មានផ្ទះធំទ្រនំខ្ពស់ មានលុយចាយមិនអស់ ក៏មិនប្រាកដថាជីវិតមានក្ដីសុខ! ថ្មីៗនេះតារាហូលីវូដដ៏ល្បី លោកស្រី Angelina Julie ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំសម្រាប់ការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ជីវិត តាមរយៈការដាក់លក់ភូមិគ្រឹះដ៏ធំស្កឹមស្កៃតម្លៃជាង 30 លានដុល្លារនៅ L.A សហរដ្ឋអាមេរិក ដើម្បីចំណាយពេលរស់នៅលើទឹកដីថ្មីដែលគេសន្និដ្ឋានថាអាចជាប្រទេសកម្ពុជា ដ្បិតតារាស្រីរូបនេះតែងលើកយកពីឈ្មោះរបស់កម្ពុជាដាក់ក្នុងផែនការជីវិតរបស់នាងជានិច្ច។
យោងតាមអត្ថបទព័ត៌មានរបស់ទស្សនាដ្តី People កាលពីសប្ដាហ៍មុនបានឲ្យដឹងថា លោកស្រី Angelina Jolie បានដាក់លក់វីឡាដ៏ប្រណីតរបស់នាងនៅទីក្រុង Los Angeles ក្នុងតម្លៃ ២៩,៨៥ លានដុល្លារ ដោយគ្រោងនឹងផ្លាស់ទីលំនៅមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកជីវិតដ៏សុខសាន្តមួយ ជាមួយក្រុមគ្រួសារ ក្រោយកូនពៅរបស់នាងឈានចូលវ័យ ១៨ ឆ្នាំ។ 
អចលនទ្រព្យដែល Jolie កំពុងដាក់លក់នេះគឺ ជាសំណង់ប្រវត្តិសាស្រ្តមួយដែលត្រូវបានសាងសង់ក្នុងឆ្នាំ 1913 មានទំហំ 1,022 ម៉ែត្រការ៉េ ហើយត្រូវបានគេរាយការណ៍ថាមានបន្ទប់គេង ៦ បន្ទប់ទឹកចំនួន១០ និងបន្ទប់ក្រោមដីចមួយ។ ភូមិគ្រឹះនេះ Angelina Jolie ទិញក្នុងឆ្នាំ 2017 ជាមួយតម្លៃ 24.5 លានដុល្លារ ក្រោយលែងលះជាមួយអតីតស្វាមី Brad Pitt។
ទោះជាយ៉ាងណាក៏ដោយជីវិតពិតមិនដូចក្នុងរឿងនិទានឡើយ ការរស់នៅក្នុងផ្ទះដ៏ធំមួយនោះពុំមែនជាជីវិតដែល Jolie ចង់បានឡើយ។ នៅក្នុងបទសម្ភាសន៍មួយចំនួន Jolie ធ្លាប់បាននិយាយថា កាលដែលរស់នៅ L.A ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺជាការបង្ខំចិត្ត ក៏ព្រោះតែវាស្ថិតកិច្ចព្រមព្រៀងលែងលះដែលតម្រូវឱ្យនាងស្នាក់នៅជិតអតីតស្វាមី ដើម្បីងាយស្រួលក្នុងការមើលថែទាំកូនៗ។

ការសម្រេចចិត្តដាក់លក់ផ្ទះនៅពេលនេះ ធ្វើឡើងស្របពេលដែលកូនពៅភ្លោះទាំងពីររបស់នាង (Knox និង Vivienne) នឹងឈានចូលវ័យ ១៨ ឆ្នាំ នៅខែកក្កដា ឆ្នាំ២០២៦ ខាងមុខ ដែលនេះនឹងអនុញ្ញាតឱ្យនាងមានសេរីភាពពេញលេញក្នុងការចាកចេញពីសហរដ្ឋអាមេរិក ចាកចេញពីកន្លែងដែលផ្ដល់ឲ្យនាងនូវសម្ពាធផ្លូវចិត្ត និងបាត់បង់នូវសិទ្ធិសេរីភាពផ្ទាល់ខ្លួន។
ក្នុងបទសម្ភាសន៍ជាមួយ WSJ កាលពីលើកមុន Angelina Jolie ធ្លាប់បាននិយាយថា ក្រោយពីឈប់រស់នៅសហរដ្ឋអាមេរិក លោកស្រីចង់រស់នៅកន្លែងណាដែលមានភាពស្មោះត្រង់ និងសេរីភាពក្នុងការដើរហើរ ដែលកម្ពុជាគឺជាទីកន្លែងដែលលោកស្រីមានអារម្មណ៍ថាជា “ផ្ទះទីពីរ” ដ៏មានសេចក្តីសុខបំផុត។ កត្តាដែលសំខាន់ គឺកម្ពុជាជាស្រុកកំណើតរបស់កូនប្រុសច្បង Maddox ហើយលោកស្រីចង់ឱ្យកូនៗបានយល់ដឹងពីវប្បធម៌ និងឫសគល់របស់ពួកគេឱ្យកាន់តែស៊ីជម្រៅនៅទីនោះ។
សូមជម្រាបថា កាលពីដើមខែមេសា ឆ្នាំ២០២៦ លោកស្រី Angelina Jolie បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា និងបានជួបសំណេះសំណាលគ្នាជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍របស់កម្ពុជាផងដែរ។ ការណ៍នេះត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃគម្រោងរបស់លោកស្រីក្នុងការផ្លាស់ទីលំនៅមករស់នៅប្រទេសកម្ពុជា បន្ទាប់ពីការប្រកាសដាក់លក់វីឡារបស់នាងនៅសហរដ្ឋអាមេរិក៕










