពស្វិតស្វាញរបស់សមត្ថកិច្ចកម្ពុជា ដែលអាចឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាជនបរទេសបានរហូតដល់ ១០៤ នាក់ ព្រមទាំងដកហូតឧបករណ៍បច្ចេកវិទ្យាបម្រើឱ្យការបោកប្រាស់ រួមមានទូរស័ព្ទដៃ ៨០០ គ្រឿង និងកុំព្យូទ័រជាង ១០០ គ្រឿង ក្នុងពេលតែមួយ។
ក្រៅពីការបង្ក្រាបលើដី សារព័ត៌មានអន្តរជាតិធំៗក៏បានធ្វើការកោតសរសើរផងដែរចំពោះចំណាត់ការកាត់ឫសគល់នៃបណ្តាញឧក្រិដ្ឋកម្មនេះ ដោយអាជ្ញាធរកម្ពុជាបានប្រើប្រាស់វិធានការច្បាប់យ៉ាងក្តៅ ក្នុងការចាប់ខ្លួន និងធ្វើបត្យាប័នអតីតមហាសេដ្ឋី ចេន ហ្ស៊ី (Chen Zhi) ទៅកាន់ប្រទេសចិន។ ការចុះផ្សាយរបស់ SCMP បានបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជាកំពុងតែធ្វើការសម្អាតប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ខ្លួនយ៉ាងសកម្ម ដោយមិនត្រឹមតែបង្ក្រាបក្រុមការងារថ្នាក់ក្រោមនោះទេ ប៉ុន្តែគឺដេញតាមរំលាយរហូតដល់ទ្រព្យសម្បត្តិ និងបុត្រសម្ព័ន្ធធនាគារ (Prince Bank) ដែលមានការពាក់ព័ន្ធ ដើម្បីធានាឱ្យបាននូវតម្លាភាពដាច់ខាត។

ឆ្លងតាមរយៈការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេស រូបភាពអន្តរជាតិនៃប្រទេសកម្ពុជាត្រូវបានលើកកម្ពស់ក្នុងនាមជា «ដៃគូសកលដ៏គួរឱ្យទុកចិត្ត»។ ភាពជោគជ័យនៃការបង្ក្រាបនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាជាលទ្ធផលនៃការបើកចំហចិត្ត និងការសហការយ៉ាងស្អិតរមួតរវាងអាជ្ញាធរភ្នំពេញ ជាមួយស្ថាប័នច្បាប់អន្តរជាតិ រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងតុលាការទីក្រុងហុងកុង ដែលទើបតែបានចេញដីកាបង្កកទ្រព្យសម្បត្តិខុសច្បាប់របស់បណ្តាញនេះតម្លៃរាប់ពាន់លានដុល្លារ។.jpg)
តាមរយៈការចុះបង្ក្រាបទ្រង់ទ្រាយធំ និងការអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹងទៅលើបុត្រសម្ព័ន្ធហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងសកម្មភាពឆបោ.កទាំងនេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងថា កម្ពុជាមិនមែនជាជម្រកប្រកបដោយសុវត្ថិភាពសម្រាប់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យានោះឡើយ។ តាមរយៈការបន្តរឹតបន្តឹងការអនុវត្តច្បាប់ និងការបើកចំហកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងបរិយាកាសវិនិយោគមួយដ៏ស្អាតស្អំ មានសុវត្ថិភាព និងមានទំនុកចិត្តខ្ពស់សម្រាប់ធុរជនស្របច្បាប់មកពីជុំវិញពិភពលោក៕










