បវរកញ្ញា ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា រួមទាំង ហុក សារិតុលា បានបង្ហាញខ្លួននៅក្នុងតំបន់ក្តៅដែលទាហានថៃដាក់ទូរកុងតឺន័រនៅលើទឹកដីកម្ពុជានៅក្នុងខេត្តពោធិ៍សាត់។ ប៊ី សុធារី និង ចន សុទីម៉ា បានប្រើប្រាស់សំឡេងរបស់ខ្លួនជាភាសាអង់គ្លេសបង្ហាញទៅកាន់អន្តរជាតិចំពោះទង្វើរបស់ទាហានថៃ ខណៈ ប៊ី សុធារី បានពោលពាក្យយ៉ាងរំជួលចិត្តនិងស្រក់ទឹកភ្នែកនៅចំពោះមុខកងទ័ព។

នៅថ្ងៃទី៥ ខែឧសភា បវរកញ្ញា ប៊ី សុធារី បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «យើងចង់បានសន្តិភាព និងចង់បានទឹកដីរបស់យើងត្រឡប់មកវិញ»។ បវរកញ្ញារូបនេះរួមទាំង ចន សុទីម៉ា បានឈរនៅចំពីមុខទូរកុងតឺន័រដែលទាហានថៃព័ន្ធយកដីខ្មែរដោយខុសច្បាប់និងបានបង្ហាញឆន្ទៈនិងភាពស្មោះត្រង់របស់ខ្លួន។ អ្នកទាំងពីរ បានប្រើប្រាស់ជំនាញជាភាសាអង់គ្លេសបង្ហាញទៅកាន់មិត្តអន្តរជាតិដោយបានសួរពីចំណាប់អារម្មណ៍គ្នានៅពេលឃើញទិដ្ឋភាពបែបនេះផ្ទាល់ភ្នែក។ 
ក្រៅពីបង្ហាញទៅកាន់មិត្តអន្តរជាតិថាប្រទេសកម្ពុជាចង់បានសន្តិភាព ចង់រស់នៅស្ងប់សុខ និងការរស់នៅប្រកបដោយភាពរីករាយ ប៊ី សុធារី បានពោលពាក្យអរគុណទាំងទឹកភ្នែកនៅចំពោះមុខទាហានដែលឈរជើងនៅទីនោះ។ ប៊ី សុធារី បាននិយាយថានាងពិតជាដឹងគុណចំពោះវីរកងទ័ពដែលហ៊ានលះបង់ខ្លួនដើម្បីការពារទឹកដី ការពារប្រជាជនឱ្យរស់នៅដោយគ្មានភាពភ័យខ្លាច។ ក្រៅពីពាក្យអរគុណ ប៊ី សុធារី ថានាងនឹងដឹងគុណអស់មួយជីវិតចំពោះវីរភាពរបស់កងទ័ពជួរមុខ ដោយសង្ឃឹមថានឹងទទួលបានសន្តិភាពត្រឡប់មកវិញហើយកងទ័ពអាចនឹងជួបគ្រួសារវិញ។
នេះមិនមែនជាលើកទី១នោះទេដែល ប៊ី សុធារី បានចេញវីដេអូទាក់ទងនឹងទង្វើឈ្លានពានរបស់ទាហានថៃ។ គេចាំបានថាដោយសារតែការឈឺចាប់និងការឈឺឆ្អាលទៅលើអ្នកលក់មួយចំនួនដែលនៅបន្តនាំទំនិញថៃចូលមកកម្ពុជា ប៊ី សុធារី ក៏ត្រូវអ្នកលក់មួយចំនួនប្រតិកម្មនិងផ្ទុះរឿងរសើបជាមួយនឹងម្ចាស់ប្រ៊េន ឡាកាម៉ូ ផងដែរ៕










