សូមប្រុងប្រយ័ត្នល្បិចបោកប្រា.ស់តាមបច្ចេកវិទ្យា! កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចសិង្ហបុរីបានប្រកាសអាសន្ន និងបង្ហាញវីដេអូភស្តុតាងអំពីល្បិចបោ.កប្រាស់ដ៏ទំនើបមួយ ដោយជនខិលខូ.ចបានប្រើប្រាស់កម្មវិធី (Deepfake) បង្កើតរូបភាព និងធ្វើសំឡេងក្លែងក្លាយជានាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ចូលរួមកិច្ចប្រជុំក្នុងកម្មវិធី Zoom ហើយធ្វើឱ្យជនរងគ្រោះម្នាក់ផ្ទេរប្រាក់រហូតដល់៤,៩លានដុល្លារសិង្ហបុរី (ប្រហែល៣,៨លានដុល្លារអាមេរិក) ។ រដ្ឋាភិបាលសិង្ហបុរីបញ្ជាក់ថា មិនធ្លាប់ទាក់ទងទៅពលរដ្ឋដើម្បីសុំឱ្យផ្ទេរប្រាក់ តាមរយៈវីដេអូខលឡើយ ។
.jpg)
សមត្ថកិច្ចសិង្ហបុរីបានដាស់តឿនទៅកាន់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នកុំឱ្យចាញ់បោកជនខិលខូច បន្ទាប់ពីប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត (AI) បង្កើតរូបភាព និងធ្វើសំឡេងក្លែងក្លាយជាលោកនាយករដ្ឋមន្ត្រី Lawrence អង្គុយប្រជុំអនឡាញក្នុងកម្មវិធី Zoom និងអញ្ជើញឱ្យជនរងគ្រោះឱ្យចូលរួមប្រជុំ បន្ទាប់មក ក៏ស្នើឱ្យជនរងគ្រោះផ្ទេរប្រាក់បន្ទាន់ដើម្បីដោះស្រាយស្ថានការណ៍អសន្តិសុខនៅច្រកសមុទ្រ Hormuz ។

មុនដំបូង ជនខិលខូចបានក្លែងបន្លំជាលេខាធិការគណៈរដ្ឋមន្ត្រីផ្ញើសារតាមកម្មវិធី WhatsApp ទៅជនរងគ្រោះ ហើយអញ្ជើញជនរងគ្រោះឱ្យចូលរួមប្រជុំបន្ទាន់ និងសម្ងាត់ជាមួយលោកនាយករដ្ឋមន្ត្រី Lawrence ក្នុងកម្មវិធី Zoom ដែលបង្កើតឡើងដោយកម្មវិធី Deepfake ។ ជនរងគ្រោះជឿតាមការបោកប្រាស់ដោយសារមើលឃើញថា កិច្ចប្រជុំនេះក៏មានថ្នាក់ដឹកនាំក្រៅប្រទេសមួយចំនួនចូលរួមផងដែរ ។
វីដេអូភស្តុតាងដែលបង្ហាញដោយសមត្ថកិច្ច គេបានឃើញកិច្ចប្រជុំនេះលើកឡើងពីស្ថានការណ៍នៅច្រកសមុទ្រ Hormuz ដោយមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី Lawrence, ប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Indranee Rajah ព្រមទាំងមន្ត្រីធនាគារកណ្តាលសិង្ហបុរី ។ ក្រៅពីនេះ ក៏មានរដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា រួមទាំងមន្ត្រីសំខាន់ៗមកពីប្រទេសជាច្រើនទៀត ដើម្បីឱ្យជនរងគ្រោះជឿជាក់គឺជាកិច្ចប្រជុំអន្តរជាតិ ។
បើតាមសមត្ថកកិច្ច គឺជនរងគ្រោះចូលរួមប្រជុំក្នុងនាមជាតំណាងវិស័យឯកជន ហើយនាយករដ្ឋមន្ត្រីសិង្ហបុរីក្លែងក្លាយបាននិយាយសរុបស្ថានការណ៍ និងអរគុណជនរងគ្រោះដែលបានចូលរួមប្រជុំ បន្ទាប់មក ជនខិលខូចម្នាក់ទៀតក៏ក្លែងខ្លួនជាមេធាវីទាក់ទងទៅជនរងគ្រោះឱ្យផ្ទេរប្រាក់ ។
គួរបញ្ជាក់ថា ជនខិលខូលបានកំណត់គោលដៅបោកប្រាស់លើអ្នកជំនួញ ឬបុគ្គលធ្លាប់មានទំនាក់ជាមួយរដ្ឋាភិបាល ហើយវិធីបោកប្រាស់របស់ពួកគេធ្វើឱ្យជនរងគ្រោះឆាប់ជឿជាក់ ។ សមត្ថកិច្ចបានណែនាំពីវិធីសង្កេតវីដេអូបង្កើតដោយបច្ចេកវិទ្យា AI ដូចជា ៖ សំឡេងនិយាយមិនត្រូវគ្នាជាមួយមាត់មនុស្ស និងសង្កេតផ្ទៃខាងក្រោយវីដេអូមានភាពមិនច្បាស់លាស់ ខុសទម្រង់ធម្មតា ដោយសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្ន ជាពិសេស ការទាក់ទងតាមអនឡាញ និងវីដេអូខល ដោយសារកម្មវិធី Deepfake អាចបង្កើតវីដេអូដូចបេះបិទ និងពិបាកសង្កេត ។
.jpg)
នាយករដ្ឋមន្ត្រីសិង្ហបុរីបានចេញសេចក្តីប្រកាសព្រមានជាសាធារណៈអំពីសកម្មភាពរបស់ក្រុមឆបោក ថារដ្ឋាភិបាលសិង្ហបុរីមិនធ្លាប់ទាក់ទងទៅពលរដ្ឋដើម្បីសុំឱ្យផ្ទេរប្រាក់, ធ្វើការវិនិយោគ ឬសុំទិន្នន័យធនាគារផ្ទាល់ខ្លួនតាមរយៈវីដេអូខល ឬទូរស័ព្ទឡើយ ៕










